បរទេស៖ វីដេអូមួយខ្សែ បានបង្ហាញពី ការរចនាម៉ូដគ្រែគេង ដ៏ពិសេស ដែលអាចការពារអ្នក ពីគ្រោះថ្នាក់ នៃការរញ្ជួយដី បើទោះបីជាអ្នក កំពុងតែគេងលង់លក់ ក៏ដោយ។


គ្រែគេងពិសេស មានរូបរាងដូចប្រអប់ អាចការពារ ពីការរញ្ជួយដី

បើតាមខ្សែវីដេអូ បានបង្ហាញឲ្យឃើញ នូវគ្រែគេង ដែលមានរូបរាង ដូចជាប្រអប់លោហៈ ដ៏ធំ និងរឹងមាំមួយ ដែលមានពូក ក្រាលពីលើ ដូចគ្រែធម្មតាដែរ ប៉ុន្តែនៅពេលដែល មានសញ្ញា នៃការរញ្ជួយដី ពូកនឹងធ្លាក់ចូល ទៅក្នុងប្រអប់នៃគ្រែ ដោយស្វ័យប្រវត្តិ និងមានគម្រប់បិទពីលើ ដើម្បីការពារ អ្នកដែលស្ថិតនៅ ខាងក្នុងនោះ។

ជាមួយគ្នានេះដែរ នៅពេលដែលធ្លាក់ចូល ទៅក្នុងប្រអប់ នៃគ្រែគេងនោះ អ្នកត្រូវរង់ចាំ រហូតដល់ឈប់រញ្ជួយដី និងមានអ្នកមកជួយ ខណៈនៅក្នុងគ្រែគេង ក៏មានកន្លែងស្តុកអាហារ ទឹក ថ្នាំពេទ្យ និងឧបករណ៍ មួយចំនួនទៀត ផងដែរ។ ជាងនេះទៅទៀត គ្រែគេងនោះ អាចបែកពីខាងក្រៅ ក៏បាន ឬពីខាងក្នុង ក៏បានដែរ។

បើយោងតាម ប្រភពព័ត៌មាន បានឲ្យដឹងថា បុរសជនជាតិចិនម្នាក់ មានឈ្មោះថា Wang Wenxi គឺជាអ្នក ដែលចាប់ផ្តើមគំនិត បង្កើតគ្រែគេង ដ៏ពិសេស ដែលអាចការពារ ពីការរញ្ជួយដី នេះឡើង តាំងពីឆ្នាំ២០១០ មកម្លេស ប៉ុន្តែគេមិនទាន់បានដឹងច្បាស់ អំពីសេចក្តីលម្អិត និងលក្ខណៈពិសេសៗ នៃគ្រែគេងនោះឡើយ ដោយសារតែ កង្វះខាតព័ត៌មាន។ ម្យ៉ាងវិញទៀត គេនៅមិនទាន់ដឹងថា តើអ្នកដែលស្ថិត នៅក្នុងគ្រែគេងនោះ អាចចេញមក ខាងក្រៅវិញបាន ដោយវិធីណាឡើយ ប្រសិនបើមានកំទេចកំទី ឬគំនរបាក់បែក នៃអាគារគ្រប ឬសង្កត់ ពីលើវា៕

ចង់ដឹងថា តើគ្រែគេងដ៏ពិសេសនោះ មានលក្ខណៈដូចម្តេច សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]