យុវជន​៣​នាក់​ជិះ​ម៉ូតូ​​ក្នុង​ស្ថាន​ភាព​ស្រវឹង​​ជោក​ជាំ​​ទៅ​បុក​គូទ​រ៉ឺម៉ក​​ម៉ូតូ​ពី​​​ក្រោយ​ពេញ​ទំហឹង បណ្តាល​ឱ្យ​ដួល​​បោក​ទៅ នឹង​ថ្នល់​ដេក​សន្លប់​រដូក​រណែល​​ពេញ​ផ្លូវ ម្ចាស់​រ៉ឺម៉ក​​ឃើញ​បែប​នេះ ​ក៏បើក​រ៉ឺម៉ក​​រត់​គេច​ខ្លួន​បាត់​ដែល​គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​កើត​ឡើង​​កាល​ពីវេលាម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១២ សីហា ២០១២ ​តាម​បណ្តោយ​មហា​វិថី​​ព្រះ​ស៊ីសុវត្ថិ​​ជិត​ព្រះ​អង្គ​ដង​កើ ក្នុង​សង្កាត់​​ជ័យ​ជំនះ ​ខណ្ឌ​ដូន​ពេញ ។

ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​នោះ​មាន​​ជន​ជាតិ​បរទេស​ម្នាក់​​អត់​ពាក់​អាវ​ធ្វើ​ដំណើរ​​ឆ្លង​កាត់​​ទីនោះ ​លុះ​ពេល​​ឃើញ​​យុវ​ជន​ទាំង​៣​នាក់​ដេក​សន្លប់​​ស្តូក​ស្តឹង​​បែប​នេះ ​បាន​ចូល​ទៅ​​ជួយ​សង្គ្រោះ​​​ដោយ​ធ្វើ​ចលនា​​បេះដូង​ដល់​ជន​រង​គ្រោះ​ទាំង​៣​នាក់ ស្រប​ពេល​នោះ​យុវ​ជន​ម្នាក់​ដែល​​ដួល​​បែក​ក្បាល​​បន្តិច​​​ដឹង​ខ្លួន​មុន​គេ ។ ចំណែក​​២​នាក់​ទៀត​ម្នាក់​បាក់​ជើង​ស្តាំ និង​ម្នាក់​ទៀត​បាក់​ឆ្អឹង​ជំនីរ​ខាង​ស្តាំ​​មិន​ទាន់​ដឹង​ខ្លួន​ទេ ​ត្រូវ​បាន​​អ្នក​ឃើញ​​ហេតុ​ការណ៍​​ទូរស័ព្ទ​​ហៅ​រថយន្ត​​សង្គ្រោះ​ដឹក​​យក​ទៅ​​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ។ ដោយ​ឡែក​ជន​រងគ្រោះ​​ដែល​ដឹង​ខ្លួន​នោះ​​មិន​ព្រម​ឡើង​ជិះ​​រថយន្ត​ទៅ​មន្ទីរ​ពេទ្យ​ធ្វើ​ការ​​ព្យា​បាល​ទេ ​ស្រវឹង​ធ្លាក់​ភ្នែក​និយាយ​​លែង​ដឹង​ខុស​ត្រូវ ។ រីឯ​ម៉ូតូ​​បែក​ក្បាំង និង​ខូច​ខាត​ផ្នែក​ខាង​មុខ​ត្រូវ​បាន​សមត្ថ​កិច្ច​​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​​រដ្ឋ​បាល​ជ័យ​ជំនះ​ រង់​ចាំ​ជន​រង​គ្រោះ​​ទៅ​ទទួល​​ត្រឡប់​​យក​មក​វិញ ។

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]