ខេត្តកំពង់ស្ពឺ ៖ យ៉ាង​ហោច​ណាស់​ ក្មេង​ប្រុស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង និង​៥​​នាក់​ទៀត​រង​របួសធ្ងន់​ស្រាល ខណៈ​ម្តាយ​ដឹក​ពីសា​លា​ត្រឡប់​ទៅ​ផ្ទះ ​ហើយ​ជួប​គ្រោះថ្នាក់​ចរាចរណ៍ ​​ដោយ​ឡាន​ដឹក​ទំនិញ​បុក​ពីក្រោយ​យ៉ាង​ពេញទំហឹង ។ ក្រោយ​បង្កហេតុ​អ្នកបើកបរ​រថយន្ត​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ ឲ្យ​សមត្ថកិច្ច​ផង​ដែរ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​១២​នាទី​ល្ងាច ថ្ងៃ​ទី​៣០​ វិច្ឆិកា ២០១៥ លើ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤០-៤១ ស្ថិត​ក្នុង​​ភូមិ​វ​ល្លិ៍​ស ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ។

រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​(​កូរ៉េ​) ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-7153 បើកបរ​ដោយ​ឈ្មោះ ហ៊​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ខ្លែង​ពណ៌ ឃុំ​ជ្រៃ​វៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់​ចាម ត្រូវ​បាន​ប្រជាពលរដ្ឋ​ចាប់ខ្លួន​ភ្លាម​ៗ​ប្រគល់​ឲ្យ​សមត្ថកិច្ច ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​បាន​ឲ្យ​ដឹ​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​បង្ក​ធ្វើ​ដំណើរ​មក​ពី​ទិស​ខាងកើត​ទៅ​ទិស ​ខាងលិច មក​ដល់​ចំណុច​ខាងលើ​បាន​បុក​​ពីក្រោយ​ម៉ូតូ​ម៉ាក ហុងដា វ៉េវ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើកបរ​ដោយ​ស្ត្រី​ម្នាក់ ឌុ​ប​ក្មេង​៥​នាក់ បណ្តាល​ឲ្យ​ដួល​រដូករណែល​ពេញ​ផ្លូវ ។ ប្រភព​បន្ត​ថា ក្រោយ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​មាន​អ្នក​ស្លាប់ និង​របួស​រួច​មក រថយន្ត​នោះ​បាន​រេ​ចង្កូត​ធ្លាក់​ប្រឡាយ​អម​ផ្លូវ​ទៅ​មុខ​លែង​រួច ក៏​ត្រូវ​ប្រជាពលរដ្ឋ​រួម​គ្នា​ចាប់​អ្នកបើកបរ​ប្រគល់​ឲ្យ​សមត្ថកិច្ច និង​បាន​សុំ​អន្តរាគមន៍​បញ្ជូន​ជន​រង​គ្រោះ​ទៅ​សង្គ្រោះ​ផង​ដែរ ។

មន្ត្រី​នគរបាល​ស្រុក​សំរោង​ទង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​អ្នក​បើក​ម៉ូតូ​ឈ្មោះ ស្រី អាត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ បាន​រង​របួសធ្ងន់ រស់នៅ​ភូមិ​ចំបក់ ឃុំ​វ​ល្លិ៍​ស ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ ឌុ​ប​ក្មេង​ចំនួន​៥​នាក់ ១-​ឈ្មោះ ថុ​ង លី​ហួ ភេទ​ប្រុស អាយុ​៨​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ​, ២-​ឈ្មោះ ថុ​ង ស៊ី​ហួយ ភេទ​ស្រី អាយុ​១១​ឆ្នាំ រង​របួសស្រាល​, ៣-​ឈ្មោះ ថុ​ង បូ​រ៉ា ភេទ​ប្រុស អាយុ​៧​ឆ្នាំ រង​របួសធ្ងន់​, ៤-​ឈ្មោះ ស៊ូ ពិសាល ភេទ​ប្រុស អាយុ​៥​ឆ្នាំ រង​របួសស្រាល និង ៥-​ឈ្មោះ ធឿ​ន វណ្ណ​: ភេទ​ប្រុស អាយុ​៦​ឆ្នាំ រង​របួសស្រាល ទាំងអស់​គ្នា​រស់នៅ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ។

ប្រភព​បន្ត​ថា ចំពោះ​សព​សមត្ថកិច្ច​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី ចំណែក​អ្នក​រង​របួស​បញ្ជូន​ទៅ​ពេទ្យ​សម្ភព​ថ្នល់ទទឹង ។

បច្ចុប្បន្ន វត្ថុ​តាង និង​រថយន្ត​ខូច​កំរិត​ស្រាល ម៉ូតូ​ខូច​កម្រិត​ធ្ងន់ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង​ទង ។ ចំពោះ​អ្នកបើកបរ​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុងធ្វើការ​សាកសួរ​តាម​នីតិវិធី ។

នៅ​ព្រឹក​ថ្ងៃ​ទី​០១ ធ្នូ ២០១៥​នេះ​ដែរ តាម​រយៈ​សមត្ថកិច្ច ថៅកែ​រថយន្ត​បង្ក​បាន​ផ្ញើ​ថវិការ​មួយ​ចំនួន​ទៅ​ចូល​បុណ្យសព​កុមារ​រង​គ្រោះ ​ដល់​ផ្ទះ​ផ្ទាល់ និង​យក​ថវិការ​មួយ​ចំនួន​ទៀត​ជួយ​ដល់​អ្នក​រង​របួស​ផង​ដែរ ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]