អេស្ប៉ាញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅក្នុងវិស័យកីឡាបាល់ទាត់ ត្រូវបានប្រកាសឲ្យដឹង កាលពីព្រឹកមិញនេះ ដែលជាការផ្លាស់ប្តូរគ្រូបង្វឹករបស់ក្លិបបាល់ទាត់ Real Madrid លោក Rafael Benitez ដាក់ជំនួសមកវិញនូវ អតីតកំពូលតារាបាល់ទាត់ពិភពលោក លោក Zinedine Zidane។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា លោក Florentino Perez ប្រធានក្លិបបាល់ទាត់អធិរាជស Real Madrid បានឡើងថ្លែងនៅក្នុង សន្និសីទកាសែតខ្លីមួយ កាលពីល្ងាចថ្ងៃច័ន្ទ (ម៉ោងក្នុងស្រុក) ដោយក្នុងនោះគឺបាន អះអាងថាលោក Rafael Benitez ត្រូវបានក្លិបសម្រេចបណ្តេញចេញ ពីកៅអីគ្រូបង្វឹកហើយ ដោយយកបុរសវ័យ ៤៣ឆ្នាំ និងជាកំពូលតារាបាល់ទាត់ របស់ប្រទេសបារាំង គឺលោក Zinedine Zidane មកជំនួសវិញ។



Zidane និងលោក Florentino Perez នៅក្នុងសន្និសីទកាសែត

ជាមួយគ្នានេះដែរលោក Perez បាននិយាយបញ្ជាក់ប្រាប់ទៅដល់ Zidane ថា “នេះគឺជាក្លិបរបស់អ្នក នេះគឺជាកីឡដ្ឋានរបស់អ្នក ពួកយើងគាំទ្រអ្នកពេញទំហឹង។ ចាប់ពីពេលនេះតទៅ លោកជាអ្នកបង្វឹកក្លិប Real Madrid ហើយ។ ខ្ញុំដឹងថា សំរាប់រូបលោកផ្ទាល់ គ្មានទេពាក្យថា មិនអាចទៅរួចនោះ”។

សំរាប់  Zinedine Zidane វិញ បើទោះបីជាមានបទពិសោធន៍តិចតួច ក្នុងការធ្វើជាគ្រូបង្វឹកក្លិបក៏ពិតមែន តែគាត់បានថ្លែងថា “ខ្ញុំចង់អរគុណក្លិប និងប្រធានក្លិប ដែលផ្តល់ឱកាសនេះដល់រូបខ្ញុំ។ នេះជាក្លិបដ៏ល្អបំផុតមួយនៅលើពិភពលោក និងមានអ្នកគាំទ្រយ៉ាងច្រើនបំផុតជុំវិញពិភពលោក។ ខ្ញុំនឹងប្រឹងប្រែងឲ្យអស់សមត្ថភាព ដើម្បីធានាឲ្យបានថា ក្លិបអាចលើកពានមួយសំរាប់រដូវកាលនេះ”។


លោក Rafael Benitez អតីតគ្រូបង្វឹកក្លឹប Real Madrid និងលោក Zinedine Zidane គ្រូបង្វឹកថ្មី

គូសបញ្ជាក់ផងដែរថា លោក Rafael Benitez ត្រូវបានក្លិបបណ្តេញចេញ ក្រោយពីលោកដឹកនាំ បានរយៈពេលជាង ៦ខែមក។ ក្នុងនោះលទ្ធផលដែលលោក Benitez ទទួលបានហាក់ដូចជាមិនសូវល្អ ស្របពេលដែលមាន កីឡាករមួយចំនួន បង្ហាញពីភាពមិនពេញចិត្ត ចំពោះការដឹកនាំរបស់លោកផងដែរ។

យើងនឹងចាំមើលថាតើវាសនារបស់ Zidane អាចដូចជាគ្រូបង្វឹកមុនៗ ដែរឬយ៉ាងណា?


Zinedine Zidane និង Luis Enrique (គ្រូបង្វឹកក្លឹប Barcelona) ពេលដែលនៅជា កីឡាករ

ប្រភព៖ ដេលីម៉េល

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]