ម៉ាឡេស៊ី៖ តារាសម្តែងស្រី ម៉ាឡេស៊ី ដ៏មានប្រជាប្រិយភាពម្នាក់​ ស្លាប់ទាំងវ័យក្មេង ដោយសារ ជម្ងឺមហារីកថ្លើម កាលពីថ្ងៃទី ២៨ ធ្នូ តែមុនស្លាប់ ក្រុមគ្រូពេទ្យបានព្យាយាមជួយ អស់ពីលទ្ធភាព ដោយបានកាត់ថ្លើម ចេញ ៦០ភាគរយ ដើម្បីជួយជីវិត តែចុងក្រោយនៅតែមិនបានផល។


រូបភាពរបស់ Tiffany Leong

តាមប្រភពព័ត៌មានបានឲ្យដឹងថា តារាស្រីអភ័ព្វរូបនេះ ឈ្មោះ Tiffany Leong  អាយុ ៣០ឆ្នាំ ត្រូវបានបញ្ជួនមក សង្គ្រោះបន្ទាន់​ នៅមន្ទីរពេទ្យកូឡាឡាំពួរ នៅពេលល្ងាច មុនថ្ងៃបុណ្យណូអែលចូលមកដល់ បន្ទាប់ពីអាការៈ កាន់តែធ្ងន់ធ្ងរ។ ដំបូងឡើយក្រុមគ្រូពេទ្យ បានរកឃើញរោគសញ្ញាដំបូង នៃអាការៈរបស់នាង កាលពីឆ្នាំ ២០១៣ ថាអាចវិវឌ្ឍន៍ទៅជាដុំសាច់សាហាវ ដូច្នេះក្រុមគ្រូពេទ្យក៏សម្រេចចិត្ត កាត់ថ្លើម ៦០ភាគរយ របស់នាងចេញ ដើម្បីឲ្យអាការៈធូរស្បើយជាងមុន។ ហើយនាងក៏ទើបតែត្រឡប់ទៅ បំរើវិស័យភាពយន្តវិញជាធម្មតា កាលពីដើមឆ្នាំនេះ ប៉ុណ្ណោះ ប៉ុន្តែក៏ត្រូវបង្ខំចិត្តឈប់វិញ​ ក្រោយពីជម្ងឺរបស់នាងធ្វើទុក្ខខ្លាំងដូចនេះ។   

គួរឲ្យសោកស្តាយ បន្ទាប់ពីបាត់បង់រូបនាងហើយនោះ មិត្តសិល្បៈករ ជាច្រើនទៀត ក៏បានសរសេរជាសារ រំលែកទុក្ខ នៅលើគេហទំព័រហ្វេសប៊ុក របស់ពួកគេផ្ទាល់ថា Tiffany Leong ជាមនុស្សស្រីម្នាក់​ ដែលមានអត្តចរិក​ស្លូតបូត មានទេពកោសល្យខ្ពស់​ ស្រស់ស្អាត ចិត្តល្អ ចេះជួយទុក្ខធុរៈអ្នកដទៃ និងគុណសម្បតិ្តជាច្រើនទៀត ព្រមទាំងសារសោកស្តាយខ្លាំង ដែលបាត់បង់មនុស្សស្រីដែលល្អ ដូចជានាង។

គួរបញ្ជាក់ផងដែរថា Leong ធ្លាប់ជាពិធីករ​​ និងតារាបង្ហាញម៉ូត ដ៏ជោគជ័យ នៅប្រទេសម៉ាឡេស៊ី មុនពេលដែល នាងក្លាយទៅជា តារាសម្តែងនៅក្នុងកម្មវីធីទូរទស្សន៍ សឹង្ហបុរី (Singapore TV) ហើយក៏បានសាងស្នាដៃជាច្រើន ដូចជា សម្តែងរឿង​ភាគដំបូងគឺ “The Beginning” ក្នុងឆ្នាំ ២០០៦ ដែលសហការផលិតដោយ ប្រទេសសិង្ហបុរី និងប្រទសម៉ាឡេស៊ី។ បន្ទាប់មកនាងក៏បង្ហាញខ្លួនក្នុងរឿង “La Femme” ក្នុងឆ្នាំ ២០០៨ ហើយក្រោយមកទៀត គឺរឿងភាគ “Priceless Wonder” ជាតួឯកផងដែរ។ ហើយ កាលពីឆ្នាំ ២០១១ នាងត្រូវបានជាប់ឈ្មោះជាតារាសម្តែង ស្រី ដែលមានប្រជាប្រិយភាពបំផុត ក្នុងចំណោមតារាទាំង ១០ នៃកម្មវិធី Star Awards ទៀតផង៕




ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]