ស្រ្តីជនជាតិ​ថៃ២​នាក់​កាល​ពីថ្ងៃទី៩ ​សីហា ​ត្រូវ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ​​សម្រេច​​ឃុំខ្លួន​ដាក់ពន្ធ​នាគារ​ជា​បណ្តោះ​​អាសន្នដោយ​ជាប់ពាក់​ព័ន្ធ​​នឹង​ការនាំ​គ្រឿង​ញៀន​​ឆ្លង​ដែន​ខុស​ច្បាប់ ។ ស្ត្រីជន​ជាតិថៃ​ពីរនាក់​នេះម្នាក់​ឈ្មោះ​​Varangkana Phumdee អាយុ២៩ឆ្នាំ ស្នាក់​នៅផ្ទះលេខ​៣៥ ផ្លូវលេខ​​២២ ​សង្កាត់​បានខ​ ខេត្តចនផង ប្រទេសថៃ ​និងម្នាក់​ទៀត​​ឈ្មោះ​ Tangboon Ketkarn អាយុ​៣១ឆ្នាំ ។ ​

គួរ​បញ្ជាក់ថា​ ​នាល្ងាចថ្ងៃទី​​៦ ​សីហា ​​ឆ្នាំ​២០១២ ស្ត្រី​ឈ្មោះ​​Varangkana​Phumdee សញ្ជាតិ​ថៃ កាន់​លិខិត​ឆ្លង​ដែន​លេខ​B6​71559 ធ្វើដំណើរ​តាមជើង​យន្ត​​ហោះលេខ​MI68 (សិង្ហបុរី)​បានរាយ​ការណ៍​ដល់​បុគ្គលិក​​ Lost and Found ​ពីការ​មិនឃើញ​វ៉ាលីស​របស់​គាត់​ដែលមាន​កន្ទុយវ៉ាលីស​លេខ LA041466​ ។ បុគ្គលិក​​ Lost and Found ​បាន​ពិនិត្យ​​មើល​ក្នុង​ប្រព័ន្ធកុំព្យូទ័​រឃើញថា ​វ៉ាលីស​នោះ​ត្រូវ​​មក​ដល់​​នៅ​​ថ្ងៃទី​៧  សីហា ​ឆ្នាំ២០១២ ​ដូច្នេះ​តម្រូវឱ្យ​អ្នក​ដំណើរបំពេញ​របាយការណ៍​ដើម្បី​​ចាំទទួល​វ៉ាលីស​ពេលមក​ដល់ ។ ​

ពេលនោះ ​លោក​វង្ស សារ៉ាន់​ ​ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ អាកាសយាន​ដ្ឋានអន្តរ​​ជាតិភ្នំពេញ​ ​ដែល​​​កំពុង​​នៅ​ចំណុច Lost and Found បាន​សង្ស័យ​លើ​របាយ​ការណ៍​របស់អ្នក​ដំណើរ​ជន​ជាតិ​ថៃ​នេះ​ ហេតុ​ដូ​ច​ម្តេចបាន​ជាធ្វើដំណើរ​ចេញ​ពី​ប្រទេស​អេក្វាទ័រ​ឆ្លងកាត់​ប្រទេសឈីលី​ ប្រេស៊ីល អេស្ប៉ាញ និងសិង្ហបុរី ​មកដល់​ភ្នំពេញ​ ​ដូចនេះ​លោក​វង្ស សារ៉ាន់ ​បានឱ្យ​បុគ្គលិក Lost and Found សហការ​ជាមួយ​​សមត្ថ​កិច្ចគយ​តាម​ដាន​ពីសកម្មភាព​របស់អ្នក​ដំណើរ​នេះ​ឱ្យ​បាន​​ជាប់​និង      សម្ងាត់​​បំផុត ។

