ភ្នំពេញៈ រំលឹកទៅដល់ឈ្មោះ តារាចម្រៀង ទេព អាណាន់ ទស្សនិកជនពិតជាបានស្គាល់ តារារូបនេះ ក្នុងអំឡុងឆ្នាំ២០០៥ និង២០០៦ ខណៈដែលរូបលោក កំពុងតែមានឈ្មោះ បោះសំឡេងល្បីរន្ទឺ តាមរយៈផលិតកម្ម រស្មីស្ទឹងសង្កែ ។

ទេព អាណាន់ បានសាងកេរ្តិ៍ឈ្មោះ តាមរយៈបទចម្រៀង បែបយុវវ័យជាច្រើនបទ ហើយត្រូវបានទស្សនិកជន ស្គាល់រូប លោកច្បាស់ តាមរយៈបទ “បេះដូងធ្លុះធ្លាយ បទចាញ់បាល់ និងបទស្រឡាញ់ទាំងបួន ដែលពេលនោះ លោក ទេព អាណាន់ បានបង្កើតជាក្រុម និងមានសមាជិក ចំនួន៤នាក់ មានរូបលោកផ្ទាល់ តារាចម្រៀងបូ វិចិត្រ, ហង្ស ឧត្តមម៉ានី និង តារាចម្រៀង សេន រ៉ានុត ដោយក្រុមនោះ បានដាក់ឈ្មោះថា RSK ។ ក៏ប៉ុន្តែរយៈកាលប៉ុន្មានឆ្នាំ ចុងក្រោយនេះ តារាចម្រៀង ទេព អាណាន់ បានបាត់មុខ ពីពិភពសិល្បៈ យ៉ាងស្ងាត់កំបាំងបំផុត ធ្វើឲ្យមហាជនមានមន្ទិលសង្ស័យ ផ្សេងៗគ្នានិងចេះតែលេចឮ ពាក្យចចាមអារ៉ាមជាហូរហែ ទាក់ទងទៅនឹងជីវិតឯកជន តារាចម្រៀងរូបនេះ ។

គេសង្កេតឃើញថា ក្នុងក្រុមតារាចម្រៀង ដែលមានសមាជិក៤នាក់ ខាងលើបច្ចុប្បន្ន មានតែតារាចម្រៀង សេន រ៉ានុត និង ហង្ស ឧត្តមម៉ានី តែប៉ុណ្ណោះ ដែលបានប្រឡូក ក្នុងពិភពសិល្បៈ ជាប់រហូតមកដល់សព្វថ្ងៃ ឯលោកបូ វិចិត្រ ក៏បាត់មុខ យ៉ាង ស្ងាត់នោះដែរ ។

ថ្មីៗនេះបើតាម ប្រភពព័ត៌មាន ពីអ្នកសិល្បៈដូចគ្នា បានបង្ហើបឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថា តារាចម្រៀងបាត់ មុខមួយខ្យល់ធំ ទេព អាណាន់ លោកកំពុងតែជួបប្រទះ នូវបញ្ហាសុខភាពដ៏ធ្ងន់ធ្ងរ ពោលគឺតារារូបនេះមានជំងឺសួត ដែលមិន អាចច្រៀងបានដូចមុន ហើយជាញឹកញាប់ លោកតែងតែទៅព្យាបាល នៅទីក្រុងបាងកក ប្រទេសថៃ និងរហូតមកដល់ សព្វថ្ងៃ ត្រូវលេបថ្នាំជាប្រចាំ ដោយការលេបនេះ មានរយៈពេលជាង១ឆ្នាំ មកហើយ។

ជុំវិញរឿងរ៉ាវបាត់មុខ របស់លោក ទេព អាណាន់ និងជុំវិញស្ថានភាពជំងឺ របស់លោកនៅគ្រានេះ ជួបជាមួយមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តារាដែលមានកំណើត ចេញពីផលិតកម្ម រស្មីស្ទឹងសង្កែ ទេព អាណាន់ បានប្រាប់លាយឡំជាមួយ នឹង សំឡេងក្អក មួយៗឲ្យដឹងថា “ខ្ញុំឃ្លាតចាកពិសិល្បៈ ដោយសារខ្ញុំ មានជំងឺសួតធ្ងន់ធ្ងរ ពេលពិនិត្យព្យាបាល ពេទ្យបានប្រាប់ខ្ញុំ ថា សួតរបស់ខ្ញុំខ្វះសារជាតិ អង់ព្យួទិច ដែលតំរូវឲ្យខ្ញុំ ធ្វើការវះកាត់ ដូរសួតចេញ ប្រសិនបើខ្ញុំទៅព្យាបាល នៅប្រទេស វៀតណាម គ្រូពេទ្យនឹងធ្វើការវះកាត់ និងត្រូវចំណាយ អស់រាប់ម៉ឺនដុល្លារ” ។

