ខេត្តសៀមរាប ៖ ​ សៀមរាប គឺ ជាខេត្តមួយរបស់ព្រះរាជាណាចក្រ កម្ពុជា ដែល​សំបូរ​ដោយប្រាង្គ​ប្រាសាទ​បុរាណរបស់ខ្មែរ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត ដែលបាននិង​កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិចូល​មក​ទស្សនា​កម្សាន្តយ៉ាងច្រើន​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។  «តទៅទំព័រទី១៩»ខេត្តសៀមរាប ៖ ​ សៀមរាប គឺ ជាខេត្តមួយរបស់ព្រះរាជាណាចក្រ កម្ពុជា ដែល​សំបូរ​ដោយប្រាង្គ​ប្រាសាទ​បុរាណរបស់ខ្មែរ ជា​ពិសេស​ប្រាសាទ​អង្គរវត្ត ដែលបាននិង​កំពុង​ទាក់​ទាញ​ភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិចូល​មក​ទស្សនា​កម្សាន្តយ៉ាងច្រើន​រាប់​លាន​នាក់​ក្នុង​មួយ​ឆ្នាំៗ។ 

ក្រៅពី​ប្រាង្គប្រាសាទ​បុរាណរាប់​រយ​ សៀម​រាប ក៏នៅ​មាន​តំបន់ទេសចរណ៍បែបធម្ម​ជាតិ ដូច​ជាបារាយណ៍​ទឹក​ថ្លា និង​​តំបន់​ជា​​ច្រើន​​ទៀត​។ យ៉ាងណាមិញតំបន់ចុងឃ្នៀស ដែល​ស្ថិត​នៅ​លើផ្ទៃបឹងទន្លេសាបក្នុងសង្កាត់ចុងឃ្នៀស​ក្រុង​សៀមរាប មាន​ចម្ងាយ​ប្រមាណ១៤​គីឡូ​ម៉ែត្រ​ពីក្រុងសៀមរាប បច្ចុប្បន្នក៏បាននិងកំពុង​ទាក់​ទាញភ្ញៀវទេសចរយ៉ាងច្រើន​ចូលមក​ទស្សនា​កម្សាន្ត មើលទេសភាពថ្ងៃលិចដ៏​ស្រស់​ត្រកាល​នៅលើផ្ទៃបឹងទន្លេសាប ដែលល្បីខាង​សម្បូរ​​ត្រីទឹកសាបក្នុងតំបន់ និង​ពិភព​លោក។ ពិសេស​​អ្នក​ទេស​ចរ​នឹង​បាន​​ពិនិត្យមើលពី​ជីវ​ភាពរស់​នៅ​របស់ប្រជាពលរដ្ឋនៅលើផ្ទៃទឹក​បឹង​ទន្លេសាប ដែល​គេនិយម​ហៅជាទូទៅថា ផ្ទះ​បណ្តែតទ​ឹក ឬអ្នកភូមិ​បណ្តែត​ទឹកនោះ ។

ផ្តល់បទសម្ភាសន៍ខ្លីជាមួយអ្នកឆ្លើយឆ្លងព័ត៌​មានកោះសន្តិភាព លោកសែម វុទ្ធី មគ្គុ​ទេស​ក៍​​ទេសចរណ៍នៅតំបន់សៀមរាបអង្គរ ដែលកំពុង​តែជូនដំណើរ និងរ៉ាយរ៉ាប់ប្រាប់​ភ្ញៀវទេសចរ​ជនជាតិថៃទៅកម្សាន្តនៅតំបន់ចុងឃ្នៀសនោះ​ឲ្យដឹង​ថា ភ្ងៀវទេសចរ​អន្ត​រជាតិ​ភាគ​ច្រើន​ដែល​មក​លេងនៅទីនេះ គឺចង់ឃើញនូវទិដ្ឋ​ភាព ក៏ដូច​ជាការរស់នៅរបស់ប្រជាពលរដ្ឋ​នៅ​ទីនោះ​ប្រកប​របរ​អ្វី? ព្រមទំាងទស្សនាផ្ទៃ​បឹង​ទន្លេ​សាប​មានសភាពដ៏​ស្រស់ស្អាតនេះ។ លោក​​​បាន បន្តថា ភ្ងៀវទេសចរកាន់​តែច្រើនឡើងៗ ជា ពិសេស​ភ្ញៀវ​ជនជាតិ​អឺរ៉ុប​បានចូក​មក​កម្សាន្ត​នៅទីនេះ ព្រោះជាបឹង​ទឹក​សាបដ៏ធំ ហើយមាន​តំបន់ព្រៃលិចទឹកដុះ​ព័ទ្ធជុំវិញគួរឲ្យ​គយ​គន់​ពន់ពេក ។

យ៉ាង​ណា​ក៏​ដោយ ជាមួយនឹងមោទន​ភាពនៃ​ការកើន​ឡើង​នូវ​ចំនួន​ភ្ញៀវទេសចរ​នៅ​តំបន់​ចុង​ឃ្នៀសនេះ លោកសែម វុទ្ធី ក៏បាន​សំណូមពរ​ទៅដល់​អាជ្ញា​ធរមានសមត្ថកិច្ចមេត្តា​ជួយទប់ស្កាត់​ដល់ក្មេងៗសុំទាន​នៅទីនោះ​កុំឱ្យ​មានតទៅទៀត ពីព្រោះ​បញ្ហានេះ បានធ្វើឱ្យប៉ះ​ពាល់​ដល់​អារម្មណ៍ភ្ញៀវ​ទេស​ចរ​ធ្វើឲ្យភ្ញៀវ​ទំាង​នោះ មិនសប្បាយចិត្ត និង​មើលងាយ​មើល​ថោកដល់ពលរដ្ឋខ្មែរ​ថែម​ទៀត ។

ដោយឡែកម្ចាស់ផែមួយនៅតំបន់ចុងឃ្នាស អ្នក​ស្រី លីបានឲ្យដឹងថា គាត់ប្រកបរបរដឹក​ជញ្ជូន​​ភ្ញៀវនេះរយៈពេល២០ឆ្នាំហើយ តែ​ក្រៅពី​របរដឹកជញ្ជូនភ្ញៀវ នៅលើផែ​របស់គាត់ ក៏មាន​ដាក់​លក់នូវវត្ថុអនុស្សាវរីយ៍​ ម្ហូបអារហារ និង​ចិញ្ចឹមសត្វគ្រប់ប្រភេទ​គ្រាន់​​​ឲ្យភ្ងៀវទេសចរ​ទស្សនាផងដែរ។ គាត់​បញ្ជាក់ថា ទំនិញដែលលក់​នៅ​លើផែរបស់គាត់ គឺ​មានតម្លៃសមរម្យ ហើយ​មិន​មាន​ការឡើង​ចុះ​នោះទេ​ទោះជាចំថ្ងៃបុណ្យ​ផ្សេងៗ​ក៏​ដោយ ។ អ្នក​ស្រីបានសំណូមពរឲ្យ​រាជរដ្ឋាភិបាលជួយផ្សព្វផ្សាយយ៉ាងណា ដើម្បី​ឲ្យ​ភ្ងៀវ​ទេស​ចរទំាងជាតិ និងអន្តរជាតិ ចូលមក​ក​ម្សាន្ត​នៅតំបន់ចុងឃ្នៀសឲ្យបានច្រើន ព្រោះ​នៅ​ទី​នេះសំបូរទិដ្ឋភាព​ប្លែកៗ សម្រាប់ភ្ញៀវ​កម្សាន្ត និង​ទស្សនា។

ប្រធានគ្រប់គ្រងទីផ្សារសមាគមទូក​សម្រាប់​ដឹកភ្ងៀវទេសចរលោកគឹម សុផានី បានប្រាប់​កោះសន្តិ​ភាពឲ្យដឹងថា ចំនួន​ភ្ងៀវទេសចរ​មក​លេង​​នៅ​ទីនេះជាពិសេសក្នុងខែឧសភា ដែល​គេ​ហៅ​ថា​ជាខែឡូនេះ គឺមិនសូវជាសម្បូរ​ភ្ងៀវមក​កម្សាន្ត​ទេ ។ ភ្ញៀវភាគច្រើនមានជនជាតិកូរ៉េ ចិន និងជន​ជាតិវៀតណាម ដោយក្នុងមួយថ្ងៃ​ប្រហែល​​ជា៥០០ ទៅ១០០០នាក់ ប៉ុណ្ណោះ។ លោក​​ប្រធានគ្រប់គ្រងទីផ្សារសមាគម​ទូក​សម្រាប់​​ដឹកភ្ញៀវទេសចរបានប្រាប់បន្តថា​ ចំនួន​ទូក​ទេសចរណ៍មានជាង៣០០ទូក សម្រាប់​បម្រើ​​សេវា ហើយនៅលើទូកគឺមានការរៀប​ចំ​ចំតុបតែងឲ្យមានសោភ័ណភាពស្រស់ស្អាត ក្រៅ​​ពី​នោះក៏មាន អាវពោង​សម្រាប់ពាក់ការពារ​សុវត្ថិភាពដល់ភ្ញៀវ និង​មានសរសរពាក្យស្លោក​ផ្សេងៗដូចជា សូមឲ្យការធ្វើ​ដំណើរលោកអ្នក​ប្រកប​ដោយ​សុវត្ថិភាពជាដើម ។

បើសិនជាភ្ញៀវ​ចង់ទៅទស្សនា​ គឺធ្វើ​ដំណើរ​ប្រហែល​ជា៣០នាទី ចាប់ពីកំពង់ផែ​រហូត​ដ​ល់​តំបន់​ចុងឃ្នៀសព្រោះខែ​នេះជា​ខែប្រាំងហើយ​នៅ​ពេលដែលភ្ញៀវទៅ គឺអាចជិះ​ទូក​បណ្តើរ​ទស្សនា​ទេស​ភាពនៅតាមបឹងទន្លេសាប​បណ្តើរ ។ លោក​ប្រធាន​គ្រប់​គ្រងទីផ្សារសមា​គម​ទូកសម្រាប់​ដឹក​ភ្ញៀវទេសចរ បានបញ្ជាក់​ឲ្យដឹងដែរថា ភ្ញៀវ​មួយ​ចំនួនដែលមក​កម្សាន្ត គឺចង់ទស្សនា​នៅ​ពេលយប់ ព្រោះពេល​យប់​បងប្អូនអ្នក​នេសាទ​យើង​គាត់ចាប់ផ្តើម​នេសាទ​ត្រី​កញ្ជាញ់ច្រាស់ ដែល​ប្រជានេសាទ​បានដាក់​ភ្លើងពណ៌ស្រស់​ស្អាត​ផងដែរ ហើយទេសភាព​បែបនេះ​ស្រស់​ស្អាតមែនទែន ។

យ៉ាងណាក៏ដោយ លោកគឹម សុផានី បាន​បញ្ជាក់ថា ឆ្នាំមុនដោយសារតែ​មានទឹកជំនន់​ជន់​លិច ធ្វើឱ្យ​ចំនួនភ្ញៀវ​មាន​ការធ្លាក់ចុះ ដោយសារ​ទឹក​លិចពិបាកក្នុងការធ្វើដំណើរទៅ​កាន់​តំបន់​នោះ។ ប៉ុន្តែចូលដល់​ឆ្នាំ២០១២នេះ គឺមាន​ភាព​ងាយស្រួល ដោយ​សារមានក្រុមហ៊ុនមួយដែល​មាន​ឈ្មោះថា ក្រុម​ហ៊ុនសូជីង ដែលបាន​បង្កើត​កំពង់ផែ​នៅទីនេះ បង្ក​ឱ្យ​មានភាពងាយ​ស្រួល​ក្នុង​ការធ្វើដំណើររបស់ភ្ងៀវទេសចរ ។ មិន​​តែ​ប៉ុណ្ណឹង នៅពេលដែលក្រុមហ៊ុនមក​បង្កើតនៅ​ទី​នេះ​ធ្វើ​ឱ្យ​បងប្អូនប្រជាពលរដ្ឋយើង គឺមានការ​ងារធ្វើបានមួយចំនួនធំផងដែរ។

ស្ថិតក្នុងសំលៀកបំពាក់អាវ.កឌុបដៃវែង​ពណ៌​ខៀវ លោកអែល ម៉ាន ជាចៅសង្កាត់ ចុង​ឃ្នៀស បានឲ្យដឹងថាចំនួនប្រជា​ជននៅក្នុង​សង្កាត់​​របស់គាត់មានចំនួន១.២២២គ្រួសារ ហើយ​ប្រជាពលរដ្ឋពី៦០ទៅ៦៥% ជា​ប្រជា​នេសាទ និង​​មួយចំនួនជាអ្នកដឹកភ្ញៀវ​ទេស​ចរ ហើយ​ចំពោះអ្នករស់នៅលើទឹក ក្រៅពី​នេ​សាទ​គឺពួកគាត់លក់ដូរវត្ថុ​អនុ​ស្សាវរីយ៍​ឲ្យភ្ញៀវ​ទេស​ចរនៅទី​នោះ។ លោកចៅសង្កាត់បន្តថា ការ​រស់​នៅ​របស់​ប្រជា​ពល​រដ្ឋ គឺមិនទៀង​ទាត់ទេ ពេល​ណា​​មានទឹក​ជំនន់ គឺបងប្អូន​យើង​ធ្វើផ្ទះ​បណ្តែត​លើ​ផ្ទៃទឹក ហើយប្រជាពលដ្ឋដែល​នៅ​លើគោក បើ​សិនជា​មាន​ទឹកជន់លិច គឺពួកគាត់​ផ្លាស់​ទីលំនៅ​​ទៅនៅ​ក្បែរ​ជើងភ្នំក្រោម។ ដូច្នេះ​ហើយ​ពេលខ្លះ ធ្វើ​ឱ្យ​ចំនួនប្រជាជន​មានការផ្លាស់​ប្តូរ​មិនទៀងទាត់។

