ពោធិ៍សាត់ ៖ ស្របពេលដែលថ្ងៃប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០១២ នេះ ត្រូវបានបញ្ចប់ត្រឹម ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១២ នៅតាមមណ្ឌល ប្រឡងជាច្រើន កន្លែងត្រូវបានគេសង្កេតឃើញថា ភាពរញ៉េរញ៉ៃ នៃផ្នែកខាងក្រៅត្រូវបាន មជ្ឈដ្ឋាននានា មើលឃើញថា អ្នកជួយបោះប្រ៊ីយ៉ុងកំពុងតែ ពពាក់ពពូនគ្នា នៅតាមកន្លែងហ្វូតូកូពីឯកសារ ក្បែរមណ្ឌលប្រឡងដោយ អ្នកជួយបោះប្រ៊ីយ៉ុងទាំង នោះ បានដឹងពីសំណួរ ចម្លើយជាស្រេច រួចក៏នាំគ្នាយ៉ាងពពាក់ពពួន ដើម្បីថតចម្លង ឯកសារសំណួរ ចម្លើយគ្រប់មុខវិជ្ជា ក្នុងបញ្ជូនឲ្យដល់ដៃបេក្ខជនប្រឡង នៅក្នុងថ្នាក់នីមួយៗ យ៉ាងប្រសេចប្រសាចតែម្តង។

ប្រភពព័ត៌មានខ្លះ និយាយថា ការប្រឡងបាក់ឌុបនៅក្នុង ខេត្តពោធិ៍សាត់ឆ្នាំនេះ ហាក់ដូចជា មានភាពធូររលុងជាងឆ្នាំងកន្លងទៅ ។

ដោយប្រភពខ្លះទៀត បានបង្ហើបថា ក្រៅពីប្រ៊ីយ៉ុងពីខាងក្រៅបន្ទប់ប្រឡង ក៏មានសំណួរចម្លើយគ្រប់ មុខវិជ្ជាជាច្រើនទៀត ត្រូវបានអាណាព្យាបាលសិស្ស ឬបងប្អូន កូនក្មួយ បញ្ជូនសំណួរ ចម្លើយជាស្រេច តាមប្រព័ន្ធទូរស័ព្ទទំនើបៗឲ្យដល់ បេក្ខជនប្រឡងនៅក្នុងបន្ទប់តែម្តង។

ទាក់ទងនិងការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិឆ្នាំនេះ ហើយត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា ហាក់ដូចជាមានលក្ខណៈ ធូររលុងនេះ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនអាចស្វែងរកការបំភ្លឺ ពីលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តពោធិ៍សាត់ បានទេនៅព្រឹកថ្ងៃទី០៨ ខែសីហា នេះ។

គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីឆ្នាំកន្លងទៅ គេពុំធ្លាប់ឮថា មានសំណួរចម្លើយ នូវមុខវិជ្ជាផ្សេងៗ ត្រូវបានបញ្ជូនតាមប្រព័ន្ធទូរស័ព្ទ អ៊ីនធឺណិត បណ្តាញសង្គម ហ្វេសប៊ុក និងសារអេឡិចត្រូនិចនោះទេ ហើយសំណួរ និងចម្លើយជាច្រើនត្រូវបានគេបញ្ជូនចូលទូរស័ព្ទដៃទំនើបៗ ដែលបេក្ខជននីមួយៗ មានប្រើប្រាស់។ ហើយការបញ្ជូនប្រ៊ីយ៉ុង តាមរយៈនេះ គឺវាហាក់ដូចជាមានភាពងាយ ស្រួលបំផុត។

មជ្ឈដ្ឋានទូទៅបានរិះគន់ ក្នុងន័យស្ថាបនាថា យកល្អពេលប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅឆ្នាំក្រោយៗទៀត គួរតែមិនត្រូវអនុញ្ញាត ឲ្យបេក្ខជនយកទូរស័ព្ទ ឬសម្ភារៈទំនើបផ្សេងៗចូលក្នុង បន្ទប់ប្រឡងឡើយ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]