រាជធានីភ្នំពេញ ៖ អំឡុងពេលចុងក្រោយនេះលេចឮថា តារាសម្តែងលោកអ៊ុន សុធា ត្រូវបានជ្រើសរើសជាតួអង្គសំខាន់ក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្ររឿង «ហ្លួងព្រះស្តេចកន» ដែលល្បីថានឹងចំណាយដើមទុនច្រើន ។
ខ្សែភាពយន្តបែបប្រវត្តិសាស្ត្រខ្មែររឿង «ហ្លួងព្រះស្តេចកន» នឹងចាប់ផ្តើមផលិតនៅចុងឆ្នាំ២០១៥នេះ វាជាខ្សែភាពយន្តដំបូងនៅកម្ពុជា ដែលមានការវិនិយោគទុនប្រមាណជាង១លានដុល្លារអាមេរិក ជាខ្ទង់ចំណាយច្រើន គួរឱ្យចាប់អារម្មណ៍ ។ តាមការបង្ហើបឱ្យដឹងពីក្រុមការងារផលិតកាលពីពេល ថ្មីៗកន្លងមកថា តារាសម្តែងអ៊ុន សុធា នឹងទទួលបានតំណែងជាតួអង្គសំខាន់គឺតួស្តេចកន ។ មានតារាសម្តែងក្មេងចាស់ជាច្រើនបានដាក់ពាក្យចូលរួមសម្តែងក្នុងខ្សែភាពយន្តបែបប្រវត្តិសាស្ត្រនោះ ប៉ុន្តែចុងក្រោយលេចឮថា តួអង្គស្តេចកនបានទៅលើលោកអ៊ុន សុធា ដែលធ្លាប់ចូលរួមសម្តែងក្នុងខ្សែភាពយន្តខ្នាតធំជាច្រើនរឿង ។
ក្រុមការងារផលិតខ្សែភាពយន្តនោះលើកឡើងថា ក្រុមអ្នកដឹកនាំផលិតបានសម្រេចចិត្តជ្រើសរើសតួអង្គ សំខាន់ៗរួចរាល់ហើយ មុនពេលសម្រេចចិត្តចាប់ផ្តើមចេញថតនៅដើមខែធ្នូនេះ ដោយទីតាំងនៃពិធីក្រុងពលី គឺទឹកដីខេត្តសៀមរាប ។ ចំពោះការសម្រេចចិត្តរបស់ផលិតករជ្រើសរើសលោកអ៊ុន សុធា ជាតួអង្គស្តេចកន ព្រោះលោកមានរាងកាយមាំមួន ពិសេសមានបទពិសោធខ្ពស់ក្នុងការសម្តែង ភាពយន្ត ។
ទោះជាយ៉ាងណាក្តី លោកអ៊ុន សុធា បញ្ជាក់ថា លោកនៅមិនទាន់ច្បាស់លាស់នៅឡើយលើការទទួលបានតំណែងជាតួអង្គសំខាន់ក្នុងភាពយន្តរឿង «ហ្លួងព្រះស្តេចកន» នោះ ។ កន្លងមកមានតារាសម្តែងប្រុសជាច្រើនបានដាក់ពាក្យធ្វើតេស្ត ដូចនេះលោកសុធា មិនប្រាកដទេថាបានតំណែងតួអង្គស្តេចកន ។ ម្យា៉ងលោកសុធាមិនទាន់ទទួលបានដំណឹងណាមួយពីផលិតករនៅឡើយ ។
កន្លងមកតារាសម្តែងអ៊ុន សុធា ធ្លាប់ជោគជ័យក្នុងការសម្តែងទាំងខ្សែភាពយន្តភាគ និងភាពយន្តខ្នាតធំជាច្រើនរឿង ជាពិសេសចុងក្រោយនេះ លោកទទួលបានការគាំទ្រច្រើនចំពោះការសម្តែងក្នុងខ្សែភាពយន្តរឿង «ស្បែកគង់» ។
កន្លងមកលោកសុធា ធ្លាប់ចូលរួមសម្តែងខ្សែភាពយន្តបែបបុរាណមួយចំនួនដូចជាជារឿង «ព្រះធិនវង្សនាងពៅ» និងរឿង «ប៉ីស្នេហ៍នាងហង្ស» ជាដើម ។
មហាជននៅរង់ចាំតាមដានបន្តទៀតថាតើមានតួអង្គល្បីឈ្មោះសំខាន់ណាខ្លះដែលចូលរួមសម្តែងក្នុងរឿង «ហ្លួងព្រះស្តេចកន» ៕
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]