ចិន៖ ក្រោយពីបានឃើញ ឃាតករ ៥នាក់ សម្លាប់ស្វាមីខ្លួន ដោយផ្ទាល់ភ្នែកកាលពីឆ្នាំ ១៩៩៨ ស្ត្រីមេម៉ាយម្នាក់ បាន ចំណាយពេលជាង ១៧ឆ្នាំ ស្វែងរកភស្តុតាងគ្រប់គ្រាន់ ប្តឹងប៉ូលិសឲ្យ ចាប់ក្រុមឃាតករ បានចំនួន ៤ នាក់ ក្នុង ចំណោមឃាតករ ទាំង៥នាក់ ដាក់គុកលើ បទល្មើសឃាតកម្មដោយចេតនា ។ 


អ្នកស្រី Li វ័យ៥៤ឆ្នាំ

តាមប្រភពព័ត៌មានបានឲ្យដឹងថា រឿងហេតុដ៏សោកសង្រេងមួយបានកើតឡើង ក្នុងគ្រួសារ របស់ អ្នកស្រី Li វ័យ ៥៨ឆ្នាំ ក្នុងឆ្នាំ១៩៩៨ ដែលកាលនោះ អ្នកស្រី Li និង ស្វាមីរបស់គាត់ លោក Qi Yuande រួមជាមួយ កូនៗចំនួន៥នាក់ ទៀត រស់នៅមានក្តីសុខរីករាយក្នុងទីក្រុង Xiancheng ខេត្តហៃណាន ប្រទេសចិន។

ប៉ុន្តែ ក្រោយមកក៏មាន រឿងអាក្រក់ក៏កើតមានឡើងក្នុងគ្រួសារអ្នកស្រី ដោយសារតែ គ្រួសាររបស់អ្នកស្រី Li មានទំនាក់ទំនងល្អក់ កករ និងឈ្លោះគ្នា ជាមួយអ្នកជិតខាងម្នាក់ ឈ្មោះ Qi Xueshan ហើយក្រោយមក អ្នកជិតខាងឈ្មោះ Qi Xueshan បានអញ្ជើញ អ្នកស្រី Li និង ស្វាមី មកផ្ទះរបស់គេ ដើម្បីធ្វើការសម្របសម្រួលគ្នា និង មិនចាំបាច់ប្តឹង​ផ្តល់គ្នាឡើងទៅ អាជ្ញាធរក្នុងតំបន់នោះទេ  ប៉ុន្តែអ្វីមិននឹកស្មាននោះ អ្នកស្រី Li និង ស្វាមី ក៏ ត្រូវបាន សាច់ញាតិ លោក Qi Xueshan  វាយប្រហារ​ ក្នុងផ្ទះនោះតែម្តង ។

អ្នកស្រី Li បាននិយាយថា រូបគាត់ត្រូវបានសាច់ញាតិលោក Qi Xueshan  ដែលមានគ្នាចំនួន ៤នាក់ផ្សេងទៀត បាន ទាញយក កាំបិត និង បុ័ងតោ បម្រុងចាក់សម្លាប់គាត់ ប៉ុន្តែ ប្តីរបស់គាត់ក៏ចូលមកជួយ រូបគាត់ ហើយ ប្តីរបស់គាត់ ក៏ត្រូវឃាតករទាំងនោះសម្លាប់ នៅចំពោះមុខគាត់តែម្តង ។ អ្នកស្រី Li ប្រាប់បន្តថា គាត់ក៏បាន រងរបួសផងដែរនោះ ក្នុងហេតុការណ៍នោះ ប៉ុន្តែសំណាងល្អ គាត់ក៏បានរត់គេចរួចខ្លួន ហើយគាត់បន្តថា ឃាតករទាំង ៥នាក់ បានរត់គេចខ្លួន និង ចាកចេញពីទីក្រុង ក្រោយពីសម្លាប់ប្តីរបស់គាត់  ។


ក្រុមគ្រួសារអ្នកស្រី កាលពីមិនទាន់កើតហេតុការណ៍នេះ

ក្រោយមក អ្នកស្រី Li ក៏បានទៅប្តឹងប៉ូលីស ដើម្បីតាមចាប់ឃាតករទាំង៥នាក់នេះ ប៉ុន្តែដោយនៅកន្លែង កើត ហេតុគ្មាននរណាធ្វើជាសាក្សី និង គ្មានភស្តុតាងរបស់ជនដៃដល់ បន្សល់ទុកទៀត ។  ប៉ូលីសក៏បានប្រាប់ អ្នកស្រី Li ថាប៉ូលីស នឹងមិនបន្តស្វែងរកឃាតករ ទៀតនោះទេ ពីព្រោះ អ្នកស្រី Li គ្មានភស្តុតាងជាក់លាក់ ណាមួយ​ដើម្បីបញ្ជាក់ ឲ្យប៉ូលីសដឹង ដើម្បីចាប់ជនសង្ស័យជាឃាតករ ទាំង៥នាក់ តាមការអះអាងរបស់ អ្នកស្រីនោះទេ ។

