រឿងពិតនៃ​ជីវិត​​កម្មករ​​សំណង់​​ម្នាក់​ដែល​​ធ្លាក់​​ខ្លួន​ទៅជាជន​ពិការ​​ដៃ​ទាំង២​​ ធ្វើ​ការងារ​​អ្វីលែង​​​កើត​​នោះ ​ពេល​នេះ​​​​​សល់​​តែទឹក​​ភ្នែក​​រៀបរាប់​​ប្រាប់​កោះសន្តិភាព​​​​​ថា ប្រពន្ធ​​បានសុំលែង​​​ព្រោះតែ​​​ខ្លួន​អស់​​លទ្ធភាព​​​​រក​ប្រាក់​​ចិញ្ចឹម​​​​ប្រពន្ធកូន​ ។ ​កម្មករ​សំណង់​​រូបនេះ​​ឈ្មោះ​​យុន សុខលាភ​ ​​​​អាយុ​​២១ឆ្នាំ រស់នៅ​​ភូមិ​ត្រាពាំង​​វែង សង្កាត់​​ស្រយ៉ូវ​​ ​ក្រុង​ស្ទឹងសែន​​​ ។​

កម្មករ​សំណង់យុន សុខលាភ  និយាយ​ទាំង​​ទឹក​មុខស្រងូតស្រងាត់និងទឹកភ្នែកហូររហាមថា  ជីវភាព​ក្នុងគ្រួសារ​របស់គេ​ទាំង​ឪពុកម្តាយ និង​កូន​ គ្មាន​អ្វីក្រៅពីដើរ​ស៊ីឈ្នួលគេទេ។ ​​ដើម​ឡើយ​​ដីស្រែមានតិចតួចនឹងគេដែរ ​ប៉ុន្តែ​ដោយ​ជំងឺ​រុក​រាន​ ​និង​ខ្វះខាត​ក្នុងជីវភាព​គ្រួសារផង​ក៏លក់​អស់​ទៅ រហូតដល់សព្វថ្ងៃទាំងឪពុក​ម្តាយ​និង​កូនៗព្រាត់ប្រាសនិរាសគ្នា ខ្លះទៅធ្វើការ​ជាកម្មករ​សំណង់ ខ្លះបេះបន្លែផ្លែ​ឈើលក់ ​ខ្លះ​ស៊ី​​ឈ្នួល​​ចាំចម្ការ​ឱ្យ​គេ ។ នៅឆ្នាំ២០០៧ ខ្លួន​ពេញ​វ័យ​អាយុ១៩​ឆ្នាំ ត្រូវ​បាន​ឪពុក​ម្តាយ​ផ្សំផ្គុំឱ្យ​មាន​គូស្រករជាមួយនាងពិន​ ស៊ីនិត នៅភូមិ​​បល្ល័ង្ក​​កើត សង្កាត់​ដំរីជាន់ខ្លា ក្រុង​ស្ទឹង​សែន ។

ចំណង​អាពាហ៍​ពិពាហ៍​រវាង​រូប​គេ​និង​នាង ពិន ស៊ីនិត មានភាព​ល្អូកល្អឺន​នឹង​គ្នាណាស់ បើ​ទោះបីជាជីវ​ភាព​គ្រួសារ​ពួកគេ​​ក្រីក្រ​ក៏ដោយ​ក៏មិន​ដែលចេះ​រកាំរកូស​នឹង​គ្នាឡើយ ។ ជីវិត​អាពាហ៍​ពិពាហ៍​រំលង​តែ១ឆ្នាំ​​​ ពួក​គ​បាន​កូនប្រុសម្នាក់​​​នៅ​ក្នុងឆ្នាំ​២០០៨ ដែល​មក​ដល់​ពេល​នេះកូន​​​ប្រុស​មាន​អាយុជាង​៣ឆ្នាំហើយ ។

