អាមេរិក៖ នៅក្នុងកិច្ចសម្ភាសន៍មួយ​ តារាសម្តែង និងជាអ្នកផលិតភាពយន្តហូលីវូដ លោក Leonardo DiCaprio បានប្រាប់ឲ្យដឹងថា រូបលោកធ្លាប់ជួបគ្រោះថ្នាក់ធំ បិះស្លាប់៣ដងរួចមកហើយ តែដោយអាយុថ្លៃ ទើបលោកអាចមានជីវិតដល់សព្វថ្ងៃនេះ។

តារាហូលីវូដ លោក Leonardo DiCaprio អាយុ ៤១ឆ្នាំ ដែលគ្រប់គ្នាស្គាល់ថាជា Jack នៅក្នុងរឿង កប៉ាល់ទីតានិច បានប្រាប់ដល់អ្នកសារព័ត៌មានឲ្យដឹង កាលពីពេលថ្មីៗនេះថា រូបលោកធ្លាប់មានបទពិសោធន៍ជួបគ្រោះថ្នាក់ ប៊ិះស្លាប់ចំនួន៣​ដង ដូចជា ត្រីឆ្លាមដេញខាំ, ផ្ទុះយន្តហោះ និងពេលលេងកីឡាលោតពីទីខ្ពស់។

លោកបានបញ្ជាក់ពីហេតុការណ៍និមួយៗឲ្យដឹងថា៖

គ្រោះថ្នាក់ដោយសារត្រីឆ្លាម៖ កាលនោះគាត់បានចុះ ទៅក្នុងសមុទ្រនៅឯអាហ្វ្រិកខាងត្បូង ដោយជិះក្នុងទ្រុងដែកមួយ ដើម្បីសម្រូតចុះ ប៉ុន្តែនៅពេលទៅដល់ក្នុងទឹក ស្រាប់តែមានត្រីឆ្លាមពណ៌សមួយក្បាលធំ បានទម្លុះទ្រុងដើម្បីចូលមករកសុីគាត់ជាចំណីតែម្តង ដែលពេលនោះខ្លួនរបស់វាពាក់កណ្តាល បានចូលមកដល់ក្នុងទ្រុងទៅហើយ។ នៅពេលភ្លាមនោះគាត់ក៏បាន ក្រាបចុះនៅនឹងបាតទ្រុង ដើម្បីបន្លំភ្នែកវាទើបរួចផុតជីវិត។ អ្នកនៅទីនោះបានប្រាប់គាត់ថា នេះជាហេតុការណ៍ដែលកម្រនឹងកើតមាន ហើយគាត់ជាមនុស្សទីមួយជួបរឿងដូចនេះ ក្នុងរយៈពេល៣០ឆ្នាំមកនេះ។

គ្រោះថ្នាក់ដោយសារយន្តហោះផ្ទុះ៖ ក្នុងគ្រាមួយដែល លោក Leonardo បានធ្វើដំណើរដោយជើងហោះហើរមួយឆ្ពោះទៅរុស្សុី ស្រាប់តែម៉ាសុីនយន្តហោះ ឆេះនៅពីមុខគាត់ ហើយនៅពេលដែលគាត់ មើលទៅតាមបង្អួចយន្តហោះ ស្រាប់តែស្លាបទាំងពីររបស់វា កំពុងតែឆាបឆេះដោយភ្លើងទៅហើយ។ គាត់ និងមនុស្សដ៏ទៃទៀតមានការភិតភ័យខ្លាំងណាស់ តែដើម្បីទប់ស្កាត់នឹងគ្រោះថ្នាក់នោះ អាកាសយានិក បានបញ្ឍប់ម៉ាសុីនយន្តហោះទាំងអស់មួយរយៈសិន ទើបស្វះស្វែងរកទីចុះចត បានដោយសុវត្ថិភាព។

គ្រោះថ្នាក់ដោយល្បែងលោតពីទីខ្ពស់៖ នៅពេលមួយដែល លោក Leonardo បានលេងលោតឆ័ត្រយោងពីទីខ្ពស់ជាក្រុម ស្រាប់តែដល់ពេលត្រូវបើកឆ័ត្រ អ្នករួមក្រុមម្នាក់បាននិយាយថា តោះឥឡូវយើងបន្ថែម ពេល ៥ ទៅ ១០វិនាទីទៀតសិន។ ពេលនោះគាត់មានការភិតភ័យជាខ្លាំង ព្រោះគាត់មិនបានដឹងថា ពួកគេត្រូវបន្ថែមពេល យ៉ាងដូច្នោះទេ មុនពេលត្រូវចុចបើកឆ័ត្រ។ គាត់គិតថា គាត់នឹងធ្លាក់ស្លាប់ ដល់ដីជាមិនខាន បើមិនបើកឆ័ត្រឲ្យឆាប់ទេនោះ តែក្រោយមក អ្នករួមក្រុមសំរេចចិត្ត មិនបន្ថែមពេល ព្រោះគិតថា ល្បឿនធ្លាក់ចុះ លឿនខ្លាំងពេក។

គួរបញ្ជាក់ផងដែរថា លោក Leonardo DiCaprio គឺជាតារាសម្តែងអាមេរិក និងជាផលិតករខ្សែភាពយន្ត ដែលមានឈ្មោះពេញ Leonardo Wilhelm DiCaprio កើតថ្ងៃទី១១​ ខែវិច្ឆិកា ឆ្នាំ ១៩៧៤ ដែលដំបូងឡើយ គាត់បានបង្ហាញខ្លួន ជាតួអង្គក្នុងឈុតពាណិជ្ជកម្មផ្សេងៗ ហើយក្រោយមក លោកបានមានកេរ្តិ៍ឈ្មោះល្បីល្បាញ ដែលត្រូវគេស្គាល់សឹង ទូទាំងសាកលលោកបន្ទាប់ពីសម្តែង ជាតួ​ឯកប្រុសឈ្មោះ Jack ក្នុងភាពយន្តហូលីវូដ ដ៏ល្បីល្បាញ TITANIC កាលពីកំឡុងឆ្នាំ ១៩៩៧៕



ប្រភព Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]