ភ្នំពេញ៖ ពិធីការិនីកូនមួយ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន អ្នកនាង សុខ សោម៉ាវត្តី ក្រោយពីបានរៀបការ និងក្លាយខ្លួនជាម្តាយ របស់គេមក ទស្សនិកជន ហាក់សង្កេតឃើញ នាងមានការប្រែប្រួល ទាំងចិត្តគំនិត និងការតុបតែងខ្លួន មើលទៅដូចជា ចាស់ទុំច្រើនជាងមុន ហើយមិនតែប៉ុណ្ណោះ អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ខ្លាំងនោះ គឺថ្មីៗនេះនាងបាន បង្ហាញពីទំហំចិត្ត ការស្រលាញ់រវាងនាង និងម្តាយ ដោយនាងបានទម្លាយ ជាសាធារណៈថា នៅក្នុងឆាកជីវិតនាង អ្នកដែលស្រលាញ់ បារម្ភ ពីនាងទាំងយប់ទាំងថ្ងៃ គឺមានតែអ្នកម្តាយរបស់នាង ម្នាក់ប៉ុណ្ណោះ ។

តារាស្រីដែលកំពុងតែហ៊ុមព័ន្ធ ទៅដោយមន្ទិលសង្ស័យថា លួចលាក់លែងលះ ជាមួយស្វាមីស្ងាត់ៗ អ្នកនាង សុខ សោម៉ាវត្តី មួយរយៈនេះហាក់ មានភាពស្ងប់ស្ងាត់ ហើយនាងក៏មិនសូវបង្ហាញ កាយវិការស្រលាញ់ ថ្នាក់ថ្នមនិងភាពល្អូកល្អើន ជាមួយស្វាមីនិងកូនរបស់នាង ដូចពេលមុនទៀតដែរ ។ ប៉ុន្តែជុំវិញរឿងរ៉ាវនាងនិង ស្វាមីត្រូវបាននាង ព្យាយាមលាក់បាំង ជារឿងសំងាត់ ហើយយូរៗម្តង នាងក៏ទម្លាយសារ បែបខូចចិត្តមួយៗបង្ហោះនៅលើ Facebook ដែលធ្វើឲ្យទស្សនិកជនគិតថា ការបង្ហោះសារដែលមានន័យ ប្លែកៗរបស់នាង គឺជាចេតនាចង់ដើម្បី បន្ធូរអារម្មណ៍ឈឺចាប់ ។

កន្លងមកតារាស្រីវ័យ ក្មេងស្រស់ស្អាត នាង សុខ សោម៉ាវត្តី តែងតែទម្លាយ ភាសាស្នេហ៍ផ្អែមល្ហែម ជាមួយស្វាមីមិនដាច់ទេ ដោយនាងតែងតែ និយាយពោលថា នាងស្រលាញ់ស្វាមី ហើយស្វាមីនាងស្រលាញ់នាង បង្អួតអ្នកគាំទ្រ តែក្រោយពីលេចឮព័ត៌មានថា នាងបានលែងលះជាមួយស្វាមីមក ថ្មីៗនេះនាងបែរជា សរសេរសារមួយ រៀបរាប់ពីទំហំចិត្តស្រលាញ់ របស់អ្នកម្តាយនាង ដែលមានចំពោះនាងអួតប្រាប់ អ្នកគាំទ្រដោយសរសេរ ចោទជាសំនួរសួរឆ្លើយខ្លួនឯងថា « តើនរណាហ្ន៎! ស្រលាញ់យើងស្មើជីវិត?? ប្រាប់ត្រង់ទៅចុះថា «ម៉ែខ្ញុំ» តើនរណាហ្ន៎! ស្រលាញ់យើងរាល់ថ្ងៃយប់?? គឺ «ម៉ែខ្ញុំ» ទៀត ម៉ែនេះឯង ដែលមានក្ដីស្រលាញ់ មិនចេះរឹងស្ងួត»។

ជាធម្មតាសម្រាប់ អ្នកម្តាយគ្រប់រូប រមែងតែងតែមានក្តី ស្រលាញ់មិនចេះប្រែប្រួល និងមានព្រហ្មវិហារធម៌ ចំពោះកូនប្រុសស្រីគ្រប់ៗរូប ហើយទឹកចិត្តស្រលាញ់ របស់អ្នកម្តាយគ្រប់គ្នា គឺធំធេងណាស់ ទាល់តែនារីគ្រប់រូបបាន ក្លាយខ្លួនជាម្តាយគេ តួយ៉ាងដូចជា សុខ សោម៉ាវត្តី ពេល បានក្លាយខ្លួនជាម្តាយគេហើយ ទើបដឹងពីទំហំចិត្ត ម្តាយស្រលាញ់កូន មិនអាចកាត់ថ្លៃបានកម្រិតណា ។ ហេតុនេះតាមរយៈសារខ្លី បង្កប់ទៅដោយអត្ថន័យ នៃក្តីស្រលាញ់របស់តារាស្រីរូបនេះ អាចធ្វើឲ្យយុវវ័យមួយចំនួន បានយល់និងដឹងពី ទំហំចិត្តស្រលាញ់របស់ម្តាយគ្រប់រូប ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សុខ សោម៉ាវត្តី