ថៃ៖ តារាថៃល្បីឈ្មោះ លោក Por Thridsadee Sahawong បានទទួលមរណ:ភាព ដោយរោគាពាធ កាលពីពេលម្សិលមិញនេះ ដែលបានធ្វើឲ្យមានភាពរំជើបរំជួលយ៉ាងខ្លាំង ទៅដល់អ្នកគាំទ្រ និងស្ទើរតែមិនជឿផងដែរ ថាតារាប្រុសក្នុងដួងចិត្តពួកគេ ត្រូវឃ្លាតចាកឆ្ងាយចេញទៅ ដោយគ្មានពាក្យលាមួយម៉ាត់បែបនេះ។


ជាមួយគ្នានោះ អារម្មណ៍តក់ស្លុតបានពុះកញ្ជ្រោលក្នុងចិត្តអ្នកគាំទ្រ ដោយពួកគេបានបង្ហោះសារ រំលែកទុកយ៉ាងច្រើននៅលើបណ្តាញទំនាក់ទំនងសង្គម។ មិនត្រឹមប៉ុណ្ណោះទេ គេក៏សង្កេតឃើញមាន តារាថៃល្បីៗមួយចំនួន បានបង្ហោះសារចូលរួមរំលែកទុកក្រៀមក្រំ នៅលើគណនីរបស់ពួកគេផងដែរ។

យ៉ាងណាមិញ បើយោងតាមទំព័រល្បីនៅថៃមួយ​​ បានបង្ហោះរូបថតជាច្រើនសន្លឹកនៅវេលាព្រឹក ថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ នេះ ឲ្យដឹងថា សាកសពរបស់លោក Por ត្រូវបានក្រុមគ្រួសារដង្ហែរយកចេញពីមន្ទីរពេទ្យ កាលពីវេលាម៉ោងប្រមាណ ៨និង៣០នាទីព្រឹកមិញនេះ ដោយមានវត្តមាន ឪពុកម្តាយ ប្រពន្ធ កូនស្រី និងសមាជិកសាច់ញាតិគ្រួសារជាច្រើននាក់ទៀតផងដែរ។ ប្រភពព័ត៌មានថៃ រាយការណ៍ឲ្យដឹងទៀតថា សាកសពលោក Por នឹងត្រូវដឹកចេញពីមន្ទីរពេទ្យ ឆ្ពោះទៅកាន់ស្រុកកំណើតរបស់លោកតែម្តង។


លោក Por Thridsadee Sahawong កាលនៅរស់

គួររំលឹកឡើងវិញផងដែរថា លោក “Por”  បានលាចាកលោក នៅម៉ោង ១១​និង ៥០នាទី ថ្ងៃត្រង់ ទី១៨ ខែមករាឆ្នាំ ២០១៦ ដោយសារតែបញ្ហាស្មុគស្មាញ ទាក់ទងនឹងជំងឺគ្រុនឈាមដ៏ធ្ងន់ធ្ងរ។ គាត់ត្រូវបានកាត់ប្រអប់ជើងឆ្វេងចេញ ដោយសារតែឆ្លងមេរោគ ហើយជាចុងក្រោយ គឺនៅខែធ្នូ លោកត្រូវបានវះកាត់យកសួតខាងឆ្វេងចេញ ផងដែរ។

