ភ្នំពេញៈ ម្ចាស់ពានរង្វាន់ក្នុងកម្មវិធី « Cambodian idol» រដូវកាលទី១ លោក នី រតនា បន្ទាប់ពីបានបោះជំហាន ចូលប្រឡូកក្នុងវិស័យសិល្បៈ តាមក្តីស្រមៃមកពីសង្កេតឃើញថា មានអ្នកសិល្បៈរៀមច្បងជាច្រើន បានធ្វើការកោតសរសើរ ទៅលើអត្តចរិតចេះគោរពចាស់ទុំ អ្នកសិល្បៈរៀមច្បង ខុសស្រឡះពីអ្នកសិល្បៈ ជំនាន់ថ្មីដទៃទៀត ។

នាពេលកន្លងមកធ្លាប់ មានអ្នកសិល្បៈជើងចាស់មួយចំនួន បានធ្វើការរិះគន់ចំៗទៅលើ តារាប្រុសស្រីជំនាន់ក្រោយ ដែលរះលើវិថីសិល្បៈតែងតែ បញ្ចេញអាកប្បកិរិយា ក្រអើតក្រទម វាយឫកខ្ពស់ កប់ពពក មិនផ្តល់តម្លៃឲ្យអ្នកសិល្បៈជើងចាស់ឡើយ ។ ដោយឡែកតារាចម្រៀង សំឡេងផ្អែមស្រទន់ ទម្រង់មុខមានមន្តស្នេហ៍ លោក នី រតនា ក្រោយពីបានជាប់ជ័យលាភី ទទួលបានពានរង្វាន់ និងប្រាក់១០០លានរៀល ក្នុងកម្មវិធី « Cambodian idol» រួចមក ។ គេសង្កេតឃើញ តារាប្រុសវ័យ២១ឆ្នាំរូបនេះ ទទួលបានការកោតសរសើរ ពីសំណាក់ ទស្សនិកជននិងអ្នកសិល្បៈ ទៅលើអត្តចរិករបស់លោកថា ដឹងខ្ពស់ទាបចេះអោនលំទោន ទៅលើអ្នកសិល្បៈរៀមច្បង និងតែងតែបង្ហាញស្នាមញញឹមជាប់ជានិច្ច នៅពេលបានជួបអ្នកសិល្បៈ ក៏ដូចជាទស្សនិកជន។

បើតាមប្រភពពី អ្នកសិល្បៈមួយចំនួន ដែលបានស្គាល់ម្ចាស់ជ័យលាភី « Cambodian idol» លោក នី រតនា មុនពេលដែលលោក នៅជាបេក្ខជន និងរហូតមកដល់ពេលនេះ ក្លាយជាម្ចាស់ជ័យលាភី គឺអត្តចរិតភាពរួសរាយ រាក់ទាក់ការលើកដៃសំពះ គោរពរៀមច្បង គឺនៅតែមានជាប់ សម្រាប់តារាចម្រៀងចំណូលថ្មី ប្រចាំផលិតកម្មហង្សមាស លោក នី រតនា មិនដែលប្រែប្រួលទេ បើទោះជាពេលនេះ លោកបានប្រែក្លាយខ្លួន មកជាម្ចាស់ជ័យលាភីហើយក៏ដោយ ។

តាមប្រភពដដែលបាន ប្រាប់ឲ្យដឹងទៀតថា តាមរយៈកាយវិការរបស់ តារាចម្រៀង លោក នី រតនា នេះគឺជាគំរូល្អ សម្រាប់អ្នកសិល្បៈ ជំនាន់ក្រោយ យកធ្វើជាគំរូ ដូចពាក្យចាស់លោកពោលថា «អោនដាក់គ្រាប់ ងើយស្កក» ជាដើម។ ហើយមួយទៀតសង្ឃឹមថា តារាចម្រៀងរូបនេះ នឹងរក្សាអត្តចរិតឫកពាបែបនេះតទៅ កុំពេលដែលខ្លួនល្បីហើយវាយឫក ភ្លេចដើមកំណើតឲ្យសោះ ព្រោះវាគ្មានអ្វីចំណេញនោះទេ ម្យ៉ាងកាល ដែលយើងវាយឫក តម្កើងខ្លួនខ្ពស់ហួសមាឌនោះ វាអាចធ្វើឲ្យយើងធ្លាក់ចុះដុនដាប់វិញ នៅថ្ងៃណាមួយជាក់ជាមិនខាននោះទេ ៕






បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]