ប៉ូលិស​​ខណ្ឌ​​ចំការ​មន ​​​​សហការ​ជាមួយ​​​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​កម្រិត​​​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​​​​​រាជ​ធានីភ្នំពេញ​ ​បាន​ចេញ​​​ប្រតិ​បត្តិ​ការ​​​​ឃាត់​ខ្លួន​​​ជន​សង្ស័យ​​​​​​៨នាក់​​​ដែល​​​ជាប់​​ចោទ​បី​បទ​​ប្រើ​ប្រាស់​​និង​ជួញ​ដូរ​គ្រឿង​ញៀន​​​​​ និង​សង្ស័យ​​អាចពាក់ព័ន្ធ​​​នឹងករណី​ប្លន់​​កន្លង​មក​​​​​នៅក្នុង​រាជធានី​ផង​ដែរ ​។​ ប្រតិបត្តិ​ការ​នេះ​បាន​ធ្វើ​​​ឡើង​​កាលពី​​ព្រឹក​​ថ្ងៃទី​​៧ ​សីហា ​នៅ​​​ផ្ទះ​សំ​ណាក់​​យី​ហោ ​ហ្គោ​លហោស៍​​​​​​ស្ថិត​នៅតាម​បណ្តោយ​​ផ្លូវ​លេខ​​២៧១ ​ក្នុង​សង្កាត់​​​ទួល​​ទំពូង​​ទី​២ ​ខណ្ឌ​ចំការ​មន ​​។

ជន​សង្ស័យ​​​​ទាំង៨នាក់​​​ដែលត្រូវ​​​ប៉ូលិស​​​ឃាត់​ខ្លួន​មាន ​​១-​ឈ្មោះ​ សែម ​វិបុល ​ភេទ​ប្រុស ​អាយុ​​២៣​ឆ្នាំ ​​ស្នាក់នៅ​​ក្នុងសង្កាត់​​ទំនប់​​ទឹក​ ខណ្ឌ​​​ចំការមន ​​​​២-ឈ្មោះ​​​​សែម ​សំរុង ​ភេទ​ប្រុស​ ​ស្នាក់នៅ​​ផ្ទះ​លេខ​​៣ ផ្លូវ​លេខ​​​១៧៧ ​​សង្កាត់​ទំនប់​ទឹក​ ​ខណ្ឌ​​ចំការ​មន ​​៣-ឈ្មោះ ​​សែម​ រតនៈ​​ ​ភេទ​ប្រុស​ ​អាយុ​១៦​ឆ្នាំ ​ស្នាក់​​នៅ​ជាមួយ​​ឈ្មោះ ​សែម ​សំរុង ​​៤-ឈ្មោះ​ ណុប​ គន្ធា  ភេទ​ប្រុស ​​អាយុ​​២៦​ឆ្នាំ ​​ស្នាក់នៅ​ផ្ទះ​​ជួល​ក្នុងសង្កាត់​​​បឹង​ទំពុន​ ខណ្ឌ​មានជ័យ​ ​​​៥-​ឈ្មោះ ​​ប៊ុត​ ​វាសនា ​ភេទប្រុស​ ​​អាយុ​​​៣០ឆ្នាំ ​ស្នាក់នៅ​ផ្ទះ​​​លេខ​​​៣៩៤ ​ផ្លូវ​លេខ​​​២៧១ ​សង្កាត់​​ទំនប់ទឹក​ ខណ្ឌ​​​​ចំការ​មន ​​​៦-ឈ្មោះ ​មាស ​លីនណា ​​ភេទ​ស្រី ​អាយុ​​២​​៤ឆ្នាំ ​​​៧-ឈ្មោះ ​​ធី កា​ ភេទ​ប្រុស​ ​អាយុ​​២១​ឆ្នាំ ​​​​ ​​​និង​​៨-ឈ្មោះ ​អ៊ីម ​សុខ​សំបូរ ​ភេទ​​ប្រុស ​អាយុ​​២៧​ឆ្នាំ ​​​ស្នាក់​នៅ​​​ផ្ទះ​គ្មាន​លេខ​ ​ផ្លូវ​លេខ​២៧១ ​ សង្កាត់​ ​​ទួល​ទំពូង​ទី​​២ ខណ្ឌ​​ចំការ​​មន ។​

