សៀមរាប ៖ យ៉ាងហោចណាស់២នាក់ បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗ ក្រោយពីរថយន្តរបស់ពួកគេបានក្រឡាប់ ហើយផ្ទុះឆេះសល់តែគ្រោង ឆ្អឹង កាលពីវេលាម៉ោង ១២និង៣០នាទី យប់រំលងអធ្រាត្រ ចូលថ្ងៃទី១១  ខែសីហា ឆ្នាំ២០១២ ស្ថិតនៅភូមិកោកំបុត ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប។

ជនរងគ្រោះដែលស្លាប់ទាំងពីរនាក់នោះ រួមមានទី១-ឈ្មោះ ព្រំ វិសិដ្ឋ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិកសិកម្ម ឃុំតាពួង ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលជនគ្រោះរូបនេះខ្ទាតចេញពីរថយន្ត ទី២-ឈ្មោះ ហង្ស សុវិបុលរង្សី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកបើកបរស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ ។

ដោយឡែកជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ រួមមានទី១-ឈ្មោះ ផេង វិសាល ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ទី២-ឈ្មោះ ផេង សុភក្រ្តរក្សា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ដែលជនរងគ្រោះទាំងពីរនាក់នេះ ត្រូវជាបងប្អូនបង្កើតនឹងគ្នា និងទី៣-ឈ្មោះ សុត ប៉ុនរ៉ុង ភេទប្រុស អាយុ២២ឆ្នាំ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅ មន្ទីរពេទ្យឯកជនមួយ ក្នុងខេត្តសៀមរាប ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់នេះ បានកើតឡើងដោយសារ តែអ្នកបើកបរ និងអ្នកនៅក្នុងរថយន្ត សុទ្ធតែមានអាការៈ ស្រវឹងជោក ហើយបើករថយន្តយ៉ាងលឿនដូចព្យុះ ក្នុងទិសដៅពីកើតទៅលិច ស្រាប់តែរេចង្កូតបុកបង្គោលគីឡូម៉ែត្រនៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យក្រឡាប់ ២ ទៅ៣ត្រឡប់ ផ្ទុះឆេះតែម្តង សល់តែគ្រោងឆ្អឹង។

អធិការរងនគរបាលទទួលបន្ទុកចរាចរណ៍ ស្រុកប្រាសាទបាគង លោក បោះ ចន្ថា បានឲ្យដឹងថា ជនរងគ្រោះទាំង ៥ មុនពេលកើតហេតុ បាននាំគ្នាទៅផឹកស៊ី នៅក្នុងហាងមួយទីរួមខេត្តសៀមរាប ប៉ុន្តែពេលត្រឡប់ទៅដល់ផ្ទះ ពួកគេត្រឡប់មកទីរួមខេត្តម្តងទៀត ក៏ជួបគ្រោះថ្នាក់នេះតែម្តងទៅ។

មន្ត្រីនគរបាលរូបនេះ បានបន្តថា ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅវាស់វែងនៅ កន្លែងកើតហេតុ រួចប្រគល់សពជនរងគ្រោះទៅឲ្យក្រុមគ្រួសាររបស់គេ ធ្វើបុណ្យតាមប្រពៃណី៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ផ្តល់សិទ្ធដោយ ដើមអម្ពិល

ដោយ ៖ ស៊ុន ហាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]