​ខេត្តរតនគិរី​ ៖ មណ្ឌល​សុខភាព​សង្កាត់​កាចា​ញ​​ក្នុង​ខេត្ត​រតនគិ​រី រង​​ការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា មិន​​មាន​អ្នក​ប្រចាំការ​​ទទួល​អ្នក​ជំងឺ និង​មិន​រវល់​​អើពើ​ទុក​​ឱ្យ​​ស្ត្រី​ម្នាក់​ឆ្លងទន្លេ​នៅ​លើ​កៅអី​​រង់​ចាំ​ខាង​​មុខ ខណៈ​ដែល​ស្ត្រី​រូប​នោះ​ទៅ​ដល់​មណ្ឌល​សុខភាព​​ហើយ រង់​ចាំ​​ពុំ​មាន​ឃើញ​​ពេទ្យ​សួរនាំ​​ឡើយ​ ។

ស្ត្រី​ម្នាក់​ឆ្លងទន្លេ​លើ​កៅអី​រង់​ចាំ​នៅ​មុខ​មណ្ឌល​សុខភាព កាលពី​​វេលា​ម៉ោង​០៥ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​២០១៥ ស្ថិត​នៅ​ភូមិ៤ សង្កាត់ កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី ខណៈ​​ដែល​ប្ដី​មិន​​នៅ អ្នក​ជិតខាង​ជួយ​​ដឹក​យក​ទៅ​ដល់​មណ្ឌល​សុខ​ភាព​ ។ ស្ត្រី​រូប​នោះ​​ឈ្មោះ វ៉ា​ត់ វាត អាយុ​២៤​ឆ្នាំ ជនជាតិ​ខ្មែរ មាន​លំនៅ​​ក្នុងភូមិ​១ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្ត​រតនគីរី មាន​ប្ដី​ឈ្មោះ​ណែ​ត រិ​ទ្ធ អាយុ ២៤​​ឆ្នាំ មុខ​រ​បរ​ជា​កម្មករចៀរ​​ជ័រ​កៅ​ស៊ូ នៅ​ស្រុក​​លំ​ផាត់​ ។

បើ​តាម​​ការ​ឱ្យ​​ដឹង​ពី​ស្ត្រី​ឆ្លងទន្លេ​ឈ្មោះ​វ៉ា​ត់ វាត នោះ​​ថា កូន​ដែល​កើតមក​នេះ​ បានកូន​​ស្រី​ដែល​ជា​កូន​ទី​៣​ ។ ពេល​ដែល​គាត់​​ឈឺ​ពោះ ប្ដី​គាត់​មិន​នៅទេ ទៅ​ចៀរ​ជ័រ​​ឱ្យ​​គេ​នៅ​ស្រុក​លំ​ផាត់នៅ​តែ​ម្ដាយ តែ​បាន​អ្នក​ជិតខាង​ជួយ​ដឹក​ទៅ​មណ្ឌល​សុខភាព​ ។ ពេល​ដែល​ទៅ​ដល់​ពេទ្យ​នោះ​​ម៉ោង​ជិត​៥​​ពេល​​ព្រឹក​​ទៅ​ហើយ មិនឃើញ​មាន​ពេទ្យ​​ប្រចាំការ​ទេ ទូរស័ព្ទ​ទៅ​ពេទ្យ​ចូល​ហើយ​មិន​​មាន​អ្នក​លើក​​ទៀត ខណៈនោះ​គាត់​ឆ្លងទន្លេ​តែ​ម្ដង ​។

ស្ត្រី​​ម្នាក់​ទៀត​​នៅ​ជិតខាង​នោះ​បាន​និយាយ​ថា កាលពី៥​ខែ​កន្លង​ទៅ​​នេះ គាត់​ក៏​បាន​ឈឺពោះ​ឆ្លងទន្លេ​ដែរ ហើយ​ទៅ​ដល់​មណ្ឌល​សុខភាពនៅ​វេលា​ម៉ោង៣យប់ ពេល​ទៅ​មណ្ឌល​សុខភាព​ខាងលើ​នេះ ប្រធាន​មណ្ឌល​សុខភាព​នោះ​ថា ចាំ​ដល់​ម៉ោង​ទៅ ពីព្រោះ​ពេទ្យឆ្មប​មិន​នៅទេ គាត់​ទៅ​ដល់​មុខ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏​ឆ្លងទន្លេ​នៅ​មុខ​ពេទ្យ​តែ​ម្ដង​។

ជុំវិញ​ករណី​ខាងលើ​នេះ​ លោកកឹង សាវ៉ា​ត ប្រធាន​មណ្ឌល​សុខភាព បាន​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៣០ វិច្ឆិកា ​​២០១៥ នេះ​ថា រឿង​ពុំ​មាន​​អ្នក​ប្រចាំការ​អាច​មាន​ម្ដងម្កាល ជា​រឿង​ចៃ​ដន្យ​ពេល​ម៉ោង​៤ និង៣០​ទៅ​ម៉ោង​៥​ភ្លឺ នៅ​ពេល​ដែល​ដូរ​​វេន​អ្នក​ប្រចាំការ តែ​ពុំ​មែនជា​រៀងរាល់ថ្ងៃ​នោះ​ទេ​ ។

លោក​ទន់ ពៅ ចៅសង្កាត់​កាចា​ញ​ ក៏​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃនេះ​ដែរ​ថា បញ្ហា​នេះ​ជា​រឿង​ចៃដន្យ​ ពីព្រោះ​ស្ត្រី​រូប​នោះ​ទៅ​ដល់​មណ្ឌល​សុខភាព​ភ្លាម ក៏​ឆ្លងទន្លេ​ភ្លាម  ក៏​ប៉ុន្តែ​បញ្ហា​នេះ​ កាលពីមុន​ក៏​ធ្លាប់​មាន​ម្ដង​មក​ហើយ​ៗ លោក​ក៏​បាន​ហៅ​ប្រធាន​មណ្ឌល​សុខ​ភាព​មក​ណែនាំ​ម្ដង​រួច​ម​ក​ហើយ​ដែរ​ ។

ទោះជា​យ៉ាងណា មណ្ឌល​សុខភាព​សង្កាត់កាចា​ញ មាន​បុគ្គលិក​តិច ពុំ​មាន​បុគ្គលិក​គ្រប់គ្រាន់ តែងតែ​ជួប​ប្រទះ​នូវ​បញ្ហា​បម្រើសេវា​អ្នកជំងឺ និង​អ្នក​ឆ្លងទន្លេ​នេះ​ជា​ញឹកញាប់ ហើយ​ប្រជាពលរដ្ឋ តែងតែ​រិះគន់​​ជារឿយ​​ៗ​ផង​ដែរ​ថា ​សូ​ម្បី​តែ​ពាក្យ​សម្តី ​ក៏​មានការ​អសុ​រោះ​​​ម​កលើ​អ្នកជំងឺ​​ដែរ ហេតុនេះ​ហើយ​សូម​ឱ្យ​​ប្រធាន​ពេទ្យ​ជួយ​ណែនាំ​ដល់​បុគ្គលិក​ពេទ្យ​ ដែល​បម្រើការងារ​ជូន​ប្រជាពលរដ្ឋ ។




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]