តារា​កំប្លែង​យាយ​អឿន បាន​រង​របួស​ថ្លោះ.ក ខណៈ​ពេល​ចេញ​ពី​លេង​កំប្លែង​​កូន​បើក​​​រថយន្ត​ជូន​ត្រឡប់​​ទៅ​ផ្ទះ​វិញ ត្រូវ​រថយន្ត​ដឹក​ផ្លែ​ឈើ​​មួយ​គ្រឿង​ធ្លាក់​​ជង្ហុក​​រេ​ចង្កូត​ទៅ​បុក​​រថយន្ត​របស់​គាត់​ពេញ​ទំហឹង កាល​ពីវេលា​ម៉ោង​​៩​និង​៥០​នាទី​យប់​ថ្ងៃទី​១១ សីហា ​តាម​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​ភូមិ​ក្តី​តាកុយ ​សង្កាត់​វាល​ស្បូវ ខណ្ឌ​មាន​ជ័យ ។

បើ​តាម​សម្តីរបស់តារា​កំប្លែង​​ឈ្មោះ​សួន សំអឿន ហៅ​យាយ​អឿន អាយុ​៦១​ឆ្នាំ ​ជា​តារា​កំប្លែង​​​ប្រចាំ​នៅ​ក្រុម​​​នាយ​កុយ ​ស្នាក់​នៅ​ភូមិ​ព្រែក​ធំ សង្កាត់​ក្បាល​កោះ ខណ្ឌ​មាន​ជ័យ ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ត្រូវ​បាន​កូន​ប្រុស​ឈ្មោះ​ ច សុជាតិ ​ភេទប្រុស អាយុ​៣២​ឆ្នាំ ជា​អ្នក​​បើក​​រថយន្ត​កាមរី​ឆ្លាម​ ពណ៌ខ្មៅ ជូន​មក​ពី​សម្តែង​​នៅភោជនីយ​ដ្ឋាន​បុប្ផា​ជាយ​ដែន​ ដែល​មាន​ទីតាំង​​នៅ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​ក្នុងគោល​បំណង​​ត្រឡប់​ទៅ​ផ្ទះវិញ ។

តារា​​កំប្លែង​​រូប​នោះ​បាន​បន្ត​ទៀតថា ​ខណៈ​​មក​ដល់​ចំណុច​កើតហេតុ​ខាង​លើ ស្រាប់តែ​​មាន​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ​ពណ៌ស ​ដឹក​ផ្លែ​ឈើ​​បើក​បញ្ច្រាស​ទិស​គ្នា​ធ្លាក់​ជង្ហុក​​ដាច់​កាឡេ​រេ​ចង្កូត​​ពេញ​ផ្លូវ​​ទៅ​បុក​រថយន្ត​របស់​គាត់​​ពេញទំហឹង បណ្តាល​ឱ្យ​​​បែក​ចង្កៀង ​និង​បោក​យាយ​អឿន​នៅ​​ក្នុង​រថយន្ត​ប៉ះ​នឹង​ទ្វារ​ថ្លោះ.កតែម្តង។ ក្រោយ​ពេល​កើតហេតុ​​យាយ​អឿន​បាន​ទាមទារ​សំណង​​ដើម្បី​យក​ទៅ​ជួសជុល​​រថយន្ត និង​ព្យាបាល​​របួស​ តែ​អ្នក​បើក​រថយន្ត​​​បង្ក​មិន​អាច​ចរចា​ជា​មួយ​ថៅកែ​​បាន​​ដោយ​សារ​យប់​ជ្រៅ​ពេក ក៏​ត្រូវ​សមត្ថ​កិច្ច​ស្ទូច​យក​រថយន្ត​ទាំង​ពីរ​​ទៅរក្សា​ទុក​នៅអធិ​ការ​ដ្ឋាន​​ខណ្ឌ​មាន​ជ័យ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]