ខេត្ត​កំពង់​ឆ្នាំង​​ ៖ បុរស​ម្នាក់​​បាន​រង​របួ​ស​ធ្ងន់​​ ខណៈ​​​​ពេល​​កំពុង​​​ជិះ​ម៉ូតូ​​ឌុប​គ្នា ហើយ​ត្រូវ​ជន​សង្ស័យ​លប​កាប់​​​២កាំបិត​ផ្គាក់ ចំណែក​​ម្នាក់​ទៀត​​​លោត​ចេញ​ពី​ម៉ូតូ​ទាន់​​​មិន​មាន​រង​របួស​ទេ​ ។​ ហេតុ​ការណ៍​​​នេះកើត​ឡើង​​កាល​ពី​វេលាម៉ោង​​៦និង​​៣០​នាទី​ល្ងាច​ ថ្ងៃទី​៩ សីហា តាម​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​​៥ ស្ថិតក្នុង​ភូមិ​ធ្លកយុល ឃុំ​តា​ជេស ស្រុ​ក​កំពង់​ត្រឡាច ។

តាម​​បង​ប្អូន​ដែល​ជូន​មក​​​កាន់​មន្ទីេពទ្យ​ព្រះកុសុមៈ​ ក្នុង​រាជ​ធានី​ភ្នំពេញ​បាន​ប្រាប់​ថា ជន​រងគ្រោះ​​ឈ្មោះ កុយ​ ផាត អាយុ​៣៥​ឆ្នាំ​ ជាអ្នក​រត់​ម៉ូតូ​ឌុប ស្នាក់​នៅភូមិ​សាវង្ស​ ឃុំ​តា​ជេស រង​របួស​ក្បាល​​​ផ្នែក​ខាង​​ឆ្វេង​ត្រូវ​បាន​​គ្រូ​ពេទ្យ​​ដេរ​អស់​១០​ថ្នេរ​ និង​រយះ​បបូរ​មាត់​ ។ ចំណែក​ម្នាក់​ទៀត​​ដែល​អង្គុយ​ខាង​​ក្រោយ​លោត​ចេញ​ទាន់​ឈ្មោះ រ៉ា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ មុខ​របរ​លាង​ម៉ូតូ​​ ស្នាក់​នៅ​ក្នុង​ភូមិ​ជាមួយ​គ្នា ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​​​ថា ជន​សង្ស័យ​ជា​​អ្នកបង្ក​ឈ្មោះ វ៉េង ភេទ​ប្រុស​ អាយុ​២៨​​ឆ្នាំ ជា​កសិករ​​ ស្នាក់​នៅ​ក្នុង​ភូមិកើត​ហេតុ​ខាង​លើ​ បន្ទាប់​ពី​ធ្វើសកម្មភាព​​កាប់​រួច​ហើយ​ក៏​បានរត់​គេច​​ខ្លួន​បាត់ ​​ ។ មុន​ពេល​កើត​ហេតុ​ ជន​រង​គ្រោះ​​​​ជិះម៉ូតូ​​សេ១០០​ចិន​ ពណ៌​ខ្មៅ មាន​គ្នា​​២នាក់​ មក​ពី​លេង​ផ្ទះ​បង​ប្អូន​​​ជិត​ភូមិ​កើតហេតុ ត្រឡប់​មក​ផ្ទះ​វិញ លុះ​មក​ដល់​ភូមិ​ធ្លក​យុល​ស្រាប់​​តែ​ជន​សង្ស័យ​​​លប​ចេញ​​ពីកន្លែង​​​ស្ងាត់​​មក​កាប់​ចំនួន​​២កាំ​បិត​​ផ្គាក់ បណ្តាលឱ្យ​​ជន​រងគ្រោះ​​​ដេក​ដួល​ក្នុង​ថ្លុក​ឈាម​ ហើយ​ជន​​សង្ស័យ​ក៏បាន​​​​រត់​គេច​ខ្លួន​ ។

សាច់​ញាតិ​​បាន​បង្ហើប​​ទៀត​ថា កន្លងមក​ជន​​រងគ្រោះ​​និង​ជន​បង្ក​​ធ្លាប់​មាន​​ទំនាស់​នឹង​គ្នា​​ម្តង​ តែ​មិនបាន​​បញ្ជាក់​ច្បាស់​ថាជា​ទំនាស់​​អ្វី​នោះ​ទេ ។ ក្រោយ​ពេល​កើតហេតុ​​ ជន​រងគ្រោះ​​​ត្រូវ​បាន​ក្រុម​គ្រួសារ​​​បញ្ជូន​ទៅ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ ចំណែ​ក​ជ​ន​​បង្កសមត្ថកិច្ច​​កំពុង​ស្វែង​​រក​ចាប់​ខ្លួន​ ៕

 
បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]