លុះ​នៅថ្ងៃទី​៧ សីហា ​ឆ្នាំ​២០១២ ​វេលា​ម៉ោង​១១និង​៤០​នាទី​ ​តាម​ជើង​​យន្តហោះ​លេខ​MI622​(សិង្ហបុរី​-ភ្នំពេញ​) អ្នក​ដំណើរ​ឈ្មោះ Varangkana Phumdee ​បាន​មក​​ទទួលយក​វ៉ាលីស​ពីចំណុច Lost and Found ​ពេលនោះ ​មន្រី្តគយ​និងរដ្ឋាករ​បាន​ឱ្យ​អ្នកដំណើ​រយក​​​​​​វ៉ាលីស​ចូលក្នុង​បន្ទប់គយ ​ដើម្បី​ត្រួត​ពិនិត្យ​​។ ​មន្រី្ត​គយនិង​រដ្ឋាករ បាន​ត្រួតពិនិត្រ​សម្ភារ​ក្នុង​វ៉ាលីស​ពុំឃើញ​មាន​​អ្វីគួរ​ឱ្យ​សង្ស័យ​ទេ ​ប៉ុន្តែកត់​សម្គាល់ឃើញ​ជញ្ជាំង​សម្បក​​វ៉ាលីស​មាន​សភាព ​រឹងនិងក្រាស់​ខុសពី​ធម្មតា​ ​ដូចនេះ​ក៏​ឱ្យ​អ្នក​ដំណើរ​វះ​​ស្រទាប់​ក្រណាត់ជញ្ជាំង​សម្បក​​វ៉ាលីស​ ឃើញ​មាន​ដុំរាង​ជា​បន្ទះ​ស្រោប​ក្រដាស​​អាលុយ​មី​ញ៉ូម​ចំនួន​​៦ដុំ ​ពាសដោយ​បន្ទះ​សង្ក័សី​ពណ៌​ស ​ហើយ​ពេល​​បើក​ដុំរាង​ជាបន្ទះ​ទាំង​នោះ​ឃើញ មាន​ថង់​ពណ៌​ខ្មៅផ្ទុក​ម្សៅ​​ពណ៌ស ។ ដោយសង្ស័យ​ជា​សារ​​ធាតុ​ញៀ​ន​​ មន្រ្តីគយ​និងរដ្ឋាករ​បាន​បង្កើត​​គណៈ​កម្មការ​ដើម្បី​ធ្វើកោសល្យ​វិច័​យ ។

មន្រ្តីគយ​និងរដ្ឋាករ​ បានធ្វើតេស្ត​ជំហាន​ដំបូង​ដោយ​ប្រភេទ Cobalt Thiocyanate​​​​​​​ចំពោះ​មុខ​អ្នកដំណើរ​ ឃើញលទ្ធ​ផល​ឱ្យ​ពណ៌​ជាកូ​កាអុីន​។ លោកស៊ិន ​​ណៃទុយ មន្រី្តនគរ​បាល​​ប្រឆាំង​គ្រឿង​ញៀន​បាន​ធ្វើកោសល្យ​វិច័យ​បន្ថែម​ឃើញលទ្ធ​ផលជាកូកា​អីុន​និងថ្លឹង​ដោយ​ម៉ាស៊ីន​​ម៉ាក SHIMADZU​ UW8200S ​​មាន​ទម្ងន់​​៣.៧០៤​ក្រាម​(បីពាន់ប្រាំពីរ​រយបួន​ក្រាម)​រួម​ទាំង​សម្បក​វេចខ្ចប់។ ​

បន្ទាប់មក​គណៈ​កម្មការ​បាន​​បក​សម្បក​​វេចខ្ចប់ទាំ​ង​៦ដុំហើយ​ថ្លឹងម្សៅ​កូកា​អុីន​សុទ្ធ​មាន​ទម្ងន់៣៦០៦,៦​ក្រា​ម។ ក្រោយ​ពី​ឃាត់​ខ្លួន សមត្ថ​កិច្ចគយ​​ព្រលាន​យន្ត​ ហោះ​​បាន​ប្រគល់​ស្រ្តី​ថៃ​ម្នាក់នោះ ឱ្យ​ទៅ​នគរ​បាល​​មន្ទីរ​ប្រឆាំង​គ្រឿង​​ញៀន​​ចាត់ការ​បន្ត​ ពេលនោះទើប​​ចាប់​ខ្លួន​​ស្រ្តី​​ជន​​ជាតិ​ថៃម្នាក់​​ទៀត​ ​ហើយ​បញ្ជួនទៅ​កាន់សាលា​ដំបូង​រាជធានី​​ភ្នំពេញ​​តាមនីតិវិធីច្បាប់ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]