ភ្នំពេញ៖ អ្នកមេម៉ាយចាយសម្រស់ អ្នកនាង ចន ច័ន្ទលក្ខិណា គឺជាតារាសម្តែងមួយដួង ដែលមាន ឈ្មោះបោះ សំឡេងល្បីរន្ទឺ ជាច្រើនឆ្នាំ មកហើយ ក្នុងវិស័យសិល្បៈ ដោយជានិច្ចកាលនាងតែងតែ ចំណាយពេល ជាមួយការងារ សិល្បៈមិនដែលដាច់ទេ តែថ្មីៗនេះតារាស្រីរូបនេះ បែរជាបង្ហាញសារមួយយ៉ាងខ្លីថា ពេលនេះនាងបាន ចំណាយពេលភាគច្រើន ជាមួយមុខជំនួញមិនសូវមានពេល សម្រាប់ការងារសិល្បៈ ដូចមុនទៀតទេ។

ទស្សនិកជនធ្លាប់នៅចាំបានថា កាលពីជាង១ខែមុន តារាសម្តែង និងជាពិធីការិនី ប្រចាំនៅស្ថានីយទូរទស្សន៍ បាយ័ន អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បានប្រកាសជា សាធារណៈម្តងរួចមកហើយថា នាងនឹងមិនខ្វល់ខ្វាយ ពីការងារសិល្បៈទៀតទេ ព្រោះថាកន្លងមកនាងធ្លាប់ បញ្ចេញសកម្មភាពការពារ និងលើកស្ទួយវិស័យ ភាពយន្តរបស់យើង ឲ្យមានភាពរីកចម្រើន តែសកម្មភាពរបស់នាង ហាក់មិនបានទទួល ផ្លែផ្កា ដូចការរំពឹងទុកទើប នាងងាកមកយកពេលទៅពង្រឹងមុខជំនួញ ដោយមិនសូវ មានពេល ជាមួយការងារសិល្បៈដូចមុនទេ ។

តារាសម្តែងរាងខ្ពស់ស្រឡះ អ្នកនាង ចន ច័ន្ទលក្ខិណា នៅពេលថ្មីៗនេះ បានទម្លាយឲ្យមហាជន បានដឹងថាមួយរយៈនេះ ដោយសារតែការងារ រកស៊ីមុខជំនួញរបស់នាង ហាក់មានការមមាញឹកច្រើន ទាំងហាងផ្កានិង សាឡន ដែលធ្វើឲ្យនាងមានការមមាញឹកខ្លាំង ស្ទើរតែមិនមានពេលសម្រាក់ទាល់តែសោះ។

តាមរយៈសារខ្លី ដែលតារាសម្តែងចាស់វស្សា មេម៉ាយកូនមួយ អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានបង្ហាញសារក្នុង Facebook ផ្ទាល់ខ្លួនឲ្យដឹងទៀតថា « មួយរយៈពេលនេះ ខ្ញុំជាប់ដៃជាមួយការងារជំនួញខ្លាំង ស្ទើរតែភ្លេចការងារសិល្បៈទៅហើយ តែពេលនេះអត់ទេ ទាល់តែឆ្លៀតមកចាប់អាជីពចាស់ខ្លះ ហើយទើបបាន » ។

ជាការពិតបើទោះ ជាតារាស្រីរូបនេះ មិនបាននិយាយពីភាពមមាញឹក ជាមួយការងាររកស៊ី ខាងក្រៅសិល្បៈ ក៏គេអាចមើលឃើញផងដែរថា មុខជំនួញរបស់នាងហាក់ ចាប់ផ្តើម ជោគជ័យកាន់តែខ្លាំងឡើងៗ ជាលំដាប់តួយ៉ាងដូចពេលនេះជារដូវរៀបការផងនោះ ជំនួញខាងសាឡន និងខាងហាងផ្កាក៏ជួប មមាញឹកជាហូរហែមក ដែលធ្វើ ឲ្យនាងងាកចេញពីការងារសិល្បៈ មកពង្រឹងមុខជំនួញផ្ទាល់ខ្លួន ព្រោះតែនាងហាក់មានការអាក់អន់ ស្រពន់ចិត្ត ជាមួយការងារសិល្បៈនាពេល កន្លងមក ស្រាប់ផង ក៏ធ្វើឲ្យនាងស្ទើរតែភ្លេច ការងារសិល្បៈតែម្តងទៅ ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]