រាជធានីភ្នំពេញ ៖ ជាងផ្សារដែកម្នាក់ ត្រូវបានចរន្តអគ្គិសនីឆក់បណ្ដាលឲ្យរងរបួស យ៉ាងធ្ងន់ធ្ងរស្ទើរស្លាប់ស្ទើររស់ ហើយត្រូវបានប៉ូលិសហៅរថយន្តសង្គ្រោះ ដឹកយកទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈពេលដែលរូបគេលើកដែកមួយដើមផ្សារដំបូលសំយ៉ាបផ្ទះមួយកន្លែង ហើយបានប៉ះខ្សែកាបភ្លើងដែលស្ថិតនៅជិតនោះ ដែលហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចផ្ទះសង់ថ្មីមួយកន្លែងស្ថិតក្នុងភូមិធម្មត្រ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនរងគ្រោះ ឈ្មោះ ធីម អាយុ១៩ឆ្នាំ មុខរបរជាងផ្សារដែក ស្នាក់នៅផ្ទះជួលក្បែរផ្សារត្រពាំងថ្លឹង ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតនៅស្រុកកោះសុទិន ខេត្ដកំពង់ចាម ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ និងមិត្តភក្តិរួមការងារ បាននាំគ្នាឡើងផ្សារដំបូលសំយ៉ាបផ្ទះមួយកន្លែងស្ថិតក្នុងភូមិ ខាងលើ ខណៈនោះបានលើកដែកដើម្បីផ្សារដំបូលមិនបានប្រុងប្រយ័ត្នស្រាប់តែ ដែកនោះវ័ធប៉ះខ្សែកាបភ្លើងដែលស្ថិតនៅក្បែរនោះបណ្ដាលឲ្យឆក់ ធ្លាក់ពីលើដំបូលកម្ពស់ជាង៤ម៉ែត្រមកដី រងរបួសធ្ងន់ធ្ងរតែម្ដង ។ ភ្លាមៗនោះមិត្តភក្ដិរួមការងារ និងប្រជាពលរដ្ឋនៅជិតនោះនាំគ្នាជួយសង្គ្រោះបឋម បន្ទាប់មកប៉ូលិសបានចុះទៅដល់ និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈដើម្បីសង្គ្រោះបន្ទាន់ ហើយនៅក្នុងពេលនោះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។
សូមបញ្ជាក់ថា នេះគឺជាលើកទី២ហើយដែលមនុស្ស២នាក់ត្រូវបានចរន្តអគ្គិសនីឆក់ បណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរក្នុងពេលកំពុងសាងសង់ផ្ទះបែបនេះ ដែលលើកទី១ កើតឡើងកាលពីវេលាម៉ោង១ និង៥០នាទីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចសំណង់អគារមួយកន្លែងដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវ ព្រៃស ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោរាជធានីភ្នំពេញ បណ្ដាលឲ្យបុរសម្នាក់ឈ្មោះ យន សារិទ្ធ អាយុ៣៥ឆ្នាំ មុខរបរជាជាងកញ្ចក់ មានស្រុកកំណើតខេត្តកំពង់ចាម រងរបួសយ៉ាងធ្ងន់ធ្ងរ ព្រោះតែចរន្តអគ្គិសនីខ្សែកាបភ្លើងឆក់ដូចគ្នានេះដែរ ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]