ទេព អាណាន់ បានរៀបរាប់ពីស្ថានភាពជំងឺទៀតថា “មានពេលខ្លះ សួតធ្វើទុក្ខខ្លាំង ខ្ញុំត្រូវសន្លប់ក្នុងមួយថ្ងៃ ពី២ដងទៅ៣ដងក៏មានដែរ និយាយទៅងាកសន្លប់ៗ ម្យ៉ាងទៀតជំងឺឱកាសនិយម ដូចជាក្អក ផ្តាសាយ គឺងាយនិងចូលមកក្នុងខ្លួន យ៉ាងឆាប់រហ័ស” ។ និយាយមកដល់ត្រង់នេះ តារាចម្រៀងធ្លាប់ល្បីឈ្មោះ ទេព អាណាន់ ហាក់ទម្លាក់ទឹកមុខ និងសម្តីទាំងដកដង្ហើមធំទៀតថា “ហ៊ឺ......! សព្វថ្ងៃក៏ខ្ញុំបន្តលេបថ្នាំ ជារៀងរាល់ថ្ងៃ ដោយខ្ញុំមិនសម្រេចចិត្ត ធ្វើការវះកាត់នោះទេ ព្រោះអាចប៉ះពាល់ធ្ងន់ធ្ងរ ដល់អាយុជីវិត ប៉ុន្តែកាលេបថ្នាំនេះ គឺក្នុងរយៈពេល ៣ទៅ៤ខែទៀត អាចមានអាការធូរស្បើយ ប៉ុន្តែក៏មិនអាចចូលច្រៀងវិញបាន ភ្លាមៗនោះទេ” ។

រយៈកាលនៃការបាត់មុខ ពីពិភពសិល្បៈរបស់លោក ទេព អាណាន់ គឺបានធ្វើឲ្យមហាជន ស្ទើរតែភ្លេចឈ្មោះ ភ្លេចមុខរបស់តារារូបនេះបាត់ទៅហើយ ប៉ុន្តែគេសង្កេតឃើញវត្តមាន របស់លោក នៅក្នុងកម្មវិធីខួបកំណើត ឬកម្មវិធីរៀបអាពាហ៍ពិពាហ៍របស់មិត្តភក្តិ ក្នុងតំណែងជាពិធីករតែប៉ុណ្ណោះ ដោយលោកមិនអាចច្រៀងបានឡើយ ។

ទេព អាណាន់ បានចាត់ទុកថា ស្ថានភាពជំងឺរបស់លោក គឺជាជំងឺដ៏ចម្លែកមួយ ដែលកម្រកើតមានណាស់ ចំពោះមនុស្សទូទៅ ខណៈដែលជំងឺនេះ ឈានទៅដល់ការវះកាត់ ប្តូរសួតទៀតផង ។ មិនតែប៉ុណ្ណោះ ដោយសារតែបញ្ហានេះ វាបានក្លាយ ទៅជាឧបសគ្គ ដ៏ធំមួយរាំងស្ទះ មិនឲ្យលោកប្រឡូក ក្នុងការងារសិល្បៈបាន ទើបទស្សនិកជន ជាពិសេសយុវវ័យ ដែលធ្លាប់ គាំទ្របទចម្រៀងរបស់លោក ស្ទើរតែភ្លេចឈ្មោះបាត់ទៅហើយ ។

ទេព អាណាន់ នូវតែបង្ហាញមហិច្ឆតា ចង់ចូលប្រឡូកក្នុងសិល្បៈ នៅពេលស្ថានភាពជំងឺរបស់លោក បានជាសះស្បើយ ។ ទេព អាណាន់ និយាយ “ខ្ញុំពិតជានឹករលឹកខ្លាំងណាស់ ដល់បងប្អូនទស្សនិកជន បើមានឱកាស យូរ ឬឆាប់ខ្ញុំនឹងបានជួបមុខ បងប្អូន ទស្សនិកជនសារជាថ្មី ។ ខ្ញុំគិតថាចំណង់ចំណូលចិត្តខ្ញុំ នៅតែមានចំពោះវិស័យនេះ តែដោយសារសុខភាព តំរូវឲ្យ ខ្ញុំឃ្លាតឆ្ងាយ មួយរយៈធំ” ។

សូមរំលឹកផងដែរថា តារាចម្រៀង ទេព អាណាន់ សព្វថ្ងៃមានអាយុ៣២ឆ្នាំ និងបានចូលប្រឡូកក្នុងវិស័យសិល្បៈ អំឡុងឆ្នាំ ១៩៩៩ តាមរយៈតារាចម្រៀងសាន ផានិត ដែលត្រូវជាបងប្អូន ជីដូនមួយរបស់លោក ។

ទេព អាណាន់ កើតនៅថ្ងៃទី១៤ ខែសីហា ឆ្នាំ១៩៨០ ក្នុងក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ទេព អាណាន់ មានឪពុក ឈ្មោះ ឯក ផល្លា ជាមន្ត្រីរាជការ និងម្តាយឈ្មោះ កេត ផល្លី ជាមេផ្ទះ ។ លោកមានបងប្អូន៧នាក់ ប្រុស៣ស្រី៤ ដោយរូបលោកជាកូនទី៣ និងមានប្អូនប្រុសម្នាក់ទៀត ឈ្មោះទេព អាណាក់ មាននិស្ស័យខាងសិល្បៈ បច្ចុប្បន្នជាតារាចម្រៀងប្រចាំ ក្នុងផលិតកម្ម M ។

តារាចម្រៀងរូបនេះ បានព្យួរការសិក្សាក្នុងឆ្នាំទី២ ផ្នែកព័ត៌មានវិទ្យា នៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងអំឡុងឆ្នាំ២០០៧ ដោយសារតែលោក មានភាពមមាញឹកខ្លាំង ក្នុងការងារសិល្បៈ ជាពិសេសការទទួលរៀបចំ ការប្រគំតន្ត្រីតាមខេត្ត និងថតបទ ចម្រៀងក្នុងផលិតកម្ម ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

សូមប្រិយមិត្តទាំងអស់ជួយចុច Add a comment ដើម្បីផ្តល់ជាមតិនិងជួយ Share នៅលើ Facebookរបស់អ្នក។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]