នគរបាលនៃការិយាល័យ ព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក ផាន់ សុភ្រ្ត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត និងលោក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល នគរបាលយុត្តិធម៌ បានបង្ក្រាបកន្លែង លេងល្បែងស៊ីសងមួយវង់ ឃាត់ខ្លួនមនុស្សប្រុស ស្រីបានចំនួន៤នាក់ កាលពីវេលា ម៉ោង ៣រសៀល ថ្ងៃទី៨ ខែសីហា ឆ្នាំ២០១២ នៅចំណុចផ្ទះលក់កាហ្វេ យីហោ ឡាលីន មីនីម៉ាត ស្ថិតក្នុងភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។

អ្នកលេងល្បែងទាំង៤នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទី១ គង់ សៀកហេង ភេទស្រី អាយុ៥០ឆ្នាំ ជាម្ចាស់ផ្ទះ, ទី២ឈ្មោះ ចាន់ ទូច ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់វាលវង់, ទី៣ សុខ ណា ភេទស្រី អាយុ ៤០ឆ្នាំ មានីលំនៅភូមិមេម៉ាយ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងទី៤ឈ្មោះម៉េង តារ៉ា ភេទប្រុស អាយុ ៤៥ឆ្នាំ នៅភូមិទី១០ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម។

លោក ចាន់ ហោ អនុប្រធានការិយាល័យកណ្តាល នគរបាលយុត្តិធម៌បានប្រាប់ដើមអម្ពិល ឲ្យដឹងថា បន្ទាប់ពីសមត្ថកិច្ចបានទទួលព័ត៌មាន ពីប្រជាពលរដ្ឋថា នៅចំណុចកើតហេតុ មានលេងល្បែងស៊ីសងជារៀងរាល់ថ្ងៃ ទើបលោកបានសុំគោលការណ៍ ពីលោកឧត្តសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាលខេត្ត និងលោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរង ហើយដោយមានការឯកភាព នឹងដឹកនាំដោយលោក ផាន់ សុភ័ក្រ ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត ទើបលោកបានចុះប្រតិបត្តិការបង្ក្រាប អ្នកលេងល្បែងស៊ីសងមួយវង់នោះ ក្នុងខណៈ ដែលពួកគេ កំពុងអង្គុយលេងបៀ (អុងឌូ) ដែលក្នុងនោះ មនុស្សចំនួន ៤នាក់ ត្រូវបានឃាត់ខ្លួន រឹបអូសបានបៀ១ហ៊ូ.លុយ១៥០០០រៀល.កម្រាលលេងបៀ១ .កំប៉ុងដកតុង១។

លោកចាន់ ហោ បានអោយដឹងទៀតថា អ្នកលេងល្បែងទាំង៤នាក់ ដែលសមត្ថកិច្ចបានចាប់ខ្លួន បច្ចុប្បន្នកំពុងនៅការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី៕

ដោយៈនួន សត្យា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]