អ៊ីរ៉ាក់៖ ទីបំផុតក្មេងប្រុសម្នាក់ ដែលយកថង់ប្លាស្ទិក មកច្នៃធ្វើជាអាវ ដែលមានឈ្មោះកីឡាករ Lionel Messi យកមកពាក់ និងបានធ្វើឲ្យមនុស្សជាច្រើន ជុំវិញពិភពលោក មានការរំជួលចិត្តខ្លាំងនោះ ពេលនេះត្រូវបានគេ រកឃើញហើយ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្មេងប្រុសម្នាក់ដែល បានយកថង់ប្លាស្ទិក មកច្នៃធ្វើជារូបរាង ដូចទៅនឹងលក្ខណៈ អាវក្រុមជម្រើសជាតិ របស់ប្រទេសអាហ្សង់ទីន ដែលអមដោយឈ្មោះ និងលេខរបស់កីឡារ Lionel Messi នោះ ពេលនេះត្រូវបានគេរកឃើញហើយ ដោយក្មេងប្រុសនេះ គឺជាកូនរបស់កងកម្លាំងម្នាក់ ដែលកំពុងប្រយុទ្ធជាមួយ នឹងក្រុមឥស្លាមជ្រុលនិយម ISIS។

ប្រភពដដែលនេះ បានបញ្ជាក់បន្ថែមថា ក្មេងប្រុសម្នាក់នោះ មានឈ្មោះ Human Ali Ahmed មានអាយុ១០ឆ្នាំ ជាជនជាតិ Kurdish រស់នៅក្នុងភូមិ Qasara នៃទីក្រុង Dohuk ដែលជាផ្នែកមួយ នៃប្រទេសអ៊ីរ៉ាក់ ផងដែរ។


រូបថតពេលដែល Human ពាក់អាវធ្វើពីថង់ប្លាស្ទិក

Human រស់នៅក្នុងផ្ទះល្វែង ដ៏ទ្រុឌទ្រោមមួយ ជាមួយនឹងបងប្អូន ប្រុសស្រីរបស់គេ៣នាក់ និងឪពុករបស់គេម្នាក់ទៀត ដែលមានឈ្មោះថា Ali Ahmed អាយុ៣៤ឆ្នាំ និងមានតួនាទីជា កងកម្លាំងសន្តិសុខម្នាក់ ដែលប្រយុទ្ធប្រឆាំង ជាមួយនឹងក្រុម ឥស្លាមជ្រុលនិយម ISIS នៅក្នុងតំបន់មជ្ឈឹមបូព៌ា។

ជុំវិញមួលហេតុ ដែលធ្វើឲ្យ Human យកថង់មកពាក់ជំនួសអាវ នោះត្រូវបានគេបញ្ជាក់ថា “ដោយសារខ្ញុំស្រលាញ់ កីឡាករ Lionel Messi ខ្លាំងពេក តែជីវភាពគ្រួសាររបស់ខ្ញុំក្រ មិនអាចទិញអាវ មែនទែនបាន ដូច្នេះហើយខ្ញុំមានតែ រកថង់ប្លាស្ទិក មួយមកច្នៃជាមួយ នឹងបងស្រីរបស់ខ្ញុំ ដើម្បីឲ្យមើលទៅដូច អាវមែនទែនមួយប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត រាល់ថ្ងៃនេះខ្ញុំ ចំណាយពេល៣ម៉ោង ដើម្បីព្យាយាម និងធ្វើត្រាប់តាម ជំនាញដ៏អស្ចារ្យរបស់ Messi ទៀតផង”។

យ៉ាងណាមិញ ពេលនេះ Human ទទួលបានអាវពិសេសមួយ ដែលមានឈ្មោះរបស់ កីឡាករ Messi ក្នុងឯកសណ្ឋានប្រចាំក្លឹប Barcelona ហើយកាដូមួយនេះ ពិតជាធ្វើឲ្យគេ រីករាយខ្លាំងមែនទែន៕


Human នៅពេលដែល ទទួលបានអាវថ្មីស្រឡាង របស់ក្លឹបបាល់ទាត់ Barcelona ដែលមានឈ្មោះ Messi

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]