ភ្នំពេញៈ អតីតពិធីការិនីសម្រស់ស្រស់ស្អាត អ្នកនាង ឈិន ចាន់សុធារី ដែលទស្សនិកជនដឹងថា ពេលនេះកំពុងតែសម្ងំពពោះកូនដំបូងនោះ បានចេញមុខបង្ហើបប្រាប់ឲ្យដឹងថា នៅសល់ពេលប្រហែលជា ២-៣ខែទៀតទេ អ្នកនាងនឹងបានឃើញ មុខកូនហើយដោយ កូនដែលអ្នកនាង កំពុងតែពពោះនេះ គឺជាកូនភ្លោះប្រុស មួយស្រីមួយគិតទៅសំណាងដែរ ពពោះតែម្តង តែបានកូនម្តង២ហើយ បានស្រីប្រុសតាមក្តីប្រាថ្នាទៀត ។  

អ្នកនាង ឈិន ចាន់សុធារី បានប្រាប់ Looking TODAY ឲ្យដឹងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះថា វាពិតជារឿងមួយ ដែលសប្បាយរំភើប រកអ្វីមកប្រៀបមិនបានទេ នៅពេលដែលនាង និងស្វាមីបានដឹងថា ខ្លួនកំពុងតែមានកូនភ្លោះ ប្រុសស្រីស្ទើរតែយំទៅហើយ ពួកនាងមិនដែលគិតថា ខ្លួនអាចមានកូនតាមក្តីស្រមៃបានទេ ព្រោះថាកូនដំបូងមិនថា បានកូនប្រុសឫស្រី គឺយើងស្រលាញ់ទាំងអស់ តែមិននឹកស្មានថា យើងសម្រេចបំណងបានម្តង២សោះ គិតទៅសំណាងដែរ ។

តារាស្រីរូបនេះ បានប្រាប់ឲ្យដឹងទៀតថា «សម្រាប់សុខភាពម្តាយ និងកូនក្នុងផ្ទៃគឺសុខភាពល្អហើយ បើតាមគ្រូពេទ្យបានប្រាប់ថា ខ្ញុំអាចនឹងសម្រាលកូន នៅអំឡុងចុងខែកុម្ភៈ ឫដើមខែមីនាខាងមុខនេះហើយ ដោយឡែករហូតមកដល់ពេលនេះ ខ្ញុំនៅមិនទាន់ច្បាស់ថា ត្រូវជ្រើសរើសទៅសម្រាល នៅមន្ទីរពេទ្យណានៅឡើយទេ រង់ចាំមើលជិតដល់ពេលទើបដឹង…»។

ពាក់ព័ន្ធនឹងការសួរថា នៅពេលដែលនាងសម្រាលកូនរួច វិលមកផ្តើមការងារសិល្បៈ ឫយ៉ាងណា? ត្រូវបានពិធីការិនី និងជាតារាចម្រៀងរូបនេះ អះអាងថា ក្រោយពីនាងសម្រាលកូន រឹងដៃរឹងជើងហើយនាង នឹងវិលមករកឆ្នាំងចាស់វិញ ហើយទទួលការងារជាធម្មតា ព្រោះថាជាក់ស្តែងដូចពេលនេះ ទោះជានាងមានផ្ទៃពោះ តែក៏មានខាងស្ថានីយទូរទស្សន៍ ទាក់ទងហៅឡើងប៉ុស្តិ៍ជាបន្តបន្ទាប់ដែរ ដូច្នេះនាងរំពឹងថាក្រោយ ពីសម្រាលកូនហើយនាងចូលសិល្បៈវិញ ទស្សនិកជននឹងនៅតែគាំទ្រដូចមុនទៀត ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]