និស្សិតស្រីពេទ្យទាហាន ជំនាន់ទី៥ អាយុជាង ២០ឆ្នាំ បានបែកក្បាលស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីរថយន្ដដឹកខ្សាច់មួយគ្រឿង បានបុកពីក្រោយ ហើយកិនស្ដ្រីរងគ្រោះ ខណៈដែលកំពុងជិះម៉ូតូនៅពីមុខរថយន្ដ ស្ថិតនៅលើកំណាត់ផ្លូវព្រះមុនីរ៉េត ទល់មុខរោងម៉ាស៊ីនកិនស្រូវ ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ  កាលពីវេលាម៉ោងប្រហែល ៦ ល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ នេះ ។

យោងតាម សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា ខណៈដែលស្ដ្រីរងគ្រោះ កំពុងបើកម៉ូតូម៉ាក មីអូ ពណ៌លឿង ពាក់ ស្លាកលេខ ភ្នំពេញ 1S-3536 ក្នុងទិសដៅពីចំការដូង ឆ្ពោះទៅ ផ្លូវច្រមុះជ្រូក ស្ទឹងមានជ័យ ហើយគាប់ជួនពេលនោះ រថយន្ដបង្កហេតុ ដែលដឹកខ្សាច់ពេញ ហូរទឹកតាមផ្លូវ បាន បើកពីក្រោយ បុកនិងកិនបែកក្បាលខ្ទេច ស្លាប់ភ្លាមៗតែម្ដង ។

សេចក្ដីរាយការណ៍បានបន្ដថា រថយន្ដបង្កហេតុ មួយនេះ ជាប្រភេទរថយន្ដធំ ពាក់ស្លាកលេខ ភ្នំពេញ 3A-8420 ហើយដឹកខ្សាច់ឆ្ពោះទៅការដ្ឋានម្ដុំវិទ្យុជាតិ ប៉ុន្ដែ អ្នកបើករថយន្ដ ដែលមិនស្គាល់អត្ដសញ្ញាណផងដែរនោះ បានបើកទ្វាររត់គេចខ្លួនបាត់ដោយសុវត្ថិភាព។ ប៉ុន្ដែរថយន្ដបង្កហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់  ហើយ រក្សាទុកដើម្បីរង់ចាំការដោះស្រាយ។

គ្រោះថ្នាក់ចរាចរនេះ បានបង្កឱ្យមានការកកស្ទះចរាចរយ៉ាងខ្លាំង គាប់ជួននៅកន្លែងកើតហេតុនោះ ជារៀងរាល់ ថ្ងៃការកកស្ទះចរាចរ បានកើតឡើង ដោយសារនៅ ទីនោះ ពេលល្ងាចឡើង កម្មករ កម្មការិនីរោងចក្រ ចេញពីធ្វើការ និងជាកន្លែងលក់ម្ហូបចំណីតាមផ្លូវផងដែរ។

សេចក្ដីរាយការណ៍បានបន្ដថា នារីរងគ្រោះ ស្លៀកខោខូវប៊យ ជើងវែង ពណ៌ខៀវ ពាក់អាវយឺតពណ៌ស និងមានសក់ពណ៌ទង់ដែង ហើយឈ្មោះនិងតួនាទី ជានិស្សិតពេទ្យទាហាន ត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចឆែកមើលឃើញ នៅលើប័ណ្ណសម្គាល់ខ្លួន នៅក្នុងកាបូប ៕

ដោយ ៖ ប៉ិច នរៈ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]