​​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​


ក្រោយ​ឯកឧត្តម កឹម សុខា ជួប​សម្តេច CNRP អំពាវនាវ​ឲ្យ​មន្ត្រី​រក្សា​ភាពថ្លៃថ្នូរ​ និង​ឈប់​ជេរប្រមាថ​

ជាង ៦ ម៉ោង​ក្រោយពី​ឯកឧត្តម កឹម សុខា ជជែក​គ្នា​ជាមួយ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​កិច្ចប្រជុំពេញអង្គ​រដ្ឋសភា កាលពី​ព្រឹក​ថ្ងៃ​ពុធ គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ល្ងាច​ថ្ងៃ​ដដែល​នោះ បានសម្រេច​ចេញ​សេចក្តីអំពាវនាវ​ជា​សាធារណៈ​ឲ្យ​មេដឹកនាំ និង​អ្នកគាំទ្រ​គណបក្ស​នេះ កុំ​ប្រើ​សម្តី​ជេរប្រមាថ​នាំ​ឲ្យ​បែកបាក់​ជាតិ និង​ត្រូវ​រក្សា​ភាពថ្លៃថ្នូរ​។ ក្រោយពី​សង្កេតឃើញថា នាពេល​ប​ច្ចុ​ប្ប​នេះ មានការ​រិះគន់​ដែលមាន​លក្ខណៈ​អសីលធម៌ ការជេរប្រមាថ ដែល​នាំ​ឲ្យ​សង្គម​ខ្មែរ​បែកបាក់​គ្នា​នោះ គណបក្ស​សង្គ្រោះ​ជាតិ បាន​អំពាវនាវ​ឲ្យ​មន្ត្រី និង​អ្នកគាំទ្រ​ខ្លួន​យ៉ាងនេះ​ថា​៖ «​គណបក្ស​សង្គ្រោះ​ជាតិ សូម​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ សកម្មជន អ្នកគាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ទាំងអស់ រក្សា​នូវ​ភាពថ្លៃថ្នូរ និង​សីលធម៌​ខ្ពស់ ដោយ​មិន​ជេរប្រមាថ និង​មិន​ប្រើ​រូបភាព​ប្រមាថ ក្នុងការ​បញ្ចេញ​មតិយោបល់ និង​ការរិះគន់​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដើម្បី​ស្វែងរក​នូវ​ការផ្សះផ្សារ​ជាតិ និង​ឯកភាព​ជាតិ​»​។​ ប្រភព៖ ថ្មីៗ

លោក ហ៊ុន សែន ណែនាំ​អ្នក​ជំនាន់​ក្រោយ​ ឲ្យ​ដាក់​ខ្លួន​បម្រើ​ពលរដ្ឋ ​ពេល​មាន​ឋានៈ​ខ្ពស់ 

នៅ​ចំ​ថ្ងៃ​ខួប ៣១​ឆ្នាំ នៃ​ការ​លើង​កាន់​អំណាច​របស់​លោក ហ៊ុន សែន លោក​នាយករដ្ឋមន្ត្រី​ចាស់​វស្សា​រូប​នេះ​បាន​សរសេរ​រៀបរាប់​នៅ​លើ​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​រម្លឹក​ពី​ប្រវត្តិ​ដែល​លោក​ត្រូវ​បាន​បក្ស​ជ្រើសរើស​ឲ្យ​ដឹកនាំ​ប្រទេស។ លោក​ថា លោក​ត្រូវ​បាន​បោះឆ្នោត​ជ្រើសរើស​ដោយ​គ្មាន​សំឡេង​ប្រឆាំង សូម្បី​មួយ​សំឡេង​ឡើយ។ ប្រការ​នេះ លោក​ថា គឺ​ខុស​ពី​នាយករដ្ឋមន្ត្រី ២​រូប​មុន​លោក គឺ​លោក ប៉ែន សុវណ្ណ និង​លោក ចាន់ ស៊ី ដែល​ទទួល​បាន​សំឡេង​ប្រឆាំង​មិន​តិច​ជាង ៥​សំឡេង​​នោះ​ឡើយ​ក្នុង​ពេល​បោះ​ឆ្នោត​ជ្រើសរើស​ធ្វើ​ជា​នាយករដ្ឋមន្ត្រី។ លោក ហ៊ុន សែន ក៏​មិន​ភ្លេច​លើក​ឡើង​នូវ​ទ្រឹស្ដី​របស់​លោក​ដែល​ថា មិន​ត្រូវ​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់​បាយ​ដោយ​រដ្ឋាភិបាល​មិន​បាន​ដឹង មិន​បាន​ដោះស្រាយ​នោះ​ឡើយ។ ក្រៅ​ពី​នេះ លោក ហ៊ុន សែន ដែល​ពេល​នេះ​មាន​អាយុ ៦៣​ឆ្នាំ​ទៅ​ហើយ​នោះ បាន​រៀបរាប់​ច្រើន​ពី​ជីវិត​គ្រួសារ និង​ការ​លំបាក​របស់​លោក​ក្នុង​ពេល​លោក​ដឹកនាំ​ប្រទេស​ផង និង​មើល​ថែទាំ​កូន​ចៅ​តូចៗ​ក្នុង​បន្ទុក​ផង​នោះ។ នៅ​ចុង​បញ្ចប់​នៃ​សារ​របស់​លោក ហ៊ុន សែន បាន​ផ្ដាំផ្ញើ​មនុស្ស​ជំនាន់​ក្រោយ​ត្រូវ​ដាក់​ខ្លួន​បម្រើ​ប្រជាជន​ពេល​មាន​ឋានៈ​ខ្ពស់ និង​មិន​ត្រូវ​វាយឫក​ខុស​របៀប​ឡើយ។ ប្រភព៖ RFA

