កីឡា៖ វាពិតជារឿងដ៏អស្ចារ្យ និងគួរឲ្យមានមោទនភាពមួយ បន្ទាប់តារាបាល់ទាត់ដ៏ល្បីមួយរូប និងជានិមិត្តរូបនៅក្នុង ដួងចិត្តរបស់អ្នកស្នេហាវិស័យបាល់ទាត់ នៅព្រះរាជាណាចក្រកម្ពុជា កីឡាករខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ត្រូវបានគេហទំព័រកីឡា របស់បរទេសដ៏ល្បីមួយ សម្រេចជ្រើសរើស ជាកីឡាករលេង បានល្អបំផុតប្រចាំសប្តាហ៍ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ កាលពីពេលថ្មីៗនេះ។

Goal.com ដែលជាគេហទំព័រផ្នែកកីឡាដ៏ធំមួយ មានអ្នកគាំទ្រ និងអ្នកតាមដាន មិនតិចជាង ៦៤លាននាក់នោះ នាពេលថ្មីៗនេះ បានចុះផ្សាយអំពីកីឡាករ ចាន់ វឌ្ឍនាកា ដោយបានបញ្ជាក់អំពី ទម្រង់លេងដ៏ល្អរបស់គេ ព្រមទាំងចាត់ទុករូបគេ គឺជាកីឡាករកំពូលមួយរូប ប្រចាំសប្តាហ៍នាតំបន់ អាស៊ីអាគ្នេយ៍ (Southeast Asia Player of the Week)។


ការចុះផ្សាយអំពី វឌ្ឍនាកា នៅក្នុងគេហទំព័រ Goal.com

នៅក្នុងការចុះផ្សាយនោះផងដែរ ក៏មានការបង្ហាញនូវការដកស្រង់សម្តី របស់លោក Eric Noveanto សហការីនៃគេហទំព័រ Goal.com មួយនេះដោយ លោកបានលើកឡើងថា “តារាវ័យក្មេងរបស់ កម្ពុជា ធ្វើបានយ៉ាងល្អឥតខ្ចោះ នៅក្នុងសប្តាហ៍នេះ ហើយវាក៏ជាពេលមួយ ដែលមិនអាចបំភ្លេចបានផងដែរ ដោយរូបគេអាចរកបាន៣គ្រាប់ (Hat-trick) ដើម្បីធានានូវជ័យជម្នះ យ៉ាងអស្ចារ្យឲ្យក្រុម របស់ខ្លួនគឺក្លឹប បឹងកេតអង្គរ ក្នុងលទ្ធផល៣-២ ទៅលើក្រុមកំពូលតារាង របស់ក្របខ័ណ្ឌបាល់ទាត់ នៃប្រទេសវៀតណាម Becamex Binh Duong នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Toyota Mekong Club កាលពីថ្ងៃអាទិត្យកន្លងទៅនេះ។ លើសពីនេះទៀតរូបគេ ក៏បានជួយឲ្យក្លឹប របស់ខ្លួនរក្សាកំណត់ត្រា ១០០% មិនធ្លាប់ចាញ់ នៅក្នុងការប្រកួត នៃក្របខ័ណ្ឌបាល់ទាត់ របស់កម្ពុជា ស្របពេលដែលក្លឹបមួយនេះ អាចបំបាក់ក្រុមជើងឯក របស់ប្រទេសមីយ៉ាន់ម៉ា និងឡាវ សម្រាប់ពានរង្វាន់ Toyota Mekong Club បានទៀត ហើយបើគិតមកទល់ពេលនេះ វឌ្ឍនាកា រកបាន៥គ្រាប់ហើយ ដែលអាចឲ្យរូបគាត់ មានសិទ្ធិក្នុងការប្រជែងយក ពានអ្នកស៊ុតបញ្ចូលទី បានច្រើនជាងគេ”។

ទាំងនេះគឺជាការលើកឡើង របស់គេហទំព័រ Goal.com ក្នុងការរៀបរាប់អំពី ទម្រង់លេងនិង សមិទ្ធិផលដែលកីឡាករ ចាន់ វឌ្ឍនាកា បានសម្រេចកន្លងមក ហើយនេះក៏ជាមោទនភាពមួយ ផងដែរដែល កីឡាករបាល់ទាត់របស់ ព្រះរាជាណាចក្រ កម្ពុជា ត្រូវបានទទួលស្គាល់ និងអបអរ ជាកីឡាករឆ្នើមពីសំណាក់ គេហទំព័រល្បីរបស់បរទេស៕


ចាន់ វឌ្ឍនាកា កីឡាករវ័យក្មេងដ៏ឆ្នើម របស់ក្លឹបបឹងកេតអង្គរ និងក្រុមជម្រើសជាតិ កម្ពុជា

ប្រភព៖ Goal

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា