ខេត្ត​ក្រចេះ ៖​​ ​​ប្រជា​ពល​រដ្ឋ​​ និង​អាជីវ​ករ​នៅក្រុង​ក្រចេះ បាន​ត្អូញ​ត្អែរ​​អំពី​តម្លៃ​​ភ្លើង​អគ្គិសនី​របស់​វៀត​ណាម​ ដែល​អាជ្ញា​ធរតភ្ជាប់​​សម្រាប់​ប្រើ​ប្រាស់​សព្វ​ថ្ងៃ​ថា មាន​តម្លៃ​ថ្លៃ​​ និង​ផ្គត់​ផ្គង់​ការ​ប្រើ​ប្រាស់​មិន​គ្រប់​គ្រាន់ ហើយ​ការ​ដាច់​ចរន្ត​តែង​តែ​កើត​មាន​ឡើង​ជា​រៀង​រាល់​ថ្ងៃ ។ក្រុម​អាជីវ​ករ​ និង​ប្រជា​ពល​រដ្ឋ​​​និយាយ​ថា  ក្នុង​រយៈ​ពេល​ប៉ុន្មាន​​ខែ​ចុង​ក្រោយ​នេះ បន្ទាប់​ពី​​អាជ្ញា​ធរ​បាន​ត​ភ្ជាប់​ចរន្ត​អគ្គិសនី​​​ពី​ប្រទេស​​វៀត​ណាម​ មក​​​ គឺ​ពួ​កគាត់​ជួប​ប្រទះ​ការ​លំ​បាក​យ៉ាង​ខ្លាំង​​សម្រាប់​ការ​ប្រើ​ប្រាស់​​​ ​ ជា​ពិសេស​​អ្នក​ប្រកប​​របរ​អាជីវ​កម្ម​​ដែល​ពឹង​ផ្អែក​​​ទៅ​លើ​ចរន្ត​ អគ្គិសនី ខណៈដែល​​ការ​​ដាច់​ចរន្ត​​តែង​តែ​​កើ​ត​មាន​ជា​បន្ត​បន្ទាប់​ស្ទើរ​​តែ​ទាំង ​​យប់ទាំង​ថ្ងៃ​នោះ ។

ពួក​គាត់​និយា​យថា មិន​ត្រឹម​តែ​អគ្គិសនី​​ ដែល​ផ្គត់​ផ្គង់​​ឱ្យ​ពួក​គាត់​ប្រើ​មិន​គ្រប់​គ្រាន់​​នោះ​ទេ សូម្បី​​តែ​តម្លៃ​ភ្លើងក៏នៅ​តែ​ខ្ពស់​ គឺ​ថ្លៃ​​១.៧០០​រៀល​ក្នុង​មួ​យ​គីឡូ​វ៉ាត់​ម៉ោង ​​ខ្ពស់​​ជាង​តំបន់ដទៃ​ទៀត ដែល​ប្រើ​​ប្រាស់​ភ្លើង​វៀតណាម​ដូច​គ្នា ។ ជាការ​ឆ្លើយ​តប​ អាជ្ញា​ធរ​​បាន​អះ​អាង​ប្រាប់​ថា នេះ​គ្រាន់​តែ​ជា​ការ​សាក​ល្បង​​ឱ្យ​ប្រើ​ប្រាស់​​បណ្តោះ​អាសន្ន​​ប៉ុណ្ណោះ ។ ម្ចាស់​សិប្ប​កម្ម​ផ្សារ​ដែក​មួយ​រូប​​​នៅ​ខេត្ត​ក្រចេះ ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​​​និយាយ​ថា  សព្វ​ថ្ងៃ​មុខ​របរ​អាជីវ​កម្ម​របស់​គាត់​កំពុង​មាន​ការ​ធ្លាក់​ចុះ​​ ខណ​ៈ​ដែល​របរ​រក​ស៊ី​​របស់​គាត់​​ គឺ​ពឹង​ផ្អែក​​ទាំង​ស្រុង​ទៅ​លើ​​ការ​ប្រើ​ប្រាស់​ភ្លើង​អគ្គិ​សនី​​រដ្ឋ ​។ បច្ចុប្បន្ន​​ចរន្ត​អគ្គិសនី ដែល​គាត់​​ប្រើ​គឺ​នៅ​មាន​តម្លៃ​ខ្ពស់ និង​ថែ​ម​ទាំង​​រអាក់​រអួល​​ដាច់​​ចរន្ត​ជារៀង​រាល់​ថ្ងៃ​ទៀត​​ ​ធ្វើ​​ឱ្យ​គាត់​​បាត់​បង់​ប្រាក់​ចំណូល​ស្ទើ​តែ​រក​លុយ​បង់​ថ្លៃ​ផ្ទះ​ជួល​ ​មិន​បាន​ផង។

