ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តលើកិច្ចព្រមព្រៀងស្តីពី ការបញ្ជូនពលករកម្ពុជា ទៅធ្វើ ការនៅប្រទេសកាតានៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០១២ ដើម្បីជាការបើកផ្លូវឲ្យកម្ពុជា អាចបញ្ជូនពលកររបស់ខ្លួន ទៅកាន់ ប្រទេសកាតាបាន។

លោកស្រី ហូ ណូន ប្រធានគណៈកម្មការការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៃរដ្ឋសភាជាតិបាននិយាយថា កិច្ចព្រម ព្រៀមរវាងកម្ពុជា និងប្រទេសកាតា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ក្នុងការបញ្ជូនពលករធ្វើការ។

លោកស្រីថា កិច្ចព្រមព្រៀង គឺជាការសិក្សាអំពីលទ្ធភាពការរកការងារនៅក្នុងប្រទេសកាតា ក៏ដូចជាលក្ខខណ្ឌ មួយចំនួនដើម្បីអាចបើកផ្លូវបញ្ជូនពលករទៅធ្វើការនៅទីនោះ ហើយនេះក៏ជាប្រយោជន៍ នៃប្រទេសទាំងពីរ ផងដែរ។ ការអនុម័ត្តត្រូវបានធ្វើឡើងបន្ទាប់ពីកម្ពុជា និងប្រទេសកាតា ចុះកិច្ចព្រមព្រៀងរវាងគ្នា ក្នុងការបញ្ជូន ពលករទៅកាន់ប្រទេសមជ្ឈិមបូព៌ា គឺប្រទេសកាតាមួយនេះ។

នៅក្នុងឱកាសសម័យប្រជុំពេញអង្គរបស់រដ្ឋសភា លោក វង សូត្រ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជា ជីវៈបានមានប្រសាសន៍ថា កម្លាំងពលកម្មកម្ពុជាប្រមាណ ជា១២៤.៨៨៩នាក់បាននិងកំពុងធ្វើការស្របច្បាប់ នៅប្រទេសម៉ាឡេស៊ី ថៃ កូរ៉េខាងត្បូង និងជប៉ុន ដែលពលករទាំងអស់នោះ អាចផ្ញើលុយមកគ្រួសារ ជាសរុប ទាំងអស់ចំនួន ២០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំៗ។

លោក អន ប៊ុនហាក់ ប្រធានសមាគមជ្រើសរើសពលករកម្ពុជា បានមានប្រសាសន៍ឲ្យដឹងថា ជំហានដំបូង កម្ពុជា មានគម្រោងបញ្ជូនពលករចំនួន៣០០០នាក់ ទៅប្រទេសកាតាក្នុងរយៈពេល៦ខែ។

លោកថា ពលករកម្ពុជា អាចរកកាងារធ្វើនៅប្រទេសកាតាបាន នៅក្នុងវិស័យសេវាកម្ម ឧស្សាហកម្ម សំណង់ និងក្នុងវិស័យហ្គាស ឧស្ម័ន ផងដែរ ដែលពួកគេអាចរកចំណូលបានរហូតទៅ ៣៥០ដុល្លារទៅ១៥០០ដុល្លារក្នុង មួយខែ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]