ភ្នំពេញ៖ បន្ទាប់ពីធ្វើបាន Hat-Trick ជួយក្រុមបឹងកេត អង្គរយកឈ្នះក្រុម Becamex Binh Doung ដោយលទ្ធផល ៣-២ យប់មិញមានបណ្ដាញ សារព័ត៌មានវៀតណាម ជាច្រើន បានចាត់ទុកខ្សែប្រយុទ្ធ ឆ្នើម ចាន់ វឌ្ឍនាកា ជាកីឡាករ Messi កម្ពុជា «Messi Campuchia» ។ ប៉ុន្ដែការប្រៀបធៀបនេះមិន បានធ្វើឲ្យខ្សែយុទ្ធវ័យ ២១ឆ្នាំ ខាងលើ សប្បាយចិត្តនោះទេ ព្រោះ Idol របស់គេ គឺជាខ្សែប្រយុទ្ធឆ្នើម ប្រចាំក្លឹបស្ដេចស Real Madrid (Cristiano Ronaldo) ។

ចំពោះវេបសាយ bongdaplus.vn របស់វៀតណាម បានប្រៀបធៀបកីឡាករ ចាន់ វឌ្ឍនាកា ទៅនឹងខ្សែប្រយុទ្ធឆ្នើម ប្រចាំក្លឹប អ្នកមានបុណ្យ Barcelona គឺកីឡាករ Lionel Messi បន្ទាប់ពីរូបគេរកបាន ៣គ្រាប់ម្នាក់ឯង ដើម្បីយកឈ្នះ ក្រុមការពារ តំណែងជើងឯក Becamex Binh Doung បន្ដទៅវគ្គ ផ្ដាច់ ព្រ័ត្រដែលត្រូវជួប ក្រុមជើងខ្លាំងថៃ Buriram United នៅថ្ងៃទី២០ ខែធ្នូខាងមុខ ។

ការប្រដូចបែបនេះ ដោយសារគេយល់ថា ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបឹងកេត និងក្រុមជម្រើសជាតិ កម្ពុជារូបនេះ មានសមត្ថភាពពិសេសអាចគ្រប់គ្រងបាល់បានគ្រប់ស្ថានភាព ហើយថែមទាំងមាន បច្ចេកទេសលេងខ្ពស់ដើម្បី វាយបកលើគូប្រជែងទៀតផង។ សូម្បីតែប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា រួមទាំង គ្រូបង្វឹកបឹងកេត គឺលោក ប្រាក់ សុវណ្ណារ៉ា ក៏ចាត់ទុក វឌ្ឍនាកា ជា Messi កម្ពុជាដែរ  ។

ឆ្លើយតបនឹងការសម្ភាសន៍ ជាអ្នកសារព័ត៌មានវៀតណាម សាមីខ្លួនផ្ទាល់ គឺកីឡាករ ចាន់ វឌ្ឍនាកា បាន និយាយថា ខ្ញុំពិតជាសប្បាយរីករាយខ្លាំងណាស់ ដែលបានស៊ុតបាល់បញ្ចូលទី ក្នុងការប្រកួតនេះ។ ជារៀងរាល់ការប្រកួតខ្ញុំ តែងតែខិតខំប្រឹង ជួយក្រុមស្វែងរកជ័យជម្នះ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងជួយក្រុមធ្វើឲ្យបាន ល្អបន្ថែមទៀតនៅវគ្គផ្ដាច់ព្រ័ត្រ នាពេលខាងមុខ ។

ចំពោះការប្រៀបធៀបខ្ញុំ ទៅនឹងកីឡាករល្បីៗឈ្មោះ Lionel Messi ខ្ញុំសប្បាយចិត្តណាស់ ប៉ុន្ដែខ្ញុំចូលចិត្តឲ្យគេ ប្រៀបធៀបខ្ញុំទៅនឹងកីឡាករ Cristiano Ronaldo ជាងកីឡាករ Lionel Messi ព្រោះខ្ញុំចូលចិត្ត Ronaldo ជាង។ ជាមួយនឹងការ បង្ហាញទេពកោសល្យដ៏អស្ចារ្យ រហូតទទួលបានរហស្សនាមថ្មីជា «Messi Campuchia» ពីអ្នកសារព័ត៌មាន វៀតណាមនេះ មិនត្រឹមតែធ្វើឲ្យកេរ្ដិ៍ឈ្មោះ ចាន់ វឌ្ឍនាកា ល្បីល្បាញនោះទេ ពោល គឺជាលទ្ធផលដ៏ល្អប្រសើរមួយ ស្របពេលភ្នាក់ងារដោះដូរកីឡាករជប៉ុន កំពុងទាក់ទង និងតាមដានយ៉ាង យកចិត្តទុកដាក់នៅក្នុងការចង់បាន កីឡាករវ័យ ២២ឆ្នាំរូបនេះ ទៅលេងនៅលីកជប៉ុន ។ ដូច្នេះគេរំពឹងថា ការធ្វើបាន Hat-Trick នេះនឹងក្លាយជា កត្ដាជំរុញកាន់តែលឿន ក្នុងការចរចារផ្ទេរកីឡាករ ចាន់ វឌ្ឍនាកា ទៅលេងនៅជប៉ុន ៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចាន់ វឌ្ឍនាកា