លោក​អែល ម៉ាន បានប្រាប់​កោះ​សន្តិភាព​បន្តថា​ចំនួនភ្ងៀវទេសចរដែល​មក​កម្សាន្ត​នៅតំបន់ចុង​ឃ្នៀសនេះ មានចំនួន​ច្រើន​គួរ​សមដែរ ហើយថា​ភ្ងៀវភាគច្រើនដែល​ទៅ​លេង គឺគេ​ទៅមើលភូមិ​បណ្តែតទឹក និង​ព្រៃ​សហ​គមន៍​ដែល​មានសត្វ​ច្រើន​ប្រភេទ​​សម្រាប់​​ភ្ញៀវ​ទស្សនា។ យ៉ាង​ណា​ក៏​ដោយ លោកចៅសង្កាត់​ចុង​ឃ្នៀសបាន​សំណូម​ពរ​​ដល់រាជរដ្ឋាភិបាល​កម្ពុជា សប្បុរសជន ឬ​អង្គ​ការ​​មិនមែន​រដ្ឋា​ភិបាល​នានា ជួយផ្សព្វផ្សាយដល់​ភ្ងៀវទេសចរ​ជាតិ និងអន្តរជាតិ​ឱ្យ​មកលេងនៅ​តំបន់ចុង​ឃ្នៀស​នេះ ដើម្បីឱ្យ​ប្រជាពល​រដ្ឋ​មាន​ការងារធ្វើ និងរកប្រាក់ចំណូលផ្គត់ផ្គង់ជីវ​ភាព​របស់​ពួកគាត់។

ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោកង៉ូវ សេងកាក់ បានឱ្យដឹងថា តំបន់ទេស​ចរណ៍នៅបឹងទន្លេសាបមាន៤កន្លែង ដែល​ភ្ញៀវ​ទេស​ចរភាគច្រើនចូលចិត្តទៅកម្សាន្តរួម​មាន​តំបន់មេជ្រៃ កំពង់ភ្លក់ កំពង់ឃ្លាំង និង​តំបន់​ចុងឃ្នៀស ។ ប៉ុន្តែលោក​បញ្ជាក់ដែរថា ភ្ញៀវ​ទេសចរភាគច្រើនទៅកម្សាន្តនៅតំបន់ចុង​ឃ្នៀស ព្រោះសម្បូរដោយទេសភាពស្រស់ស្អាត ជាពិសេស​ពេល​ថ្ងៃលិច។ លោកប្រធានមន្ទីរ​ទេស​ចរណ៍ខេត្តសៀមរាប បានបន្ត​ថា ក្នុង​ចំណោម​ភ្ញៀវ​ទេសចរអន្តរជាតិដែល​មកលេងក្នុង​ខេត្ត​សៀមរាបទំាងអស់ គឺ​ប្រមាណ​៤៥ភាគរយទៅ​កម្សាន្ត និងមើលទេស​ភាពនៅតំបន់ចុង​ឃ្នៀស​លើ​ផ្ទៃបឹងទន្លេសាប។

បើទោះបីជាមិនទាន់មាន​តួ​លេខនៅក្នុងដៃក៏ដោយ ក៏លោកប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀម​រាប បានកត់​សម្គាល់​ឃើញ​ថា ភ្ញៀវទេសចរ​ទំាងជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្ត​នៅខេត្តសៀមរាបក្នុងឆ្នាំ​២០១២​នេះ មានការ​កើនឡើង ហើយថា នៅ​តំបន់​ចុង​ឃ្នៀសលើ​ផ្ទៃបឹងទន្លេសាបចំនួនភ្ញៀវ​ទេសចរ ក៏មានការ​កើន​ឡើងផងដែរ ។

លោកង៉ូវ សេងកាក់ បានបញ្ជាក់ឲ្យ​ដឹង​ដែរ​​ថា ក្នុងពេលបច្ចុប្បន្ននេះ មន្ទីរទេសចរណ៍​បាន​និងកំពុងរៀបចំសណ្តាប់ធ្នាប់​សន្តិសុខ​ឲ្យ​ប្រសើរ​ឡើងថែមទៀត ក៏ដូចជា​ត្រៀម​បើកវគ្គ​បណ្តុះ​បណ្តាលមគ្គុទេសក៍ទេសចរណ៍ និង​បណ្តុះ​បណ្តាល​​ភាសា​ដល់​សហ​គមន៍​ទេសចរណ៍​តំបន់​បឹងទន្លេ​សាប និង​បង្ហាត់បង្រៀនពីរបៀប​តុប​តែងលម្អ​សោភ័ណភាពលើទូកទេស​ចរណ៍​ជា​ដើម ដើម្បី​ទាក់​​ទាញភ្ញៀវទេសចរ​បន្ថែម​ទៀត​ឲ្យ​ចូលមក​កម្សាន្តនៅតំបន់ចុងឃ្នៀស និង​តំបន់​ដទៃ​ទៀត​ក្នុង​ខេត្តសៀមរាប ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]