ភ្នំពេញ៖ ជីវិតឯកជនរបស់អតីតពិធីការិនី ក្នុងកម្មវិធី "រាត្រីពណ៌ស្វាយ"នៃស្ថានីយទូរទស្សន៍បាយ័ន ពេជ្រ សិរីរ័ត្ន នៅតែស្ថិតក្នុងការតាមប្រមាញ់ ពីក្រសែភ្នែកមហាជនដដែល ជាពិសេសពីបណ្តាញសារព័ត៌មាននានា បើទោះជាពេជ្រ សិរីរ័ត្ន បានប្រកាសជាសាធារណៈថា នាងសុំដកខ្លួន ឲ្យឆ្ងាយពីជីវិតសិល្បៈយ៉ាងណាក្តី។ ជាថ្មីម្តងទៀត ពេជ្រ សិរីរ័ត្ន នៅតែមិនអាចគេចផុតពីសំណាញ់រឿងអាស្រូវ ដែលនៅតែដិតដាមប្រៀបបីដូច ជាស្រមោលអន្ទោល តាមប្រាណ និងនៅតែតាមលងបន្លាច លើជីវិតស្ងប់ស្ងាត់ របស់នាងនាពេលនេះ ជាបន្ត បន្ទាប់ហើយក៏មិនមាន ភស្តុតាង ឬអំណះអំណាង ជាក់លាក់ណាមួយ ដើម្បីបន្សាប ឬលុបបំបាត់ចោលទាំង ស្រុង ជុំវិញរឿងរ៉ាវអាស្រូវ ដែលតែងតែកើតមានជារឿយៗ លើជីវិតឯកជនរបស់នាងបានឡើយ។

ពេជ្រ សិរីរ័ត្ន បានឈានជើងចាកចេញទាំងមិនស្តាយស្រណោះ ចំពោះកេរ្តិ៍ឈ្មោះ ដែលនាងខំសន្សំអស់រយៈ ពេល ជា ច្រើនឆ្នាំហើយគិតថា ខ្សែជីវិតរបស់នាង នឹងជួបភាពស្ងប់ស្ងាត់ លែងមានព័ត៌មានអ្វីតាមរំខានដល់ នាងទៀតហើយ។ ផ្ទុយទៅវិញថ្មីៗនេះខណៈដែល ពេជ្រ សិរីរ័ត្ន កំពុងតែសម្ងំសោយសុខ លើគំនរសុភមង្គល ក្នុងវីឡាដ៏ ស្កឹមស្កៃនោះ ស្រាប់តែមានប្រភពព័ត៌មាន នៅកៀកកិតស្រីស្រស់សាច់សរខ្ចីរូបនេះ បានបង្ហើបឲ្យ ដឹងថា ការសម្ងំ លាក់ខ្លួន មួយរយៈធំមកនេះ គឺដោយសារតែ ពេជ្រ សិរីរ័ត្ន នាងកំពុងមានផ្ទៃពោះ ហើយតាម ការដឹង គឺប្រហែល ជា៣ទៅ៤ខែមកហើយ ជាមួយនឹងប្រុសស្នេហ៍លាក់មុខរបស់នាង ពោលគឺកើតមានមុន ពេល ពេជ្រ សិរីរ័ត្ន ធ្វើពិធី ខួបកំណើតឲ្យជីជី ជាប្អូនស្រីរបស់នាងទៅទៀត ។

ប្រភពព័ត៌មានខាងលើ បានព្រលយ ឲ្យដឹងទៀតថា បុរសនោះ តែងតែទៅសួរសុខទុក្ខពេជ្រ សិរីរ័ត្ន ជារឿយៗ ជាពិសេសគឺនៅហាង យីហោ "បេឡាស្ប៉ា" ម្តុំរង្វង់មូលទូលគោក ហើយត្រូវបាន បុគ្គលិកនៅទីនោះបាន ឃើញជាញឹកញាប់ តែពួកគេមិនចាប់អារម្មណ៍ថា ជាគូស្នេហ៍ នឹងគ្នាឡើយ។

ផ្ទុយពីប្រភពព័ត៌មានខាងលើ អតីតពិធីការិនី រត់ចោលទ្រនំ ពេជ្រ សិរីរ័ត្ន បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ខណៈដែលនាងកំពុងចំណាយពេលលំហែកាយ នៅឯក្រុងព្រះសីហនុ ទាំងសំណើចសើចកក្អឹក ថា " ម៉េច ... បានជាមានគេថាអ៊ីចឹង...! ខ្ញុំមកកំពង់សោមពីរនាក់ប្អូន កំពុងបង្ហោះរូបម៉ា គគោក អត់ដឹងខ្លួន ផង..... ! ព័ត៌មាន ចេះតែថា... ខ្ញុំដូចជាស៊ាំ.. ដឹងមកពីណា ? ម៉េចមិនសួរ គេឲ្យច្បាស់...? ដូចឃើញស្រាប់ ខ្ញុំអត់មានផ្ទៃពោះ ផ្ទៃពុង អីកើតឡើងទេ... បើមានមែន ថ្ងៃនេះ ខ្ញុំនៅកំពង់សោម ឆ្ងាយចង់ងាប់... ខ្ញុំមកធ្វើអី បើនៅផ្ទះ ដេកមិន ស្រួលជាង ទេឬ..? "។

ពេជ្រ សិរីរ័ត្ន បានអះអាងពីឆ្នេរអូឈើទាលទៀតថា "រឿងបែបហ្នឹង.. ខ្ញុំឡើងធុញលែងចង់មាន ប្រតិកម្មអី ទៀត ហើយ (សើច.....) ខ្ញុំនិយាយមែនទែន.. ? ខ្ញុំអត់ខ្វល់ បើទោះបីជាខ្ញុំ មានផ្ទៃពោះ ដូចគេនិយាយមែន ក៏ខ្ញុំអត់ខ្វល់ ឬត្រូវខ្លាចអ្នកណាដែរ... ព្រោះហេតុអី ? វាស្ថិតនៅក្នុងការសម្រេចចិត្តរបស់ខ្ញុំថា មានឬមិនមាន ។ ប៉ុន្តែបើពេល នេះ ខ្ញុំមិនទាន់មាន (ផ្ទៃពោះ) ហើយថ្ងៃខាងមុខ ខ្ញុំមានកូន ទោះកូននោះកើតមក ជាកូន របស់ខ្ញុំ ក៏នៅតែជាកូន របស់ខ្ញុំ។ ខ្ញុំអត់លាក់ ឬគេចវេស ពីការពិតអ្វីទេ.. "។

ពេជ្រ សិរីរ័ត្ន បានលើកឡើងទៀតថា " ជាធម្មតា អ្នកសិល្បៈមិនថា ជាគូសង្សា ឬជាប្តីប្រពន្ធ រមែងមានការរិះ គន់ ពីមហាជន ជាពិសេសរឿងមានកូនមុនពេលរៀបការនេះឯង...! ព្រោះមានអ្នកសិល្បៈ ជាច្រើននាក់មក ហើយ ដែលបានជួប នូវព្យុះបក់បោករបៀបនេះ ។ ខ្ញុំដឹងថា គេចូលចិត្តវាយប្រហារ តែត្រង់ចំណុចហ្នឹងទេ... អ្នកខ្លះក៏ និយាយល្អ អ្នកខ្លះនិយាយអាក្រក់ ខ្ញុំចាត់ទុកថា វាជារឿងធម្មតា សម្រាប់ខ្ញុំ ក៏ដូចអ្នកសិល្បៈរង គ្រោះទាំងអស់ ដែរ។ ខ្ញុំក៏ហ៊ានប្រឈមមុខទទួលខុសត្រូវ ដូចគេដូចឯងដែរ មិនខ្លាចគេនិយាយថា មាន កូនចាំបាច់លាក់លៀម.?  តែសំខាន់ឥឡូវហ្នឹង.. ខ្ញុំវាអត់មាន... ហើយក៏គ្មានអ្វីត្រូវលាក់លៀមដែរ...។ តែបើ ខ្ញុំមាន (ផ្ទៃពោះ) មកសួរខ្ញុំ ខ្ញុំនឹង ឆ្លើយថា "មាន" ហើយការបង្ហាញមុខគូស្នេហ៍ ឲ្យគេស្គាល់ឬមិនស្គាល់ វាមិន ចាំបាប់ទេ ជាសិទ្ធិសេរីភាពរបស់ខ្ញុំ"។
ទោះជាយ៉ាងណា ពេជ្រ សិរិរ័ត្ន ហាក់នៅតែអះអាង ក្រោមជំនឿចិត្តខ្លួនឯង យ៉ាងមុតមាំថា នាងមិនទាន់ មានផ្ទៃ ពោះ ដូចការលើកឡើងកន្លងមក វាយប្រហារលើរូបនាងនោះឡើយ ។ ឯកាបង្ហាញមុខគូស្នេហ៍ ក៏ ពេជ្រ សិរីរ័ត្ន នៅតែបញ្ជាក់ម្តងហើយម្តងទៀតថា នាងមិនចង់បង្ហាញទេ ព្រោះសម្អាងថា ជីវិតសិល្បៈរបស់ នាងត្រូវបានបញ្ចប់ ទាំងស្រុងហើយ និង មិនចង់ឲ្យមានប្រវត្តិសាស្រ្តស្នេហាច្រំដែលៗ ដូចកាលពីនាងរស់ នៅក្នុងសង្គមសិល្បៈនោះ តទៀតទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]