ជប៉ុន៖ វាជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលក្រុមអ្នកវិទ្យាសាស្ត្រ នៃប្រទេសជប៉ុន អាចសម្រេចនូវ បច្ចេកទេសថ្មីក្នុងការ បណ្តុះត្រចៀកមនុស្ស នៅលើខ្លួនសត្វកណ្តុរ ដើម្បីអាចជាប្រយោជន៍ នាពេល៥ឆ្នាំបន្ទាប់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្ត្រ នៃសាកលវិទ្យាល័យ Tokyo និង Kyoto បានប្រើប្រាស់បច្ចេកវិទ្យា ដ៏ថ្មីស្រឡាងមួយដើម្បី បណ្តុះសាកល្បងត្រចៀករបស់មនុស្ស ទៅលើសត្វកណ្តុរ ក្នុងគោលបំណងអាច ប្រើប្រាស់វាសម្រាប់ ជាប្រយោជន៍ចំពោះមនុស្ស ជាពិសេសគឺសម្រាប់ អ្នកដែលមានបញ្ហាត្រចៀក ឬក៏បាត់បង់ត្រចៀក ដោយសារមូលហេតុណាមួយ។

បើតាមការបញ្ជាក់ របស់ក្រុមអ្នកវិទ្យាសាស្ត្រ បានបង្ហាញថា បច្ចេកវិទ្យាថ្មីនេះ គឺអាចជួយទៅដល់មនុស្ស ក៏ដូចជាទារក ដែលកើតមកមាន ភាពមិនប្រក្រតីនៅលើផ្ទៃមុខ ឬក៏មនុស្សវ័យជំទង់ ដែលត្រូវរងរបួស ដូចជាឆ្កែខាំហែក ឬក៏ទាហ៊ានដែល រងរបួសនៅក្នុងសមរភូមិ ជាដើម ក្នុងរយៈពេល៥ឆ្នាំខាងមុខ ដោយសារតែសម្រាប់លើកនេះ លទ្ធផលសាកល្បង គឺទទួលបានជោគជ័យ។


សត្វកណ្តុរ ដែលក្រុមអ្នកវិទ្យាសាស្ត្រ យកមកធ្វើការពិសោធន៍ បណ្តុះត្រចៀកមនុស្ស

ដំណើរការនៃបច្ចេកវិទ្យាថ្មីនេះ គឺជាការផ្លាស់ត្រចៀកថ្មី ដោយការឆ្កឹះយកពីឆ្អឹងខ្ចី ដែលដកចេញមកពី ឆ្អឹងជំនីរបស់ អ្នកជំងឺ។ យ៉ាងណាមិញ បច្ចេកវិទ្យានេះគឺត្រូវការ ការវះកាត់ជាច្រើនលើក ដោយក្នុងនោះបូករួមទាំង ការប្តូរចេញនូវ ឆ្អឹងខ្ចីដែលមានការឈឺចាប់ ព្រមទាំងឆ្អឹងជំនីដែលមិនអាចជាសះស្បើយបាន។

ទោះយ៉ាងណាក៏ដោយ ក៏នៅមានភាពងាយស្រួលច្រើន នៅក្នុងដំណើរការ នៃបច្ចេកវិទ្យានេះផងដែរ ព្រោះថាក្រុមអ្នកវិទ្យាសាស្ត្រ ត្រូវការតែគំរូកោសិកា របស់មនុស្សតូចមួយ ប៉ុណ្ណោះដើម្បីយកទៅធ្វើជា វត្ថុធាតុដើម មុនពេលចាប់ផ្តើម ប្រតិបត្តិការ។

នេះគឺជាដំណឹងដ៏ ល្អនិងថ្មីមួយទៀតហើយ ទាក់ទងទៅនឹង ការវិវត្តន៍នៃផ្នែកវិទ្យាសាស្ត្រ ស្របពេលដែលទើបនឹងមាន អ្នកជំនាញផ្នែកវះកាត់ម្នាក់ ទទួលបានជោគជ័យ ក្នុងការវះកាត់ផ្លាស់ប្តូរ ក្បាលរបស់សត្វស្វា នាពេលថ្មីៗនេះ ផងដែរ៕

 
ការសាកល្បង នៃបច្ចេកវិទ្យាថ្មីរបស់ ក្រុមអ្នកវិទ្យាសាស្ត្រ សម្រាប់ការបណ្តុះត្រចៀក របស់មនុស្ស

ប្រភព៖ បរទេស

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]