ទោះបីជាយ៉ាងណា អ្នកស្រី Li ដ៏មានចិត្តក្លាហានរូបនេះ មិនបោះបង់ចោលគំនិត ស្វែងរក ឃាតករ ទាំង៥នាក់ នោះឡើយ ដោយអ្នកស្រី បានចំណាយពេល និង គ្រប់វិធីសាស្ត្រ ដើម្បីស្វែងរកភស្តុតាង និងសាក្សីនានា ដើម្បី តាមចាប់ឃាតករទាំង ៥នាក់ ដោយជាប់មិនដាច់ក្នុងរយៈពេល ១៧ឆ្នាំចុងក្រោយកន្លងទៅនេះ ។ ក្នុងនោះ អ្នកស្រី Li បានធ្វើដំណើរទៅកាន់ ១០ខេត្ត ក្នុងប្រទេសចិន ដើម្បីស្វែងរកឃាតករទាំង ៥នាក់នេះ ។ មនុស្សដែល ស្គាល់ អ្នកស្រី Li ជាច្រើនបាន ហៅអ្នកស្រីថា ជាមនុស្សរោគចិត្ត ដែលធ្វើរឿងបែបនេះអីចឹង ប៉ុន្តែ អ្នកស្រី Li មិនខ្វល់ សំដីនរណា នោះទេ ដោយគាត់នៅតែបន្តតាមស្វែង ភស្តុតាងដើម្បីចាប់ឃាតករ ទាំង​៥នាក់នេះ ដដែល។

ក្រោយមកនៅឆ្នាំ ២០១១ អ្នកស្រី Li បានស្គាល់លេខទូរសព្ទរបស់ឃាតករម្នាក់ ហើយក៏បានដឹងពី អាស័យដ្ឋាន របស់ ឃាតករនោះ រស់នៅក្នុងទីក្រុងប៉េកាំង និង ប្តឹងប៉ូលីសឲ្យឃាត់ខ្លួន ឃាតកររូបនេះ។ ជាង បួនឆ្នាំក្រោយ មក តាមរយៈព័ត៌មាន អ្នកស្រី Li ទទួលបានពី ឃាតករដំបូងដែល គាត់ស្វែងរកឃើញនោះ គាត់ក៏អាចប្តឹង ប៉ូលីស ដើម្បីធ្វើការឃាត់ខ្លួន បានឃាតករ ចំនួន ៣នាក់ផ្សេងទៀត និង នាំពួកគេទាំង៣នាក់ មកកាត់ទោសតាម ផ្លូវច្បាប់ផងដែរ ។ ដោយផ្អែកលើ ភស្តុតាង និង សាក្សី ជាច្រើន ជនជាប់ចោទទាំង​៤នាក់ ត្រូវបាន​តុលាការ កាត់ទោសឲ្យជាប់ពន្ធនាគារ ពី បទឧក្រិដ្ឋ ករណីឃាតកម្មដោយចេតនាមានគម្រោងទុកជាមុន ។

ទោះបីជា ការខិតខំស្វែងរកជនល្មើសដែលសម្លាប់ប្តីបានសម្រេចបែបនេះក្តី  ចំពោះ អ្នកស្រី Li បែរជានិយាយថា គាត់មិន ជោគជ័យលើរឿងនេះទេ ពីព្រោះ គាត់មិនបានចំណាយពេលច្រើន ដើម្បីថែរក្សាកូនៗ របស់គាត់ឲ្យបាន ដិតដល់ ក្នុងនាមជាអ្នកម្តាយមួយរូប ។ តែយ៉ាងណាមិញ អ្នកស្រី Li លើកឡើងថា គាត់នៅតែ បន្តឆន្ទៈរបស់គាត់ និង ស្វែងរក ឃាតករចុងក្រោយ មកទទួលទោសកំហុស ដែលសម្លាប់ប្តីគាត់ ទាល់តែឃើញ ៕



អ្នកស្រី Li និង កូនប្រុសស្រី

ប្រភព oddity | Dailymail

ដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]