ដើម្បីឲ្យប្រិយមិត្តងាយយល់អំពី concept នៃវប្បធម៌ ខ្មែរឡូតលើកយកចំណុចសំខាន់ៗ ដែលជារបៀបរស់នៅនៃសង្គមខ្មែរមកសិក្សា។

1)    អំពីគ្រួសារ

        ចាប់ពីកើតដល់អាយុ ៣ឆ្នាំ កុមារត្រូវបានថែទាំ ប៉ុន្តែចាប់ពីអាយុ ៦ឆ្នាំ ឡើង កុមារត្រូវជួយមើលប្អូនតូចៗ ហើយកូនស្រីដែលមានអាយុ ១០ឆ្នាំ ឡើង ត្រូវជួយធ្វើកិច្ចការផ្ទះ។

ក្នុងសង្គមខ្មែរ ប្តីជាមេគ្រួសារ ដែលមានកាតព្វកិច្ចក្នុងការសង់ជម្រក និងរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ រីឯប្រពន្ធជាអ្នកកាន់លុយ ហើយចាត់ចែងការងារជាមេផ្ទះ។ ឪពុកម្តាយភាគច្រើននៅជួយគ្រប់គ្រងកូន ដែលបានរៀបការរួច ជាហេតុធ្វើឲ្យក្នុងគ្រួសារខ្មែរ មានមនុស្សបីជំនាន់ (ជីតា ឪពុក កូន)។

តើបច្ចុប្បន្នកាលមានការផ្លាស់ប្តូរឬទេ?

2)    អំពីស្បៀង

    ប្រជាជនខ្មែរភាគច្រើនពឹងផ្អែកទៅលើការងារកសិកម្ម។ អាហារមូលដ្ឋានចាំបាច់របស់ខ្មែរគឺ បាយ រីឯម្ហូបមានដូចជា ប្រហុក សម្លប្រហើរ សម្លកកូរ ហើយនៅខេត្តកំពតមាន កាពិក និងក្តាមឆាម្រេច។ ចំណីបន្ថែមរបស់ខ្មែរមាន នំបញ្ចុក ខ្មែរចូលចិត្តប្រើខ្ទិះដូង មកធ្វើជាម្ហូបក៏ដូចជាបង្អែម ដូចជានំត្នោត នំចេកបុក នំគ្រក់។

តើបច្ចុប្បន្នកាលនេះមានការវិវត្តន៏អ្វីខ្លះ?

3)    អំពីភាសា និងអក្សរសិល្ប៏

    ភាសាផ្លូវការនៃកម្ពុជាគឺ ភាសាខ្មែរ ដែលទទួលឥទ្ធិពលពី សំស្រ្កឹត និងបាលី។ អក្សរសិល្ប៏ដែលល្បីល្បាញបន្សល់ទុកឲ្យអ្នកជំនាន់ក្រោយរៀនសូត្រមាន រឿងរាមកេរ្តិ៏ និង រឿងទុំទាវ។

តើបច្ចុប្បន្នកាលនេះភាសាខ្មែរមានការវិវត្តន៏អ្វីខ្លះ? តើមានអក្សរសិល្ប៏អ្វីថ្មីសម្រាប់អ្នកជំនាន់ក្រោយឬទេ?

4)    អំពីរបបគ្រប់គ្រង

    សង្គមខ្មែរបានផ្លាស់ប្តូរពីរបបរាជានិយម មករបបសាធារណរដ្ឋ បន្ទាប់មករបបខ្មែរក្រហម ហើយចុងក្រោយនេះ ជារបបរាជានិយមអាស្រ័យធម្មនុញ្ញ ក្នុងនោះព្រះមហាក្សត្រពុំទាន់កាន់អំណាចទេ ហើយនាយករដ្ឋមន្រ្តីជាអ្នកដឹកនាំប្រទេស ដែលបានជ្រើសរើសពីការបោះឆ្នោត ក្នុងចំណោមគណបក្សនយោបាយជាច្រើន។

    ជាទ្រឹស្តី ការបោះឆ្នោតរើសអ្នកដឹកនាំ ចេញពីគណបក្សច្រើន ប្រសើរជាង ចេញពីគណបក្សតែមួយ ព្រោះវាជាម៉ែតមួយសម្រាប់កំណត់ថា សង្គមមួយមានលទ្ធិប្រជាធិបតេយ្យ។

5)    អំពីជំនឿ និងទំនៀមទម្លាប់

  • ខ្មែរភាគច្រើនកាន់ព្រះពុទ្ធសាសនា អ្នកដ៏ទៃទៀតក៏អាចជឿលើសាសនាដ៏ទៃទៀតបានដែរ។

  • ខ្មែរមានបុណ្យទានដូចជា បុណ្យចូលឆ្នាំខ្មែរ ភ្ជុំបិណ្ឌ បុណ្យអុំទូក បុណ្យកឋិនទាន ។ល។
  • មានការបន់ស្រន់ពេលមានជម្ងឺ
  • ពេលស្លាប់ សពត្រូវបានបូជា និងមានប្រារព្ធពិធីបុណ្យ ៧ថ្ងៃ

មុននិងរៀបអាពាហ៏ពិពាហ៏ ខ្មែរមានជំនឿលើហោរា ក្នុងការមើលថ្ងៃ ខែ ឆ្នាំ។ ក្នុងពិធីអាពាហ៏ពិពាហ៏មានពិធី សូត្រមន្ត ហែរជំនូន ពិធីកាត់សក់ ពិធីហូបអាហារ ។ល។

តើទំលៀមទំលាប់នាពេលបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងដូចម្តេច?