យុន សុខលាភ បាន​បន្តថា  ពេល​ប្រពន្ធ​សម្រាល​កូន​បានប្រហែល៣ខែ ខ្លួនក៏ចាក​ចេញ​ពី​ផ្ទះមកភ្នំពេញដើម្បីរកការងារ​ធ្វើជា​កម្មករ​​សំណង់​ដើម្បីបានប្រាក់យកទៅផ្គត់ផ្គង់​ប្រពន្ធកូន​ខ្ចី តែកម្មអកុសល ធ្វើកម្មករ​សំណង់​ទើប​បាន​១​ខែ​នៅម្តុំអូរ​បែកក្អម រាជ​រាជធានីភ្នំពេញ​ ក៏​ត្រូវ​ខ្សែ​ភ្លើង​ឆក់ធ្លាក់ពីលើការដ្ឋានបណ្តាលឱ្យ​រងរបួស​យ៉ាង​ធ្ងន់​​ ត្រូវបាន​សាច់​ញាតិដឹក​ទៅសង្គ្រោះ​នៅ​មន្ទីរ​ពេទ្យព្រះកុសុមៈ ហើយ​ភរិយា​បាន​ទៅ​កំដរ​មើលថែរហូតដល់ជាសះស្បើយ ។ ប៉ុន្តែអ្វីដែល​ប្រឈមនោះគឺដៃខាង​ស្តាំ​ត្រូវកាត់​ត្រឹមកំភួន​ដៃ​ និងដៃខាងឆ្វេងពិការទាំងស្រុង បើទោះបី​គ្រូ​ពេទ្យមិនកាត់ចោល​ក៏ដោយ ។

គ្រោះ​ថា្នក់នេះ​ បាន​រួច​ផុតពី​សេចក្តីស្លាប់​ក៏​ពិត​មែន ​តែដៃទាំងទ្វេ​លែងប្រើប្រាស់​​អ្វីបាន​ទាំង​អស់​ សូម្បីតែកាន់​ស្លាប​​ព្រាហូប​បាយទឹកក៏​មិន​កើត ដូច្នេះ​ជីវិត​គេ​ពិត​ជារស់គ្មានន័យ ហើយកាន់​​តែគ្មាន​ន័យ​ទៀត​នោះគឺពេលនេះប្រពន្ធ​សុំ​លែង ។ ពេលរបួស​ជា​សះស្បើយ​ រូប​គេក៏បាន​​វិលត្រឡប់ទៅ​រស់នៅឯ​ផ្ទះ​ខាងប្រពន្ធ​វិញ ​និង​ត្រូវ​បាត់​បង់ការងារ​​ធ្លាក់​ខ្លួន​ពិការ​​នៅ​តែ​ផ្ទះ​មើល​កូន​ហើយ​ចាត់ទុក​ថាជា​ព្រហ្មលិខិតបានកំណត់ឬក៏ជាបាបកម្ម​ពីអតីត​​ជាតិ ។ រូប​គេអាណិត​ប្រពន្ធ​វិញទេ ដែលនាង​ជា​ស្រ្តីមានប្តី​មាន​កូនហើយ​បែរ​ជាយកខ្លួនខំដើរ​រក​ការ​ងារធ្វើ​ស៊ីឈ្នួល​បោក​គក់​ខោអាវឱ្យ​គេដើម្បី​បាន​ប្រាក់​មក​ចិញ្ចឹម​ប្តីនិង​កូន​នោះ ។

ការរស់នៅក្នុងស្ថានភាពគ្រួសារបែបនេះ ​មាន​រយៈ​ពេល​ជាង៤ឆ្នាំមកហើយ ហើយ​បើ​ទោះ​បីជាលំបាក​វេទនាយ៉ាងណាក៏ពួកគេ​មាន​សេចក្តីសុខដែរ ។ ស្រាប់តែមកដល់ក្នុង​អំឡុង​ខែ​ឧសភា​ ​និង​មិថុនា​ ២០១២  ប្រពន្ធចេះតែ​ទទូច​​សុំគេ​លែង ។ គ្រាន់តែឮ​ពាក្យប្រពន្ធថា​សុំលែង គេធ្លាក់ថ្លើមនិងស្ទើរ​តែ​មិនចង់ជឿ ព្រោះ​តាំង​ពី​​​​រូបគេ​ចាប់ដៃគ្នាជាប្តីប្រពន្ធ​ក្រលំ​បាក​វេទនា​ស៊ី​អត់​ស៊ី​ឃ្លានរហូតដល់​មាន​កូនម្នាក់​ទៀតនោះ​មិន​​​ដែល​​​ជួប​រឿង​​​បែបនេះ​​​ទេ  ។ ​ប្រពន្ធ​បានបញ្ជាក់ថា យើងទាំង​ពីរនាក់​អស់​កម្ម​អស់ពៀរ​នឹង​គ្នាត្រឹមនេះចុះ ដើម្បី​ទុក​ពេល​ឱ្យ​គេ​រក​អនា​គត​ថ្មី។ បន្ទាប់ពីទទួលបានពាក្យសុំលែង​ដែល​នឹកស្មានមិន​ដល់នោះ គេក៏មិន​ជំទាស់​ដែរ​ហើយ​បានវេចបង្វេចចុះ ​ដោយគ្មានយកអ្វីក្រៅ​តែ​ពី​​សម្លៀក​បំពាក់ផ្ទាល់ខ្លួនប៉ុណ្ណោះ ព្រោះ​គេ​បាន​យល់ឃើញថា ការរស់នៅជាប្តីប្រពន្ធ​របៀប​នេះវាពិតជាខាងស្រីពិបាកពេកហើយ​​ ហើយ​អនាគត​ពិតជាមិនអាច​ងើបផុតពី​ភាព​ក្រតោក​យ៉ាកដូច​សព្វថ្ងៃនេះឡើយ ។