នៅ​ក្នុង​ការ​ប្រារព្ធ​​កម្ម​វិធី​​វេទិ​កា​សាធារណៈ ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ព្រឹក​ថ្ងៃទី​៦ សីហា ក្នុង​សង្កាត់​​រកា​កណ្តាល ក្រុង​ក្រចេះ ប្រជា​ពល​រដ្ឋ​​បាន​ដាក់​សំណួរទៅ​​កាន់​អាជ្ញា​​ធរ​​ខេត្ត ក្រុង ពាក់​ព័ន្ធ​​ជុំ​វិញ​តម្លៃ​ភ្លើង​​អគ្គិសនី​​ខេត្ត ជា​ពិសេស​ការ​ផ្គត់​ផ្គង់​​ភ្លើ​ង​ប្រើមិន​គ្រប់​គ្រាន់​ដែល​តែង​តែ​ដាច់​ ចរន្ត​​ជាញឹ​ក​ញាប់​ ។ ការ​ឆ្លើយ​តប​ទៅ​នឹង​​ការ​ចោទ​​សួរ​របស់​ប្រជា​ពល​រដ្ឋ នា​ពេល​នោះ​លោក​វ៉ា ថន អភិបាល​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា  ដោយ​សារ​ចំនួន​ប្រជា​ពល​រដ្ឋ​ដែល​​ប្រើ​ប្រាស់​​ភ្លើង​អគ្គិសនីក្នុង​ខេត្ត​ កាន់​​តែ​កើន​ឡើង​ទើប​ធ្វើ​ឱ្យ​ការ​ផ្គង់​ផ្គង់​​ភ្លើង​​អគ្គិសនី​​មិន​ គ្រប់​គ្រាន់​​​ខណៈ​ដែល​​​កុង​ត្រា​​តម្លៃ​​ភ្លើង​ពី​អាជ្ញា​ធរ​​ប្រទេស​​ វៀត​ណាម​​ក្នុង​ឆ្នាំ​ដំបូង គឺ​វៀត​ណាម​បាន​ផ្តល់​ភ្លើង​សម្រាប់​ខេត្ត​​​ក្រចេះ​តែ​ត្រឹម​​១​មេហ្គា​ វ៉ាត់​​​​ប៉ុណ្ណោះ ។

លោក​អភិបាល​រង​ខេត្ត​​ បាន​អះ​អាង​ថា ជា​មួយ​នឹង​ការ​ឱ្យ​ប្រើ​ប្រាស់​អគ្គិសនី​​​​វៀតណាម​​ សាក​ល្បង​នេះ​ និងតប​ទៅ​តាម​កុង​ត្រា​រវាង​អាជ្ញា​ធរ​ប្រទេស​ទាំង​ពីរ​ ​នៅ​ដើម​ឆ្នាំ​២០១៣ គឺ​អាជ្ញា​ធរ​ខេត្ត​បាន​ស្នើ​ឱ្យ​វៀតណាម​តបណ្តាញ​​ភ្លើង​ចេញ​ពី​អនុស្ថានីយ​ របស់​គេ ដោយ​ផ្តល់​​បាន​ទំ​ហំ​​៤​មេហ្គា​វ៉ាត់ ទើប​ខេត្ត​​អាច​ប្រើ​ប្រាស់​​ភ្លើង​​បាន​គ្រប់​គ្រាន់​​តាម​តម្រូវ​ការ ។ ​ជា​មួយ​គ្នា​នេះ​ អាជ្ញា​ធរ​​ក៏​នឹង​​មាន​វិធាន​ការ​រិះ​រក​ឱ្យ​មាន​ការ​​បញ្ចុះ​តម្លៃ​​ឱ្យ​ សម​ស្រប​ផង​ដែរ ៕

បញ្ចូល​អត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]