សឹង្ហបុរី៖ នារីអាកាសចរម្នាក់ បានស្លាប់ ក្រោយពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីត្រូវជនដៃដល់ ដែលជាមិត្តប្រុសចាក់សម្លាប់ ក្រោយពេលមាន ជម្លោះជាមួយគ្នារួចមក។


រូបភាពនារីរងគ្រោះ

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមប៉ូលីសបានទទួលទូរស័ព្ទសុំជំនួយពី អាគារមួយកន្លែង នៅក្នុង តំបន់ Blk 268B Boon Lay Drive នៃប្រទេសសឹង្ហបុរី ប្រហែលជាល្ងាច ម៉ោង៨ កាលពីថ្ងៃព្រហស្បតិ កន្លងទៅ នេះ។ ក្រោយពេលក្រុមប៉ូលីស ទៅដល់ ក៏ឃើញនារីម្នាក់ ដែលគេស្គាល់ថាឈ្មោះ Soh Yuan Lin អាយុ ២៣ឆ្នាំ ជានារីអាកាសចរ បានដេកស្តូកស្តឹងមិនកម្រើក នៅនឹងកន្លែងកើតហេតុ ក្នុងអាគារនោះបាត់ទៅហើយ។

ក្រោយមក នាងក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Ng Teng Fong General Hospital តែម្តង ប៉ុន្តែជាអកុសល នាងបានស្លាប់​នៅ ក្នុងថ្ងៃដដែលនោះ នៅម៉ោង ១១និង១៤នាទីយប់។ នៅក្នុងរឿងនេះផងដែរ មិត្តប្រុសរបស់នាង ឈ្មោះថា Neo Chun Zheng អាយុ ២៦ឆ្នាំ ក៏ត្រូវបានចាប់ខ្លួន ដោយជាប់សង្ស័យ ទាក់ទងជាមួយ អំពើឃាតកម្មនេះ។

បើតាមសម្តីអ្នកជិតខាងបានឲ្យដឹងថា កាលពីយប់នោះ គេបានលឺសម្លេងឈ្លោះប្រកែកគ្នាខ្លាំងៗ រវាង មនុស្សប្រុស និងមនុស្សស្រី ចេញពីអាគារ ហើយគេក៏បានលឺ សម្លេងម្តាយរបស់ជនសង្ស័យ ស្រែកសុំឲ្យ ពួកគេបញ្ឈប់ជម្លោះនោះថែមទៀតផង។ មិនតែប៉ុណ្ណោះ គេក៏បានលឺម្តាយ របស់ជនសង្ស័យសួរកូនរបស់ ខ្លួនដដែលៗថា៖ “ហេតុអីកូនកាន់កាំបិត? កូននឹងអាចជាប់គុក..

គួរបញ្ជាក់ថា នារីរងគ្រោះនោះ គឺបានបញ្ចប់ការសិក្សា នៅឯសាកលវិទ្យាល័យ University of Birmingham ហើយដោយសារតែនាង ជាមនុស្សរួសរាយរាក់ទាក់ ទើបនាងមានមិត្តភក្តិជាច្រើន។ បន្ទាប់ពីមានរឿង នេះកើតឡើង មិត្តភក្តិរបស់នាង ក៏បានផ្ញើរសារចូលរួមរំលែក ទុកជាច្រើនផងដែរ ខណៈដែល គ្រួសាររបស់នាង បដិសេធមិន ព្រមផ្តល់ពត៌មាន បន្ថែមនោះទេ៕





ប្រភព៖ បរទេស

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]