អាមេរិក៖ ឪពុករបស់តារាសម្តែង ភាពយន្តហូលីវូដដ៏ល្បីឈ្មោះ លោក Paul Walker បានដាក់ពាក្យប្តឹង ក្រុមហ៊ុនផលិតរថយន្តទំនើបម៉ាក Porsche ថាបានធ្វើឲ្យកូនខ្លួនស្លាប់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ កាលពី២ឆ្នាំមុន

ឪពុករបស់លោក Paul William Walker IV (Paul Walker) គឺលោក Paul William Walker III បានដាក់ពាក្យប្តឹង ក្រុមហ៊ុនផលិតរថយន្តទំនើបម៉ាក Porsche អំពីការធ្វេសប្រហែស នៃបញ្ហាបច្ចេកទេស ឡាន Porsche Carrera GT ដែលបណ្តាលឲ្យតារាសម្តែង Paul Walker ឆេះស្លាប់ជាមួយនឹងមិត្តភក្តិរបស់គេ ដែលជាអ្នកបើកបរ នៅពេលធ្លាក់ក្នុង ស្ថានភាពបាត់បង់ម្ចាស់ការ និងជ្រុលទៅបុកដើមឈើមួយដើម កាលពីឆ្នាំ២០១៣ នៅក្នុងទីក្រុង Santa Clarita ភាគខាងជើងនៃទីក្រុង Los Angeles។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅក្នុងពាក្យបណ្តឹង ដែលបានដាក់កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា កន្លងទៅថ្មីៗនេះ លោក Walker III បានអះអាងថា រថយន្តមូ៉ដែលទំនើប Porsche Carrera GT គឺមានការខ្វះចន្លោះ កម្មវិធីគ្រប់គ្រងសុវត្ថិភាពអ្នកដំណើរ ហើយក្រុមហ៊ុន Porsche ក៏បានដឹងរួចមកហើយដែរ ចំពោះបញ្ហានេះ។

ប្រភពព័ត៌មានក៏បានឲ្យដឹងដែរថា នៅក្នុងពាក្យបណ្តឹងក៏បានចោទ ក្រុមហ៊ុន Porsche មានបញ្ហាបច្ចេកទេស ក្នុងការផលិតរថយន្តម៉ូដែលមួយនេះ ដែលវាពុំមានប្រព័ន្ធអេឡិចត្រូនិចត្រឹមត្រូវ ក្នុងការទប់លំនឹង ដើម្បីឲ្យរថយន្តមានស្ថេរភាព នៅពេលជួយប្រទះនឹងហេតុការណ៍អាក្រក់ ចៃដន្យណាមួយ។

លើសពីនេះទៅទៀត ពាក្យបណ្តឹងក៏បានចោទថា រថយន្ត Porsche Carrera GT មានការរចនាខ្សែក្រវ៉ាត់សុវត្ថិភាព ខុសបច្ចេកទេស ដែលជាមូលហេតុបណ្តាលឲ្យ លោក Paul Walker គៀបជាប់ មិនអាចរើខ្លួនរួច រហូតដល់បាក់ឆ្អឹង ត្រគៀក និងឆ្អឹងជំនី ដែលនៅពេលភ្លើង កំពុងឆាបឆេះនោះ លោកនៅមានជីវិតរហូតដល់ ១នាទី២០វិនាទីក្រោយមកឯណោះ៕



ប្រភព NBC NEWS | Lollipopsg

ដោយ លូហាន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]