ភ្នំពេញ៖ ព័ត៌មានលាឈប់របស់អ្នកនាង ពេជ្រ សោភា ចេញពីផលិតកម្មហង្សមាស និងរស្មីហង្សមាស ភ្លាមៗដូចនេះ កំពុងក្លាយជាប្រធានបទក្តៅមួយ នៅក្នុងពិភពសិល្ប: និងនៅលើបណ្តាញសង្គម ពេលថ្មីៗកន្លងទៅនេះ ក្រោយពីរូបនាង បានប្រកាសក្តែងៗតាមទំព័រហ្វេសហ៊ុករួចមក។

ទន្ទឹមនឹងព័ត៌មានសាយភាព ពេញបណ្តាញសង្គមពីតារាចម្រៀងស្រី ពេជ្រ សោភា សាមីខ្លួនផ្ទាល់ហាក់ដូចជាមិនទាន់ចង់បកស្រាយ ឬប្រាប់អំពីមូលហេតុចំ នៃការប្រកាសលាឈប់នេះ ដល់អ្នកសារព័ត៌មាន និងអ្នកគាំទ្រឲ្យបានដឹងនៅឡើយទេ ហើយកំពុងក្លាយជា ចំណោទសម្រាប់មហាជន ដែលលើកឡើងថា តើពេជ្រ សោភា ពិតជាសម្រេចចិត្តចាកចេញពិតមែនឬយ៉ាងណា? យ៉ាងណាមិញ ភ្ជាប់នឹងដំណឹងនេះដែរ ក៏មានលេចលឺពីអ្នកសិល្ប:ដូចគ្នាទម្លាយប្រាប់ហេតុផលលាឈប់របស់ ពេជ្រ សោភា ដល់សារព័ត៌មានក្នុងស្រុកមួយចំនួន ឲ្យដឹងថា នាងបានផ្ទុះជម្លោះជាមួយ អ្នកគ្រប់គ្រងតារាចម្រៀងប្រចាំផលិតកម្មដ៏ធំនេះ ទើបនាងសម្រេចចិត្តចាកចេញ។

ប្រភពព័ត៌មានទម្លាយថា ជម្លោះបានផ្ទុះឡើង កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥ ក្នុងការប្រគំតន្ត្រីមួយ នៅឯកោះពេជ្រ។ ប្រភពព័ត៌មានច្បាស់ការ ពីអ្នកនៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីនោះ បាននិយាយថា៖ «អ្នកនាង ពេជ្រ សោភា​ មានការអាក់អន់ស្រពន់ចិត្តយ៉ាងខ្លាំង ចំពោះរឿងមួយ ពោលគឺបន្ទាប់ពីនាង បានចុះពីឆាកតន្ត្រីភ្លាម នាងត្រូវបានបុគ្គលិកម្នាក់ មានតំណែងធំគួរសម ក្នុងហង្សមាស បានស្តីបន្ទោសឲ្យនាងកណ្តាលមុខមហាជនថា អ្នកនាងមិនចេះប្រដៅកូនចៅ ដែលស្មើនឹងទះកំផ្លៀងនាងមុខមហាជន»។ បន្ថែមពីនេះទៀត ប្រភពព័ត៌មានពីអ្នកសិល្ប:វិញ ដែលបានចូលរួមក្នុងកម្មវិធីនោះដែរ បានព្រលយឲ្យដឹងថា៖ «ពេជ្រ សោភា មានការអាក់អន់ចិត្តជាមួយនឹងអ្នកគ្រប់គ្រងតារាចម្រៀង ក្នុងផលិតកម្មហង្សមាស ដែលបានស្តីបន្ទោសនាង ថាមិនចេះគ្រប់គ្រងអ្នករ៉េបបទចម្រៀង និងអ្នករាំ ព្រោះហាក់មានចរឹកឬកពារឈ្លើយ។ ប៉ុន្តែការស្តីបន្ទោសនេះ ក៏ស្ថិតនៅក្នុងចំណោមមនុសុ្សច្រើន ដែលធ្វើឲ្យពេជ្រ សោភា ពិបាកនឹងទទួលយក»។

ប្រភពព័ត៌មានមិនទាន់អាចទាក់ទងនឹងអ្នកគ្រប់គ្រងតារាចម្រៀងរូបនោះ បាននៅឡើយទេ ខណ:ដែលអ្នកនាង ពេជ្រ សោភា វិញ មិនទាន់ចង់បកស្រាយអ្វី ដល់អ្នកសារព័ត៌មានក្នុងស្រុកមួយចំនួន នៅឡើយផងដែរ។ នាងធ្លាប់បានប្រាប់ថា៖ «ខ្ញុំសុំអត់និយាយអ្វីទាំងអស់ ពាក់ព័ន្ធរឿង ដែលថាខ្ញុំចាកចេញ ពីផលិតកម្មហង្សមាស »។

យ៉ាងណាក្តី នេះជាការវិវឌ្ឍន៍ខ្លះៗ អំពីមូលហេតុចាកចេញរបស់ ពេជ្រ សោភា។ បើមានព័ត៌មានលម្អិត និងបកស្រាយណាមួយបន្ថែមទៀត ខ្មែរឡូតនឹងចុះផ្សាយជូនប្រិយមិត្តបានជ្រាបនៅពេលបន្ទាប់៕


ដោយ សី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា