​រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​


នាយករដ្ឋមន្ត្រី​ប្រាប់​ពលរដ្ឋ ​ឈប់​ខ្វល់​រឿង​បណ្ណ​បើកបរ​ម៉ូតូ​

នៅ​ថ្ងៃទី​៧ មករា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់​ម្តងទៀត​ពី​ការឈប់​ផាកពិន័យ ​បណ្ណ​បើកបរ​ម៉ូតូ​កម្លាំង ១២៥cc ចុះ​ក្រាម ស្របពេល​សមត្ថកិច្ច​ ចុះ​អនុវត្តន៍​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី រយៈពេល ៧​ថ្ងៃ​រហូត​មកនេះ​។​ សម្តេច​មានប្រសាសន៍​យ៉ាង​ដូច្នេះ​ថា​៖«​ចាប់ពីពេលនេះ​តទៅ អស់កម្ម​អស់​ពារ​ហើយ ទៅលើ​បញ្ហា​ម៉ូតូ​ដែលមាន​កម្លាំង ១២៥ cc ចុះ​ក្រាម​។ ហើយ​សូមកុំ​ឆ្ងល់​លើ​រឿងនេះ​ទៀត ប្រសិនបើ​អាជ្ញាធរ​ណា​រារាំង ទៅលើ​បញ្ហា​នេះ អ្នកនោះ គឺ​ប្រឆាំង​ជាមួយនឹង​ផលប្រយោជន៍​ស្របច្បាប់ ​របស់​ប្រជាជន​ដែល​នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ផ្តល់ជូន​ប្រជាពលរដ្ឋ ដើម្បី​ដោះស្រាយ​ការលំបាក បញ្ចប់​ការលំបាក របស់​ប្រជាជន​»​។​ ប្រភព៖ ថ្មីៗ

 

លោក សម រង្ស៊ី ថា​៧​មករា​ជា​ឆាកល្ខោន ​របស់​វៀតណាម តែ​លោក ហ៊ុន សែន ថា​អ្នក​ប្រឆាំង​៧​មករា​គឺ​សម្ព័ន្ធមិត្ត​ប៉ុលពត​​

លោក សម រង្ស៊ី បាន​ធ្វើ​ការកត់សម្គាល់​ដូចនេះ តាមរយៈ​សារ​របស់​លោក ​លើ​ទំព័រ​បណ្ដាញ​សង្គម​ហ្វេ​សប៊ុក​។ សារ​របស់​លោក​បាន​រៀបរាប់​ ដូចនេះ​ថា​៖ “​គេ​ថា​គេ​មក​រំដោះ​យើង​ពី​ខ្មែរក្រហម តែ​បើ​អត់​មាន​យួន​កុំម្មុយនីស្ដ​ពី​ដើមទី ក៏​អត់​មាន​ខ្មែរក្រហម​ដែរ​។ ឥឡូវនេះ​គេ​ថា បើ​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ក៏​គ្មាន​អ្វីៗ​ដែល​យើង​មាន​សព្វថ្ងៃ​ដែរ​។ តែ​បើ​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥ (​ថ្ងៃ​ខ្មែរក្រហម​ឡើង​កាន់​អំណាច​) ក៏​គ្មាន​ថ្ងៃ​៧ មករា ១៩៧៩ ដែរ​”​។ ​ប្រធាន​គណបក្សប្រឆាំង​រូបនេះ​បន្តទៀតថា​៖ “​បើ​គ្មាន​ពួក​កុំម្មុយនីស្ដ​យួន​ជួយ​ពួក​ខ្មែរក្រហម ​ក្នុង​ដើម​ទសវត្សរ៍ ឆ្នាំ​១៩៧០ ក៏​គ្មាន​ថ្ងៃ ១៧ មេសា ១៩៧៥​ដែរ​។ ដូច្នេះ មួយ​ផ្នែក​ធំ​នៃ​រឿងរ៉ាវ​ក្នុង​រយៈពេល ​ជិត ៥០​ឆ្នាំ​កន្លងមកនេះ គឺ​មាន​ការរៀបចំ​យ៉ាង​សកម្ម​ដោយ​យួន​កុំម្មុយនីស្ដ ដើម្បី​បំភ័ន្ដ​ភ្នែក​ប្រជារាស្ដ្រ​ខ្មែរ​”​។​ ​លោក ហ៊ុន សែន មានប្រសាសន៍​ដូចនេះ​ថា​៖ “៧ មករា មាន​សត្រូវ​តែ​មួយ​ប៉ុណ្ណោះ​ គឺ​របប​ប្រល័យ​ពូជ​ស​សាសន៍​ប៉ុល ពត គឺ​មាន​អ្នក​ស្រឡាញ់​របប​ប្រល័យ​ពូជ​ស​សាសន៍ ប៉ុណ្ណោះ​ដែល​ប្រឆាំង​៧ មករា ទោះបី នៅ​មាន​ក្រុម​អ្នកនយោបាយ និង​មជ្ឈដ្ឋាន​អគតិ​មួយចំនួន​ព្យាយាម​មួលបង្កាច់​ឥតឈប់ឈរ​នូវ​អត្ត​ន័យ​ ជា​ប្រវត្តិសាស្ត្រ នៃ​ថ្ងៃ​៧​មករា​យ៉ាងណាក្ដី ក៏​ពួកគេ​ពុំ​អាច​ធ្វើឱ្យ​សភាពការណ៍​កម្ពុជា​ផ្លាស់ប្ដូរ​បាន​ឡើយ ព្រោះ ថា ៧​មករា​គឺជា​របស់​ប្រជាជន ហើយ​អ្វីៗ​ដែល​ពួកគេ​បាន​ធ្វើ​គឺ​ផ្ទុយ​ពី​ឆន្ទៈ និង​ផលប្រយោជន៍​របស់​ប្រជាជន ហើយ​ក្រុមប្រឆាំង​ថ្ងៃ​៧​មករា​ជា​សម្ព័ន្ធមិត្ត​ប៉ុល​ពល​"។​ ប្រភព៖ VOD

រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី មកបំពេញទស្សនកិច្ច នៅកម្ពុជាសប្ដាហ៍ក្រោយ​

ក្រសួងការបរទេសកម្ពុជាឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រីលោក ពិទ័រ ហ្ស៊ីហ្សារតូ (Péter Szijjártó) នឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសកម្ពុជាចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៤ ខែមករា ដើម្បីពង្រឹង និងពង្រីកបន្ថែមទំនាក់ទំនងរវាងប្រទេសទាំងពីរ។ សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសដែលចេញផ្សាយនៅថ្ងៃសុក្រនេះ ឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ធ្វើឡើងតាមការអញ្ជើញរបស់លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា។ ប្រភព៖ VOD

លោក ស ខេង ថា​វៀតណាម ​ព្រម​ឈប់​ជួល​ដី​ខ្មែរ ​នៅ​តាម​ព្រំដែន

ដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង ថ្លែង​នៅ​ថ្ងៃ​ទី​៦ មករា នេះ​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ វៀតណាម ​នឹង​ឈប់​ជួល​ដី និង​ពិចារណា​លើ​ការ​ជួល​ដី​ទាំង​អស់​តាម​បណ្ដោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។ លោក ស ខេង ថ្លែង​ដូច្នេះ បន្ទាប់​ពី​កិច្ច​ប្រជុំ​ការងារ​ជាមួយ​នឹង​មន្ត្រី​ពន្ធនាគារ​នា​ក្រសួង​មហាផ្ទៃ ដោយ​អះអាង​ថា រដ្ឋាភិបាល​វៀតណាម បាន​សម្រេច​ឈប់​ឲ្យ​ពលរដ្ឋ​គេ​ជួល​ដី​ខ្មែរ​តាម​ព្រំដែន ហើយ​នឹង​ប្រគល់​ដី​នោះ​មក​កម្ពុជា វិញ។ កាល​ពី​ពេល​ថ្មីៗ​នេះ ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​ស្នើ​ដល់​ភាគី​វៀតណាម ឈប់​ជួល​ដី​ខ្មែរ​នៅ​តាម​ព្រំដែន ព្រោះ​ការ​ជួល​ដី​នោះ មិន​បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា នៅ​តាម​ព្រំដែន​ឡើយ។ ប្រភព៖ RFA

គណបក្ស​ប្រឆាំង​ថា​បក្ស​កាន់​អំណាច​ខ្លាច​លោក សម រង្ស៊ី ចូលរួម​ប្រកួត​ប្រជែង​បោះ​ឆ្នោត

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លើក​ឡើង​ថា លោក សម រង្ស៊ី មិន​ខ្វល់​នឹង​ដីកា​ចាប់​ខ្លួន​លោក​ជា​បន្តបន្ទាប់​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ការ​ចេញ​ដីកា​ចាប់​ខ្លួន​ជា​បន្តបន្ទាប់​នេះ គឺ​បង្ហាញ​ថា ដោយសារ​គណបក្ស​កាន់​អំណាច​ខ្លាច​វត្តមាន​របស់ លោក សម រង្ស៊ី ឬ​គណបក្ស​សង្គ្រោះ​ជាតិ ដោយសារ​តែ​គណបក្ស​កាន់​អំណាច​ បាន​ដឹក​នាំ​ប្រទេស​ជាង ៣០​ឆ្នាំ​មក មាន​រឿង​អយុត្តិធម៌ ជាច្រើន ​កើត​ឡើង​នៅ​ក្នុង​សង្គម ដែល​គណបក្ស​នេះ​គ្មាន​សមត្ថភាព​ដោះស្រាយ។ មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ថ្លែង​មិន​ចាប់​អារម្មណ៍​​នឹង​ដីកា​មួយ​ថ្មី​ទៀត​របស់​តុលាការ បង្គាប់​ឲ្យ​ចាប់​ខ្លួន លោក សម រង្ស៊ី នោះ​ឡើយ ដោយ​អះអាង​ថា គណបក្ស​កាន់​អំណាច​មាន​បំណង​មិន​ឲ្យ លោក សម រង្ស៊ី ចូលរួម​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ។ លោក យឹម សុវណ្ណ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ បញ្ចេញ​ប្រតិកម្ម​នៅ​ថ្ងៃ​ទី​៦ មករា ថា សំណុំ​រឿង​របស់ លោក សម រង្ស៊ី ដែល​តុលាការ​ចេញ​ដីកា ​ឲ្យ​ចូល​ខ្លួន​បំភ្លឺ និង​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​ផង​នោះ គឺ​ជា​ហេតុផល​នយោបាយ មិន​មែន​ជា​រឿង​អ្វី​ផ្សេង​នោះ​ឡើយ៖ «ដោយ​បញ្ហា​គាត់​ដោះ​មិន​ចេញ ដូចជា​បញ្ហា​ពុក​រលួយ រំលោភ​សិទ្ធិ​មនុស្ស ដីធ្លី ក្រីក្រ សេវា​សាធារណៈ​ផ្ដល់​ជូន​ប្រជាពលរដ្ឋ​មិន​ល្អ​គ្មាន​គុណភាព»។ ប្រភព៖ RFA


ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]