6)    អំពីរចនាបទ

  • ស្ថាបត្យកម្ម ៖ ចាប់ពីសតវត្សទី ៩ ដល់សតវត្សទី ១៤ ជាសម័យរុងរឿង នៃអាណាចក្រកម្ពុជា ដែលមានទឹកដីលាតសន្ធឹងស្ទើរតែនៅតំបន់អាស៊ីអាគ្នេយ៏ ពេលនោះខ្មែរបានកសាងប្រាសាទជាច្រើន ហើយនៅក្នុងឆ្នាំ ១៨៦៦ ខ្មែរបានកសាង ព្រះបរមរាជវាំងទៀងផងសម្រាប់ឲ្យគេទស្សនា។


ផ្ទះខ្មែរធ្វើអំពី ឈើប្រកស្លឹក ឬ ក្បឿង។ ផ្ទះមានទំហំ ៤x៦ ឬ ៦x១០ ។

  • អំពីសំលៀកបំពាក់ ៖ ខ្មែរប្រើ ក្រមា សារុង ក្រោយមកប្រើ សំពត់ ដែលទទួលឥទ្ធិពលពី ឥណ្ឌា តាំងពីសម័យ Funan មកម្ល៉េះ ទើបតែដល់សតវត្សទី ១៧ ខ្មែរចាប់ប្រើ សំពត់ផាមួង។

តើបច្ចុប្បន្នកាលរចនាបទរបស់ខ្មែរ មានការផ្លាស់ប្តូរយ៉ាងដូចម្តេច?

7)    អំពីសិល្បៈ

  • តន្រ្តី និងចម្រៀង ៖ ឧបករណ៏តន្រ្តីខ្មែររួមមាន ពិណពាទ្យ រនាបឬស្សី ស្គរ ។ល។

នាឆ្នាំ ១៩៦០ វិស័យថាសចម្រៀង មានការរីកចម្រើនគួរឲ្យកត់សំគាល់។ អ្នកចម្រៀងដែលល្បីឈ្មោះមាន លោក ស៊ិន ស៊ីសាមុត និង អ្នកស្រី រស់សេរីសុទ្ធា ។ល។

  • របាំ ៖ អប្សរា ជារបាំផ្លូវការ ដែលល្បីល្បាញក្នុងឆាកជាតិ និងអន្តរជាតិ។ ក្នុងការរាំលេង គេនិយមរាំវង់ រាំក្បាច់ ។ល។ ខ្មែរក៏ទទួលឥទ្ធិពលពីបរទេសដូចជា រាំ cha cha , bolero , madison។

  • ល្ខោន ៖ ល្ខោនដែលខ្មែរនិយមជាងគេគឺ ល្ខោនបាសាក់។ ល្ខោនដែលបាញ់ពន្លឺលើរូបសំណាក់ ដើម្បីបានស្រមោលលើផ្ទាំងសំពតស ហៅថា ល្ខោនស្បែក។

  • ភាពយន្ត ៖ ខ្មែរបង្កើតភាពយន្តនៅឆ្នាំ ១៩៥០។ វិស័យភាពយន្តមានការរីកចំរើនខ្លាំងនៅអំឡុងឆ្នាំ ១៩៦០។ សព្វថ្ងៃការរីកចំរើននៃ Video និង TV ធ្វើឲ្យរោងភាពយន្ត មិនអាចបន្តអាជីពបាន ជាមូលហេតុធ្វើឲ្យវិស័យភាពយន្តខ្មែរ មានការធ្លាក់ចុះ។

    តើសិល្បៈនៅសង្គមខ្មែរមានការវិវត្តន៏យ៉ាងដូចម្តេច?

8)    អំពីកីឡា

កីឡាដែលលេចធ្លោ និងពេញនិយមជាងគេគឺ ប្រដាល់សេរី។ នៅឆ្នាំ ១៩៦០ អ្នកប្រដាល់សេរីខ្មែរភាគច្រើន យកឈ្នះកីឡាករពីប្រទេសថៃ។

  • បាល់ទាត់ខ្មែរ ត្រូវបានបង្កើតនៅអំឡុងឆ្នាំ ១៩៣៣ ហើយបានចូល FIFA នៅឆ្នាំ ១៩៥៣ និង បានចូល AFC (asia) នៅឆ្នាំ ១៩៥៧។

តើកីឡាខ្មែរមានការរីកចម្រើនឬទេនាពេលបច្ចុប្បន្ន?

សូមប្រិយមិត្តជួយបំពេញបន្ថែម ដើម្បីឲ្យប្រិយមិត្តយល់អំពីនិយមន័យនៃវប្បធម៌ និងការផ្លាស់ប្តូរវាទៅតាមសម័យកាល៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]