អង់គ្លេស៖ រឿងដ៏គួរឲ្យខ្លោចចិត្ដមួយបានកើតឡើងទៅលើ ក្មេងប្រុសម្នាក់ ដែលមានអាយុទើបតែជាង១ខួប ដោយក្មេងប្រុសនេះ ត្រូវបានបាត់បង់កែវភ្នែកម្ខាង។

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា កុមាររងគ្រោះរូបនេះ មានឈ្មោះថា Oscar Webb មានអាយុទើបតែ ១៨ខែ បានរត់លេងនៅ ក្នុងសួនច្បារ ខណៈពេលដែល ស្លាបយន្តហោះបញ្ជារមួយគ្រឿង បានឆាបយក ប្រស្រីភ្នែកខាងស្តាំរបស់គេ ធ្វើឲ្យរូបគេស្រែកយំ យ៉ាងឈឺផ្សាជាទីបំផុត ។

យ៉ាងណាមិញ អ្នកដែលលេងយន្តហោះបញ្ជារ និងបានធ្វើឲ្យកូនតូចត្រូវខ្វាក់ភ្នែកម្ខាងនោះ គឺជាបុរសម្នាក់ មានឈ្មោះថា Simon Evans ដែលត្រូវជាមិត្តភក្តិ របស់គ្រួសាររបស់ក្មេងតូចនេះ។ លោក Simon Evans ដែលជាអ្នកមានបទពិសោធច្រើន ក្នុងការលេងរបស់បញ្ជារបែបនេះ បានប្រាប់ឲ្យដឹងថា យន្តហោះបញ្ជារមួយគ្រឿងនោះ បានហោះនៅលើអាកាស បានរយៈពេល១នាទីមកហើយ តែនៅពេលដែលរូបគេ ធ្វើការចុះចតវាវិញ វាបានឆាបដើមឈើក្បែរនោះ​ រួចហើយក៏ បញ្ជារលែងបានតែម្តង ។ បន្ទាប់មក Simon Evans ក៏បានលឺមិត្តភក្តិ ស្រែកយ៉ាងខ្លាំង ខណៈដែលកូនតូចនោះ ស្រែកយំនៅលើដី និងមានឈាម ។

អ្នកស្រី Amy Roberts ដែលត្រូវជាម្តាយរបស់ក្មេងរងគ្រោះ បាននិយាយថា រូបគាត់កំពុងតែនៅលើ ឡានសង្គ្រោះបន្ទាន់ ដើម្បីយកកូនប្រុសតូច របស់គាត់ទៅកាន់មន្ទីរពេទ្យ ដែលស្ថិតនៅក្នុង ទីក្រុង Birmingham ហើយនៅពេលនោះ កូនប្រុសរបស់គាត់បានបើកភ្នែកឡើង ហើយក៏បានឃើញ ភ្នែកខាងស្តាំរបស់កូនគាត់ ត្រូវបានបំផ្លាញស្ទើរទាំងស្រុង ។ គាត់បាននិយាយបន្តទៀតថា “អ្វីដែលខ្ញុំបានឃើញ គឺនៅតែដក់ជាប់នឹងភ្នែករបស់ខ្ញុំ ហើយវាជាហេតុការណ៍ ដ៏អាក្រក់បំផុត ដែលខ្ញុំធ្លាប់បានឃើញ ។ ខ្ញុំបានសង្ឃឹម និងបន់ស្រន់យ៉ាងខ្លាំងថា អ្វីដែលខ្ញុំបានឃើញនោះ គឺមិនមែនជាការពិតនោះទេ។"

យ៉ាងណាមិញ ទោះបីជាក្រុមវេជ្ជបណ្ឌិត បានខិតខំប្រឹងប្រែងជួយសង្គ្រោះ កែវភ្នែករបស់កូនតូចនេះ ក៏ដោយ ក៏ពួកគាត់មិន អាចធ្វើឲ្យភ្នែករបស់ Oscar Webb ដែលបានបាត់បង់ទៅហើយនោះ វិលមករកសភាព ដូចដើមនោះទេ ហើយក្រុមគ្រូពេទ្យ ក៏បានសម្រេចចិត្ត យកភ្នែករបស់ក្មេងតូច ដែលត្រូវរបួសនោះចេញ ហើយរងចាំការវះកាត់បន្តទៀត មុននឹងអាចដាក់ភ្នែកសិប្បនិម្មិត ឲ្យរូបគេបាន ៕

ប្រភព៖ Dailymail

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]