មន្ត្រី​​ប៉ូលិស​​​ខណ្ឌ​ចំការ​មន​​បាន​ឱ្យ​ដឹង​ថា  ​មុន​ពេល​ឈាន​​ដល់​ការ​ឃាត់​ខ្លួន​​ជន​សង្ស័យ​​ខាងលើ​ នេះ ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​​​ខណ្ឌ​បាន​សហការ​​ជាមួយ​​ប៉ូលិស​​​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​​រាជ​​ធានី​​ភ្នំពេញ​​​​​​ ​​ស្រាវ​ជ្រាវ​​តាម​ចាប់​ខ្លួន​​​ជន​សង្ស័យ​​​​​​ដែលជាប់​ពាក់​ព័ន្ធ​​នឹង​ករណី​​ប្លន់​​​កាលពី​ពេល​​​កន្លង​មក ។ ខណៈ​​ប៉ូលិស​​កំពុង​​​ប្រមាញ់​​​តាម​​ចាប់​ខ្លួន​​​ក្រុម​​ជន​ល្មើស​​នោះ​ ហើយមាន​​​ការ​សង្ស័យ​​​​នៅ​ក្នុង​​​​ផ្ទះសំណាក់​យីហោ​ហ្គោល​ហោស៍​ក៏​​សុំ​​ការ​អនុញ្ញាត​​និង​សហ​ការ​​ជាមួយ​​​ម្ចាស់ផ្ទះសំណាក់​​​​ដើម្បី​ចូល​​ឆែកឆេរ​​​មើល​នៅ​​​តាម​​​បន្ទប់​​នីមួយៗ​​​ក្នុង​​ផ្ទះសំណាក់ ។​​ ​ពេល​ឆែកឆេរ​​នោះ​ សមត្ថ​​កិច្ច​​​​បាន​ឃាត់​ខ្លួន​​ជន​សង្ស័យ​​បីនាក់ ​​នៅ​ក្នុងបន្ទប់​​លេខ​​​១៥ សង្ស័យ​​ពាក់​ព័ន្ធ​​នឹង​បទ​ល្មើស​​​​ប្លន់ ​​និង​បាន​ឆែក​ឆេរ​បន្ទប់​​ ​ផ្សេងៗ​ទៀត ​ឈាន​​ដល់ការ​ឃាត់ខ្លួន​​បាន​ប្រាំ​​នាក់​​​​ទៀត ​ដែល​ជាប់​ពាក់ព័ន្ធ​​នឹង​​​ការ​ប្រើ​ប្រាស់​​​និង​ជួញ​ដូរ​គ្រឿ​ញៀន ​​ថែម​ទាំង​​​រក​​​ឃើញ​​​ឧបករណ៍​​ប្រើ​​​ប្រាស់​ថ្នាំ​ញៀន ​និង​ថ្នាំ​ញៀន​​មួយ​ចំនួនតូច​ សម្ភារ​​ជា​ច្រើន​​ទៀត ។

បន្ទាប់ពី​​ឃាត់ខ្លួន​​ជន​សង្ស័យ​​​ទាំង៨​នាក់នេះ​ ​ប៉ូលិស​​​​ខណ្ឌ​ចំការមន​ក៏បាន​ប្រគល់​​ទៅ​​​ឱ្យ​ប៉ូលិស​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​រាជ​ធានី​ ដើម្បី​​យកទៅ​​​សាក​សួរ​​​តាម​ចាប់​​បក្ស​ពួក​​​គេ​​បន្ត​ទៀត ។ ​ទោះ​​ជា​​​យ៉ាងណា ទាក់​ទិន​​នឹង​ការ​​ឃាត់ខ្លួន​​ជន​សង្ស័យ​​​​​​ខាងលើ​នេះ​ ​​សមត្ថកិច្ច​​​មិនទាន់​​អាចប្រាប់​​​បាន​ថា ​​មាន​អ្នក​​ពាក់​ព័ន្ធ​​នឹង​ករណី​ប្លន់​​​ប៉ុន្មាន​​នាក់នោះ​ទេ ​ព្រោះ​កំពុង​​ស្ថិ​ត​ក្នុង​​​ការ​​​សាក​​​​សួរ​​​តាម​នីតិ​វិធី ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]