ទួរគី៖ ហេតុការណ៍ដ៏សឹងតែ មិនគួរឲ្យជឿបានកើតឡើង នៅក្នុងការប្រកួតបាល់ទាត់មួយ ក្នុងប្រទេសទួរគី ដោយសារកីឡាករម្នាក់ បានទៅទាត់ផ្តួល កីឡាករក្រុមគូប្រកួតម្នាក់ ឲ្យដេកដួលនឹងដី ហើយមិនអស់ចិត្តក៏ទៅទាត់ចំកណ្តាលមុខបន្ថែមទៀត ដែលសកម្មភាពនេះ បានបង្កឲ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងការប្រកួតបាល់ទាត់មួយ នៃក្របខណ្ឌក្រោមរបស់ទួរគី កីឡាករ Mehmet Degirmenci លេងឲ្យក្រុម Sanayispor បានស្ទុះទៅទាត់កីឡាករ Kayhan Karakas ទាំងកម្រោល ជាហេតុនាំឲ្យលោកអាជ្ញាកណ្តាល សម្រេចចិត្តពិន័យកាតក្រហម បណ្តេញចេញពីទីលានតែម្តង។

យ៉ាងណាមិញ ដោយមានការចូលអន្តរាគមន៍ពីមនុស្សជាច្រើន ស្ថានការណ៍បានត្រឡប់មកប្រក្រតីឡើងវិញ ខណ:ដែលកីឡាករ Karakas អាចនៅលេងបន្តទៀតបាន។ តែក្រោយចប់ការប្រកួត របួសនៅលើមុខរបស់គេ ដាច់យ៉ាងវែង ដែលតម្រូវឲ្យដេរ រហូតដល់ទៅ៩ថ្នេរផងដែរ។

ជុំវិញហេតុការណ៍នេះ លោកប្រធានក្លិបបាល់ទាត់ Sanayispor បានចេញសេចក្តីថ្លែងការណ៍មួយភ្លាមៗ ដោយសម្រេចចិត្ត និងអនុវត្តសិទ្ធិ បណ្តេញកីឡាករ Mehmet Degirmenci ចេញពីក្លិប ព្រោះសកម្មភាពរបស់កីឡាកររូបនេះ មានភាពសាហាវព្រៃផ្សៃ មិនអាចទទួលយកបាន៕

ទស្សនា វីដេអូខាងក្រោម ដែលបង្ហាញ ពីសកម្មភាពដ៏សាហាវ មិនអាចទទួលបាន របស់កីឡាករម្នាក់នោះ៖


កីឡាករ Karakas ដេកដួលក្រោយពី ត្រូវគេទាត់ផ្តួលទាំងជំហរ

ប្រភព៖ Metro

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]