យុន សុខលាភ​ បន្តថា ការ​ស្ពាយបង្វេចចុះ​ចេញពីផ្ទះខាងស្រីមិនធ្ងន់ធ្ងរ​ទេ តែអាណិតកូន​ដែលមិនទាន់ដឹងក្តីសោះនោះ​ ​គេរស់​ក្នុងភាព​និរាស​ឪពុក​ ។ ក្រោយពីស្ពាយ​បង្វេច​មកដល់ផ្ទះ  ឪពុក​​​ម្តាយ​វិញ​អារម្មណ៍របស់គេ​ហាក់​ដូច​ជា​មាន​ភាពប្រែប្រួល ​ពោលគឺ​មិនចង់រស់​ទាល់​តែ​សោះ​ ហើយ​តែងតែ​ព្យាយាមរកវិធីសម្លាប់ខ្លួន តែ​ការ​ប៉ុនប៉ង​នោះ​ត្រូវ​បានសាច់ញាតិតាម​រារាំង​​និង​អង្វរករ​លួង​លោម​ហើយ​ក៏នឹកឃើញ​អាណិត​កូន​និងឪពុក​ម្តាយ​ដែលខំបី​បាច់ថែរក្សាតាំងពី​តូច​មក ​​​។ ​ ពេល​នេះ​ទោះបីធ្លាក​់​ខ្លួន​​ពិការ ប្រពន្ធ​សុំលែង​យ៉ាងនេះ​ក៏ដោយ ​ក៏​គេ​បាន​ជ្រើសរើស​យក​ផ្លូវ​មួយ គឺទៅនៅ​បម្រើ​ព្រះសង្ឃ​ក្នុងទី​អារាម​​រៀន​ធម៌វិន័យ ដើម្បី​បន្ត​រស់​គ្រាន់​ឱ្យ​បាន​​កូនឃើញមុខ ។ ចំពោះ​ការ​មក​​នៅ​បម្រើ​ព្រះ​សង្ឃ គ្មាន​អ្វី​ក្រៅ​ពីការ​ងារយួរ​ទឹកពីស្រះដាក់​ពាង​និង​ស្រោច​ដំណាំ​ក្នុងវត្តនោះទេ តាមរយៈ​ដៃ​កំបុតខាងស្តាំ​ ព្រោះ​ដៃខាង​ឆ្វេង​ប្រើប្រាស់លែង​កើត ។

​យុន ​សុខលាភ ​និយាយ​ទៀតថា ​យ៉ាង​​ណា​ក៏​ដោយ​ការស្នាក់​នៅជាមួយព្រះ​​ធម៌​នេះ​ មិនអាច​ជួយដោះ​ស្រាយដល់ជីវភាព​​កូនប្រុសម្នាក់ដែល​កំព្រា​ឪពុក​ហើយនោះទេ ពេលនេះគេចង់​ចាក​ចេញពីវត្តដើម្បីរកការងារធ្វើ​តាម​ដែលខ្លួន​មាន​លទ្ធភាព​អាចធ្វើទៅបាន ។ ​ការងារ​ដែល​គេ​សង្ឃឹមនិងជឿជាក់​ថា​អាចធ្វើទៅបាននោះ​មាន​តែមជ្ឈមណ្ឌល​ជនពិការ​របស់​សម្តេច​អគ្គមហា​សេនា​បតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី​ទេ ដែលជាកន្លែងសម្រាប់​ផ្តល់​អនាគត​ដល់​ជន​ពិការ ។ គេក៏បានអំពាវនាវផងដែរថា មាន​តែ​សម្តេច​​តេជោ​ទេដែល​អាចជួយ​ប្រោះ​​ព្រំដល់​ជីវិត​ជន​ពិការ​ដូចជា​រូបគេ​បាន  ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]