ភ្នំពេញៈ យុវជន២នាក់ ត្រូវបានបក្ខពួកគ្រួសារមួយ ដែលជាអ្នកជិតខាង នាំគ្នាព្រួតវ៉ៃ ឡើងទ្រោមខ្លួន កាលពីវេលាម៉ោង៨ និង២០នាទីយប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១២ ដោយចោទថា ពួកគេទាំង២នាក់នេះ បានចូលលួច កាច់កញ្ចក់រថយន្ត របស់ខ្លួន ដល់ក្នុងផ្ទះ នៅភូមិ២២ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា យុវជន២នាក់ ដែលរងរបួសជាទម្ងន់នោះ ទី១ឈ្មោះ វ៉ាត ថៃស្រេង ភេទប្រុស អាយុ២៣ឆ្នាំ និងម្នាក់ទៀត ត្រូវបានគេស្គាល់ថាឈ្មោះ ចន រស់នៅភូមិ កើតហេតុខាងលើ ។ ចំណែកបក្ខពួកម្ចាងទៀត រួមមានទី១- ឈ្មោះ យ៉ោម សិទ្ធ ភេទប្រុស អាយុជាង២០ឆ្នាំ ទី២-ឈ្មោះ យ៉ោម ឡុង ភេទប្រុស អាយុជាង២០ឆ្នាំដូចគ្នា ទី៣ឈ្មោះ យ៉ោម បុប្ផា ភេទស្រី ត្រូវជាបង និងម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណ តែត្រូវបានគេដឹងថា ជាប្តី របស់ យ៉ោម បុប្ផា ។

ប្រភពខាងលើបានរៀបរាប់ថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ បានដើរទៅម្តុំផ្ទះសំណាក់បុប្ផា ប្រមាណ៥០០ម៉ែត្រ ពីផ្ទះរបស់ខ្លួន ប្រុងរៀបចំផឹកស៊ីនៅកន្លែងនោះ បន្តិចក្រោយមក ស្រាប់តែបក្ខពួក ម្ខាងទៀត មួយគ្រួសារ ដែលប្រដាប់ដោយកូនសោរ ពូថៅ និងកាំបិត បានដើរចូលទៅ រួចវាយ និងកាប់ ទៅលើជនរងគ្រោះទាំង២នាក់ បណ្តាលឱ្យរងរបួសជាទម្ងន់ ។ ភ្លាមៗនោះ ក៏មានសមត្ថកិច្ច ទៅដល់ បញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យកាល់ម៉ែត និងបាន សួរនាំ បក្ខពួកជនបង្ក ឆ្លើយប្រាប់ថា យុវជន រងគ្រោះទាំង២នាក់នោះ បានចូលទៅលួចកាច់កញ្ចក់ រថយន្តរបស់ខ្លួន ដល់ក្នុងផ្ទះ ទើបធ្វើឱ្យ ពួកគេខឹងសម្បារ និងលើកគ្នា មកវាយតែម្តង។

ប្រភពខាងលើបន្តទៀតថា បន្ទាប់ពីមានការចោទ របស់ជនបង្ក ទៅលើជនរងគ្រោះយ៉ាងដូច្នេះ សមត្ថកិច្ច ក៏បានចូលទៅ ត្រួតពិនិត្យ ដល់ផ្ទះរបស់ជនបង្ក និងបានអង្កេតមើល រថយន្តពួកគេ យ៉ាងដិតដល់ ប៉ុន្តែពុំមានស្នាម កាច់កញ្ចក់ នោះទេ ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ ឳពុកជនរងគ្រោះ បាន រៀបចំបណ្តឹង ដើម្បីប្តឹង ជនបង្ក ដែលបាន ប្រើអំពើហិង្សា ទៅលើកូនរបស់គេ រួចហើយ ។

រហូតមកទល់ពេលនេះ ជនបង្ក នៅពុំទាន់ ត្រូវបាន ចាប់ខ្លួន នៅឡើយទេ ប៉ុន្តែសមត្ថកិច្ច បាននិយាយថា បានស្គាល់អត្តសញ្ញាណជនបង្ក អស់ហើយ នឹងមានវិធានការជាក្រោយ ៕

ដោយៈគឹម ចន្ថា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]