អូស្ត្រាលី៖ ហេតុការណ៍ដ៏សឹងតែ មិនគួរឲ្យជឿមួយ បានកើតឡើងទៅលើគ្រួសាររងគ្រោះ មានសមាជិក ៥នាក់ ត្រូវអស់ផ្ទះ ដោយសារអគ្គីភ័យឆាបឆេះឡើង បង្កដោយអណ្តាតភ្លើង ដែលផ្ទុះចេញពីក្តារ Hoverboad។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅតំបន់ Strathmore ស្ថិតនៅជាយទីក្រុង Melbourne ប្រទេសអូស្ត្រាលី។ សមាជិកនៃគ្រួសាររងគ្រោះទាំងមូល បានក្លាយជា ជនគ្មានផ្ទះសម្បែង ពោលគឺក្រោយពីផ្ទះរបស់ពួកគេ ត្រូវបានភ្លើងឆេះខ្ទេចខ្ទី ហើយមូលហេតុនោះ គឺផ្តើមចេញពីការផ្ទុះឆេះក្តារ Hoverboard មួយគ្រឿង។

សារព័ត៌មានក្នុងស្រុក បានដកស្រង់សម្តី ក្រុមពន្លត់អគ្គិភ័យ ឲ្យដឹងថា ក្មេងស្រីម្នាក់ នៅក្នុងសមាជិកគ្រួសាររងគ្រោះ បានឃើញផ្កាភ្លើងផ្ទុះចេញពីក្តារ Hoverboard ដែលកំពុងសាកថ្ម នៅក្នុងបន្ទប់របស់នាង ហើយមិនយូរប៉ុន្មាន វាក៏បានក្លាយទៅជាអណ្តាតភ្លើងឆាបឆេះ យ៉ាងសន្ធោសន្ធៅតែម្តង។


សំណល់ក្តារ Hoverboard ដែលជាមូលហេតុ បង្កឲ្យមាអគ្គិភ័យឆាបឆេះ

លោក Phil Smith មេបញ្ជាការពន្លត់អគ្គីភ័យប្រចាំទីក្រុងខាងលើ បាននិយាយថា “វាក៏ជាសំណាងមួយ ផងដែរ ដែលគ្រួសារនេះអាច គេចផុតគ្រោះអគ្គីភ័យនេះ ដោយមិនមានរបួស តែផ្ទះរបស់ពួកគេវិញ គឺត្រូវឆេះសឹងតែ អស់ខ្ទេចខ្ទីទៅហើយ។ ហេតុការណ៍នេះគឺផ្តើមចេញពី ក្តារ Hoverboard ដែលកំពុងសាកថ្ម ហើយវាកើនឡើងកំដៅខ្លាំងពេក ដោយសារហេតុផលមួយចំនួន ទើបបណ្តាលឲ្យ វាផ្ទុះចេញផ្កាភ្លើង ហើយទម្រាំតែមានអ្នកឃើញ គឺយឺតពេលទៅហើយ”។

គូសបញ្ជាក់ផងដែរថា នេះគឺជាហេតុការណ៍មិនល្អមួយ ដែលផ្តើមចេញឡើងពីក្តារ Hoverboard ដែលជាផលិតផលអេឡិចត្រូនិក មួយប្រភេទកំពុងពេញនិយម នៅតាមបណ្តាប្រទេសជាច្រើន ជុំវិញពិភពលោក។ ម្យ៉ាងវិញទៀត នេះក៏ជាមេរៀនសម្រាប់ ដាស់តឿនមួយផងដែរ ចំពោះការធ្វេសប្រហែស ក្នុងការទុកឧបករណ៍អេឡិចត្រូនិក សាកថ្មចោល ដោយគ្មានអ្នកនៅចាំមើល៕


ផ្ទះរបស់ក្រុមគ្រួសារ ដែលត្រូវបានភ្លើងឆាបឆេះ បង្កឡើងដោយអណ្តាតភ្លើង ផ្ទុះចេញពីក្តារ Hoverboard


ក្តារ Hoverboard ដែលជាឧបករណ៍អេឡិចត្រូនិក កំពុងពេញនិយម

ប្រភព៖ BBC

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]