នារីវ័យ​ក្មេង​​ម្នាក់​បាន​ស្លាប់​​ភ្លាមៗ​នៅ​នឹង​កន្លែង​ ឯ​២​នាក់​ទៀត​រង​របួស​ធ្ងន់ និង​ស្រាល​ ខណៈ​ពេល​​ដែល​ពួក​គេ​ជិះ​ម៉ូតូ​ឌុប​មួយ​​គ្រឿង​ប៉ះ​ដៃ​ចង្កូត​គ្នា​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​​ទៀត​ដែល​​ធ្វើ​ដំណើរ​​ស្រប​ទិស​គ្នា​ បណ្តាល​ឱ្យ​​ដួល​ខ្ទាត​​ចូល​​ទៅ​ក្រោម​កង់​រថយន្ត​ដឹក​ដី​កិន​ស្លាប់​​ និង​របួស​​ កាល​ពីវេលា​ម៉ោង​៧​និង​៤៥​នាទី​ព្រឹក​ថ្ងៃទី​១២ សីហា ២០១២ ​លើ​កំណាត់​ផ្លូវ​ជាតិលេខ​៤ត្រង់​ចំណុច​ភូមិ​អង្គ​កែវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រងគ្រោះ​ដែល​ត្រូវ​រថយន្ត​ដឹកដី​កិន​ស្លាប់​នោះ​ឈ្មោះ​សុវ៉ាត់ ​ភេទស្រី អាយុ​១៦​​ឆ្នាំ ​ជា​កម្ម​ការិនី​រោង​ចក្រ​​កាត់​ដេរ​មាន​​ទីលំនៅភូមិ​ត្បួង​ក្រពើ ឃុំ​កកោះ​ ស្រុក​​សន្ទុក​ ខេត្ត​​កំពង់​ធំ ស្នាក់​នៅ​ផ្ទះ​ជួល​ភូមិ​វាល​ សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​​​ស្ត្រី​​ម្នាក់​​ទៀត​រង​របួស​ស្រាល​ឈ្មោះ​ធី និត ​អាយុ​ជិត​២០​ឆ្នាំ មាន​ទីលំនៅ​ និង​ស្នាក់​នៅ​ជា​មួយ​គ្នា​​ ។ ​ពួក​នាង​បាន​​​ជិះ​ម៉ូតូ​​ឌុប​មួយ​គ្រឿង​ម៉ាក​ឌ្រីម​​សេ​១២៥ ពណ៌​ខ្មៅ ​បើ​​ក​ដោយ​បុរស​ម្នាក់​​ឈ្មោះ​យាក ចៀន អាយុ​៤០​​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​វាល​ សង្កាត់​កន្ទោក ​រង​របួស​ធ្ងន់​ ។ ដោយ​ឡែក​​រថយន្ត​ដឹក​ដី​ដែល​បើក​កិន​​មនុស្ស​ស្លាប់​​ ហើយ​ព្យា​យាម​​បើក​រត់​នោះ​ម៉ាក​ហ៊ីណូ ពណ៌ខៀវ ​បើក​ដោយ​បុរស​ម្នាក់​ឈ្មោះ​​ខាត់ ពន្លក អាយុ​២៥​ឆ្នាំ ​មាន​ទី​លំនៅ​​ភូមិ​ស្លែង​គង់ ឃុំ​​ដើម​ឫស ស្រុក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ត្រូវបាន​​ប៉ូលិស​ប៉ុស្តិ៍​ចោមចៅ​ចាប់​ឃាត់​​ខ្លួន​បាន​ប្រគល់​ទៅ​ឱ្យ​ប៉ូលិស​​ចរា​ចរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​ដើម្បី​​កសាង​សំណុំ​រឿង ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]