ឯកឧត្តម កឹម សុខា ថា សម្តេច ហេង សំរិន មិន​ឲ្យ​ខ្លួន​បញ្ចេញមតិ​ ក្នុង​កិច្ចប្រជុំ​រដ្ឋសភា​

ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បាន​លើកឡើងថា ប្រធានរដ្ឋសភា​សម្តេច ហេង សំរិន មិន​អនុញាត​ឲ្យ​ខ្លួន បាន​ឡើង​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំសភា កាលពី​ព្រឹក​ថ្ងៃទី ១៣ ខែមករា ឡើយ​។ ឯកឧត្តម កឹម សុខា អះអាងថា បើទោះជា​ខ្លួន​ខំ​ស្នើសុំ​សម្តេច ហេង សំរិន ម្តង​ជា​ពីរដង ដើម្បី​ឡើង​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំពេញអង្គ​កាលពី​ព្រឹក​មិញ​ក្តី ក៏​សម្តេច​ប្រធានរដ្ឋសភា មិន​អនុញ្ញាត​ដល់​ខ្លួន​ដែរ​។ នៅលើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​នៅមុននេះ​បន្តិច ឯកឧត្តម កឹម សុខា បាន​សរសេរ​យ៉ាងនេះ​ថា​៖« ក្នុង​កិច្ចប្រជុំពេញអង្គ​នៃ​រដ្ឋសភា​ថ្ងៃនេះ ខ្ញុំ កឹម សុខា បាន​ព្យាយាម​ស្នើសុំ​ទៅ​សម្ដេច​ប្រធានរដ្ឋសភា​ដើម្បី​បញ្ចេញមតិ​ពីរដង តែ​មិន​ទទួលបាន​ការផ្ដល់​ឱកាស​ឲ្យ​ខ្ញុំ​បញ្ចេញមតិ​នៅក្នុង​កិច្ចប្រជុំ​រដ្ឋសភា​នេះឡើយ​»​។ តែ​យ៉ាងណា​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ មិនបាន​ចាត់ទុក​ការព្រងើយកន្តើយ​របស់​សម្តេច ហេង សំរិន មកលើ​ខ្លួន ថា បែបណា​នោះទេ​។​ ប្រភព៖ ថ្មីៗ

លោក ហ៊ុន ម៉ានី នឹង​ធ្វើ​ជា​វាគ្មិន​ពិភាក្សា​ អំពី​នយោបាយ​ការបរទេស ​នៅ​អាមេរិក

តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​បង្កើត​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺ​លោក ហ៊ុន ម៉ានី នឹង​ធ្វើ​ជា​វាគ្មិន​ពិភាក្សា និង​ផ្ដល់​ទស្សនៈ​អំពី​នយោបាយ​ការបរទេស និង​ទំនាក់ទំនង​ជាមួយ​សហរដ្ឋអាមេរិក កូរ៉េ និង​ចិន ជាដើម។ កិច្ច​ពិភាក្សា​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​មករា ចាប់​ពី​ម៉ោង ២:៣០​នាទី រហូត​ដល់​ម៉ោង ៤:០០​រសៀល ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​សហរដ្ឋអាមេរិក-​កូរ៉េ និង​កម្មវិធី​សិក្សា​ផ្នែក​អាស៊ី​អាគ្នេយ៍​នៃ​វិទ្យាស្ថាន​សិក្សា​ជាន់​ខ្ពស់​អន្តរជាតិ ហ្យន ហប់គិន (Johns Hopkins SAIS)។ លោក ហ៊ុន ម៉ានី ជា​តំណាងរាស្ត្រ​វ័យ​ក្មេង​ជាង​គេ​នៅ​កម្ពុជា។ កាល​ពី​ខែ​មុន លោក​បាន​ប្រកាស​ថា លោក​មាន​ក្ដី​សុបិន​មួយ គឺ​ចង់​ក្លាយ​ជា​នាយករដ្ឋមន្ត្រី។ ប្រភព៖ RFA

លោក ហ៊ុន សែន ថាថតរូបSelfie ជាមួយអ្នកនយោបាយម្នាក់នោះ នាំឱ្យលោកស្ដាយក្រោយ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សោកស្តាយចំពោះការថតរូបSelfieជាមួយដៃគូសន្ទនានយោបាយរបស់លោកដោយលោកចាត់ទុកថាជាការថតរូបដែលមើលសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់តែការពិត​បង្កប់នូវភាពមិនស្មោះត្រង់។ លោក ហ៊ុន សែន បានសរសេរក្នុង Facebook Page របស់លោកដែលមានន័យដូចនេះថា «កន្លងមកខ្ញុំធ្លាប់ សែលហ្វី (Selfie) ជាមួយដៃគូសន្ទនានយោបាយដែលមើលឃើញពីសំបកក្រៅហាក់ដូចជាល្អូកល្អឺនល្អជាមួយគ្នាខ្លាំងណាស់។ តែការពិតនោះគឺជា Selfie ដែលបង្កប់ដោយភាពមិនស្មោះត្រង់ដែលធ្វើអោយខ្ញុំសោកស្តាយបំផុតមកទល់ពេលនេះ»។ ប្រភព៖ VOD


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]