អង់គ្លេស៖ ព័ត៌មានដ៏រសើបមួយ កំពុងទទួលបានការ ចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មនុស្សជាច្រើន ដែលស្នេហាវិស័យកីឡាបាល់ទាត់ ហើយជាពិសេសនោះ គឺអ្នកគាំទ្រក្រុមបិសាចក្រហម Manchester United ផ្ទាល់តែម្តង បន្ទាប់ពីមាន ការលេចឮដំណឹងថា លោក Louis Van Gaal គ្រូបង្វឹករបស់ក្លិបមួយនេះ បានស្នើលាលែងពីតំណែង។

យោងតាមប្រភពព័ត៌មាន និងកាសែតកីឡាធំៗជាច្រើន បានឲ្យដឹងថា លោក Louis Van Gaal គ្រូបង្វឹកប្រចាំក្លិបបិសាចក្រហម Manchester United របស់ប្រទេសអង់គ្លេស បានធ្វើការផ្ញើលិខិត សុំលាឈប់ពីតំណែង ទៅកាន់អនុប្រធានប្រតិបត្តិការ របស់ក្លិប គឺលោក Ed Woodward ក្រោយពីក្រុមរបស់លោក ទទួលរងបរាជ័យ ក្នុងការប្រកួតជាមួយនឹងក្លិប Southampton កាលពីថ្ងៃអាទិត្យសប្តាហ៍មុននេះរួចមក។

យ៉ាងណាមិញ មកទល់ពេលនេះ ក្លិបបិសាចក្រហម Manchester United មិនទាន់មាន ប្រតិកម្មណាមួយជាផ្លូវការ នៅឡើយនោះទេ តែនាពេលថ្មីៗនេះ សម្ពាធជាច្រើនត្រូវបានធ្លាក់មកលើគ្រូបង្វឹក លោក Louis Van Gaal ពោលគឺពីសំណាក់ ក្លិបបាល់ទាត់ ក្រុមកីឡាករ ជាពិសេសគឺអ្នកគាំទ្រ ផ្ទាល់តែម្តង។


Louis Van Gaal គ្រូបង្វឹករបស់ក្លឹប បិសាចក្រហម Manchester United

ទោះជាយ៉ាងណាក្តី ក្រុមអ្នកវិភាគ ជឿជាក់ថាលោក Louis Van Gaal នៅមិនទាន់អាចចាកចេញពីក្លិប បានភ្លាមៗនោះទេ ព្រោះថាក្រុមប្រឹក្សា របស់ក្លិបនៅមិនទាន់អស់ទំនុកចិត្ត លើរូបលោកនៅឡើយ។

គូសបញ្ជាក់ផងដែរថា នាពេលថ្មីៗនេះ មានពាក្យចចាមអារ៉ាម ជាច្រើនជុំវិញបេក្ខភាព បន្តតំណែងពីលោក Louis Van Gaal ប្រសិនណាបើ គាត់លាឈប់មែន ក្នុងនោះតួឯកដ៏សំខាន់ គឺលោក Jose Mourinho អតីតគ្រូបង្វឹកក្រុម Chelsea ឬ អតីតកំពូលកីឡាករ ប្រចាំក្លឹប Manchester United គឺលោក Ryan Giggs អាចនឹងចូលមកជំនួសតំណែងលោក Van Gaal៕


លោក Jose Mourinho អតីតគ្រូបង្វឹក ក្លឹបបាល់ទាត់ Chelsea

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]