រាជធានីភ្នំពេញ ៖ ផលិត​ករ​ភាព​យន្ត​វ័យ​​​ចំណាស់​​ម្នាក់​ដែល​មនុស្ស​ជំនាន់​​សម័យ​សង្គម​រាស្ត្រ​​និយម​ភាគច្រើន​​បាន​ស្គាល់​រូប​គាត់​ឥឡូវ​​បាន​ទទួល​​មរណ​ភាព​ហើយ​ ដោយ​រោគា​ពាធ​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃទី​១០ សីហា ២០១២ ​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត បន្ទាប់​ពី​ចូល​សម្រាក​ព្យា​​បាល​​៤​ថ្ងៃ​ ដែល​ជា​មួយ​ការ​ស្លាប់​​នេះ​បាន​នាំ​យក​ទៅ​ជា​មួយ​​នូវ​ធនធាន​មនុស្ស​ផ្នែក​​វិស័យ​សិល្បៈ​​ភាព​យន្ត​បង្ក​ឱ្យ​មាន​ការ​​សោក​ស្តាយ​ពន់​ពេក​​ផង​ដែរ ។

​​ផលិត​ករ​​​ភាពយន្ត​វ័យ​ចំណាស់​​រូប​នេះ​ឈ្មោះ​អីុ វ៉ុង​ហែម អាយុ​៧៥​ឆ្នាំ ​​កើត​ជំងឺ​បេះដូង​ប្រហែល​២០​ឆ្នាំ មក​ហើយ... ​ទើប​តែ​ថ្មីៗ​នេះ​​ទេ ស្ថាន​ភាព​ជំងឺ​បាន​ធ្វើ​ទុក្ខ​ខ្លាំង​ធ្លាក់​ដុន​ដាប​ត្រូវបាន​ក្រុម​គ្រួសារ​​នាំ​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​​ពេទ្យ​​កាល់​ម៉ែត ប៉ុន្តែ​បាន​រយៈ​ពេល​៤​ថ្ងៃ​ប៉ុណ្ណោះ​ ក៏​ស្លាប់​ក្រោម​ដំណក់​ទឹក​ភ្នែក​​សោក​ស្តាយ​ពី​ក្រុម​គ្រួសារ​ សាច់​ញាតិ​ មិត្តភក្តិ ។ សព​របស់​លោក​ផលិត​ករ​ភាព​យន្ត​អីុ វ៉ុង​ហែម ត្រូវ​​បាន​យក​ទៅ តម្កល់​ធ្វើ​បុណ្យ​​តាម​ប្រពៃណី​នៅ​វត្ត​ទួល​ទំពូង រាជ​ធានីភ្នំពេញ រយៈ​ពេល​៣​ថ្ងៃ ។

គួររំលឹក​​បន្តិច​ថា ខ្សែ​ភាព​យន្ត​ដែល​លោក​អីុ វ៉ុង​ហែម ដឹក​នាំ​សម្តែង និង​ផលិត​រួម​មាន ៖ រឿង​អាបុល ​កាសេម, រំដួល​អង្គរ, សុវណ្ណ​ហង្ស, ​ស្រមោល​អន្ធការ...។ ​ផលិត​ករ​វ័យ​៧៥​ឆ្នាំ​​ផុត​រលត់​ជីវិត​រូប​នេះ កាល​នៅរស់​បាន​ចូល​ប្រឡូក​ក៏​​​ដូច​ជា​ការ​​ចាប់​យក​អាជីព​លើ​វិស័យ​ភាព​យន្ត​ គឺ​ចាប់តាំង​ពី​ទស​វត្ស​ឆ្នាំ​៦០​មក​ម៉្លេះ ​ហើយ​មក​ដល់​បច្ចុ​ប្បន្ន​​នេះ​​លោក​ធ្វើការ​ងារ​មួយ​ចំនួន​ជា​មួយ​អង្គ​ការ​ក្រៅ​រដ្ឋា​ភិបាល​​​ផ្នែក​​ផលិត​ភាព​​យន្ត ប៉ុន្តែ​ស្តាយ​ណាស់​មិន​​អាចបន្ត​​ដំណើរ​​ទៅ​មុខ​ទៀត​បាន​នោះ​ទេ ​លោកបាន​​លា​ចាក​​លោក​នេះ​ហើយ ។

ព័ត៌​មាន​លំអិត​នឹ​ង​​ផ្សាយជូន​នៅពេល​ក្រោយ ​នៅ​លើ​ទំព័រកាសែតកោះ​​​សន្តិ​​ភាព និង​​នៅ​​តាម​វិទ្យុ​សំឡេង​កោះ​សន្តិ​ភាព FM 87.75 រាជធានី​ភ្នំពេញ, FM 87.5 ខេត្តបាត់ដំបង៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]