ឥណ្ឌា៖ ស្រ្តីជនជាតិឥណ្ឌាម្នាក់ មានឈ្មោះថា Minati Mondal អាយុ ៥១ឆ្នាំ បានធ្វើឲ្យ វេជ្ជបណ្ឌិតម្នាក់ មានការភ្ញាក់ផ្អើល យ៉ាងខ្លាំង ដោយសារតែនាង ចេះតែត្អូញត្អែរ ឈឺពោះ និងឆ្អល់ចុងដង្ហើម រហូតដល់ចុងក្រោយ វេជ្ជបណ្ឌិតក៏ពិនិត្យឃើញ ដុំគ្រួសតូចៗ ប្រមាណជា ១១,៩៥០ដុំ នៅក្នុងខ្លួនរបស់នាង។


ដុំគ្រួសតូចៗ ចំនួន ១១,៩៥០ដុំ នៅក្នុងខ្លួន អ្នកស្រី Minati Mondal 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា អ្នកស្រី Mondal បានទទួលរង ការឈឺក្រពះ និងឆ្អល់ចុងដង្ហើមនេះ អស់រយៈពេល ២ខែមកហើយ។

កាលពី២សប្តាហ៍មុន អ្នកស្រីបានសម្រេចចិត្ត ទៅកាន់មនី្ទរពេទ្យ Debdoot Sevayan Hospital ដែលស្ថិតក្នុងទីក្រុង Kolkata រដ្ឋ West Bengal ប្រទេសឥណ្ឌា ដើម្បីឲ្យគ្រូពេទ្យពិនិត្យ។ ជាលទ្ធផល ក្រោយពីពិនិត្យ ធ្វើតេស្ត និងឆ្លុះអេកូរួច វេជ្ជបណ្ឌិតនៅមន្ទីរពេទ្យនោះ ក៏បានរកឃើញថា អ្នកស្រីទទួលរង ជំងឺគ្រួសក្នុងប្រម៉ាត់ ធ្ងន់ធ្ងរ។


អ្នកស្រី Minati Mondal

គួរបញ្ជាក់ផងដែរថា ដុំគ្រួសតូចៗទាំងនោះ គឺកកើតឡើងពី ជាតិកូឡេស្តេរ៉ុល និងអំបិល ដែលនៅក្នុង ថង់ទឹកប្រម៉ាត់ ស្ថិតនៅក្រោមថ្លើម ដែលផ្ទុកទឹកប្រម៉ាត់។

លោកវេជ្ជបណ្ឌិត Makhan Lala Saha ដែលជាអ្នកជំនាញ ផ្នែកវះកាត់ ក្រពះ-ពោះវៀន នៅឯមន្ទីរពេទ្យខាងលើ បាននិយាយថា «ខ្ញុំពិតជាភ្ញាក់ផ្អើល យ៉ាងខ្លាំង ពេលបានឃើញ ដុំគ្រួសតូចៗ យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលយើងបាន យកចេញ ពីថង់ទឹកប្រម៉ាត់ របស់អ្នកជំងឺ។ ខ្ញុំមិននឹកស្មានសោះថា ថង់ទឹកប្រម៉ាត់ អាចផ្ទុកដុំគ្រួស បានច្រើន ដល់ថ្នាក់នេះ។ យើងចំណាយពេលអស់ ៥០នាទី ដើម្បីយកវាចេញ ពីក្នុងខ្លួនអ្នកជំងឺ។ ជំនួយការរបស់ខ្ញុំ ក៏បានចំណាយពេល អស់ ៤ម៉ោងទៀត ដើម្បីរាប់ចំនួន ដុំគ្រួសតូចៗ ដែលមានទំហំ ចន្លោះពី ២មីលីម៉ែត្រ ដល់ ៥មីលីម៉ែត្រ ទាំងនោះ»។


លោកវេជ្ជបណ្ឌិត Makhan Lala Saha

លោកវេជ្ជបណ្ឌិត Saha បានបន្ថែមទៀតថា «កាលពី ២ខែមុន ខ្ញុំបានវះកាត់ ឲ្យក្មេងស្រីម្នាក់ ដោយក្នុងខ្លួននាង មានដុំគ្រួស ចំនួន ១,១១០ដុំ។ កាលពីឆ្នាំ ១៩៨៣ វេជ្ជបណ្ឌិត ជនជាតិអង់គ្លេស បានវះកាត់ យកដុំគ្រួស ចំនួន ៣,១១០ដុំ ចេញពីថង់ទឹកប្រម៉ាត់ អ្នកជំងឺជនជាតិអាឡឺម៉ង់ម្នាក់»៕

ប្រភព ៖ បរទេស

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]