គួរបញ្ជាក់ទៀតថា លោក“Por”  មានចំនួនប្លាកែតទាប ក្រោយពីមានជំងឺគ្រុនឈាម ហើយលោកបានទទួលរងនូវបញ្ហា ខូចតំរងនោម ខូចថ្លើម ធ្លាក់ឈាម និង មានជំងឺបាត់បង់កោសិកាឈាមស​ បន្ថែមទៀត ដែលទាំងនេះ ជាបញ្ហាដ៏ស្មុគស្មាញ ជម្រុញឲ្យលោក ត្រូវបានបញ្ជូនចូលទៅក្នុងបន្ទប់ សង្គ្រោះបន្ទាន់  ICU និងទទួលការព្យាបាល យកចិត្ដទុកដាក់ ពីសំណាក់ក្រុមគ្រូពេទ្យ អស់រយៈពេល ៧១ថ្ងៃ។ ក្រោមការមើលថែ អស់ពីសមត្ថភាព ពីក្រុមគ្រូពេទ្យមកដល់ដើមឆ្នាំ ២០១៦នេះ ថ្លើមរបស់លោក ក៏កាន់តែឆ្លងមេរោគ និងបណ្ដាលឲ្យស្ថានភាពកាន់តែយ៉ាប់យឺនខ្លាំងឡើង។ ដោយសារតែខ្លួនប្រាណរបស់លោក មិនអាចទ្រាំទ្រ បានទៅមុខទៀត ក្នុងការទទួលការព្យាបាល លោកក៏ទទួលមរណភាព ក្នុងវ័យ ៣៧ឆ្នាំ តែម្តង។


កូនស្រី Por រង់ចាំ ទាំងមិនដឹងថាលោកប៉ានាង មិនអាចមកវិញជារៀងរហូត

អ្នកគ្រប់គ្រងរបស់លោក Por បានធ្វើការឆ្លើយតបជាមួយនឹងអ្នកកាសែត ក្នុងពេលរសៀលថ្ងៃនោះថា Por ពិតជាបានលាចាកលោកមែន ហើយពិធីបុណ្យសព នឹងប្រារព្ធឡើង នៅក្នុងស្រុកកំណើតរបស់ Por នៅខេត្ត Buriram។

នេះគឺជាដំណឹងដ៏អាក្រក់ មួយដែលធ្វើឲ្យក្រុមគ្រួសារ ភរិយា មិត្ដរួមអាជីព និងអ្នកគាំទ្រលោក ទាំងឡាយ នាំគ្នាតក់ស្លុតជាខ្លាំង ដែលទោះជាយ៉ាងណា សូមឲ្យវិញ្ញាណក្ខ័ន្ធលោក Por បានទៅកាន់សុគតិភព៕ សូមអានសារខាងក្រោមរបស់តារាថៃមួយចំនួន ដែលបានបង្ហោះរំលែកទុកលើបណ្តាញសង្គម៖

@Aum Patchrapa៖ «Por ស្ថិតនៅក្នុងការចងចាំ របស់យើងជារៀងរហូត»

@Mild Jiravechsoontornkul៖ «សូមចូលរួមរំលែកទុក ចំពោះគ្រួសារនៃសព ពីចម្ងាយផង»

@Mai Davikah៖ «ខ្ញុំចង់សម្តែង នូវការរំលែកទុក្ខរបស់ខ្ញុំ ទៅកាន់គ្រួសារលោក Por នៅទីនេះ»

@Nadech Pantip៖ «ខ្ញុំសុំទោសផង ចំពោះដំណឹងនេះ ទៅដល់ក្រុមគ្រួសារលោក Por។ សូមបងប្រុសគេងឲ្យបានលក់ស្រួលចុះ។ គាត់ជាតារាសម្តែងដ៏អស្ចារ្យម្នាក់ ខ្ញុំនៅតែចូលចិត្តបងជារៀងរហូត»

ទិដ្ឋភាពពេលនាំសាកសពចេញពីមន្ទីរពេទ្យ៖








រូបភាពលោក Por កាលនៅរស់ ជាមួយប្រពន្ធនិងកូនស្រី៖




តើប្រិយមិត្តខ្មែរឡូត មានមតិយោបល់យ៉ាងណាដែរ?


ចុចមើល UPDATE: សពតារាល្បីថៃ Por Thridsadee ដឹកមកដល់ស្រុកកំណើតហើយ មានអ្នករង់ចាំ យ៉ាងច្រើនកុះករ (មានវីដេអូ)

ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]