រៀងរាល់ថ្ងៃសុក្រ ខ្មែរឡូត នឹងធ្វើការដកស្រង់ ព័ត៌មានសំខាន់ៗ មួយចំនួន ពីប្រភពសារព័ត៌មាននានា អំពីដំណើរវិវឌ្ឍន៍នយោបាយ នៅក្នុងប្រទេសកម្ពុជា យកមកចែករំលែក ជូនដល់ប្រិយមិត្តបានជ្រាប ជាដំណឹង។ នៅក្នុងសប្តាហ៍នេះ មានប្រធានបទ គួរឲ្យចាប់អារម្មណ៍ ដែលនឹងមានខ្លឹមសារត្រួសៗ ដូចខាងក្រោម៖​



មន្ត្រី​ចាស់​របស់​បក្ស​កាន់ អំណាច​ចេញ​ទៅ​បើក​បក្ស​ថ្មី

មន្ត្រី​ចាស់​វស្សា និង​ជា​អតីត​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជា ចំរើន ប្រកាស​នៅ​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ថា នឹង​បើក​បក្ស​ថ្មី​ដែល​មាន​ឈ្មោះ​បណ្ដោះអាសន្ន​ថា "កម្ពុជា​សេរីភាព"។ ទោះ​យ៉ាង​ណា​ក្តី ទាំង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​នឹង​វត្តមាន​របស់​គណបក្ស​ថ្មី​នេះ​ទេ។ លោក ជា ចំរើន ថ្លែង​ឲ្យ​ដឹង​ថា គោលនយោបាយ​របស់​លោក​ផ្ដោត​សំខាន់​ទៅ​លើ​យុវជន និង​ការ​បង្កើត​ការងារ ការ​កែ​លម្អ​ប្រព័ន្ធ​យុត្តិធម៌​ទាក់ទង​នឹង​កសិករ ការ​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​ទៅ​ឲ្យ​កម្មករ​កម្មការិនី និង​ការ​ពង្រីក​ស្នាដៃ​ពាណិជ្ជករ។ លោក ជា ចំរើន អះអាង​ថា គណបក្ស​របស់​លោក​នឹង​មាន​អនុ​ប្រធាន​ច្រើន​រូប ប៉ុន្តែ​លោក​មិន​ទាន់​បង្ហាញ​រចនា​សម្ព័ន្ធ​របស់​គណបក្ស​នេះ​នៅ​ឡើយ​ទេ៖ «ប្រព័ន្ធ​តុលាការ​សម្លាប់​មនុស្ស​ច្រើន​ណាស់ ហើយ​បើ​គណបក្ស​ខ្ញុំ​នឹង​បាន​សំឡេង​ឆ្នោត​នៅ​ឆ្នាំ​២០១៨ នឹង​លើកលែងទោស​ទាំង​អស់​ដែល​ជាប់​ទោស​ដោយ​អយុត្តិធម៌»។ ប្រភព៖ RFA

សភា​អឺរ៉ុប​ជំរុញ​ជាថ្មី​ដល់​កម្ពុជា​ឲ្យ​ទម្លាក់​បទ​ចោទ​ប្រឆាំង​​មន្ត្រី​និង​សកម្មជន​បក្ស​ប្រឆាំង

សភា​អឺរ៉ុប​ជំរុញ​សា​ជា​ថ្មី​ដល់​កម្ពុជា ឲ្យ​ទម្លាក់​បទ​ចោទ​ទាំង​អស់​ប្រឆាំង​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ សមាជិក​ព្រឹទ្ធសភា​បក្ស​ប្រឆាំង​លោក ហុង សុខហួរ និង​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​​ផ្សេង​ទៀត។ ការ​ជំរុញ​នេះ​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ប្រជុំ​ពេញ​អង្គ​របស់​សភា​អឺរ៉ុប នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា ដែល​បាន​អនុម័ត​នូវ​​សេចក្ដី​សម្រេច​សម្រាប់​កម្ពុជា ដោយ​សំឡេង​គាំទ្រ​ចំនួន ៥៦៧ បដិសេធ ២៧​សំឡេង និង​អនុប្បវាទ ៣៦។ ការ​ជំរុញ​របស់​សភា​អឺរ៉ុប​នៅ​ពេល​​នេះ គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​ការ​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ ដើម្បី​កាត់ទោស​សកម្មជន និង​អ្នក​នយោបាយ​បក្ស​ប្រឆាំង​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ភាព​ភ័យ​ខ្លាច និង​មិន​អាច​ធ្វើ​សកម្មភាព​នយោបាយ​របស់​ខ្លួន​ដោយ​សេរី។ លើស​ពី​នេះ​ទៀត សភា​អឺរ៉ុប​ក៏​អំពាវនាវ​ដល់​រដ្ឋាភិបាល​កម្ពុជា និង​បក្ស​ប្រឆាំង​ឲ្យ​ត្រឡប់​មក​រក​ការ​សន្ទនា​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​នយោបាយ​ផង​ដែរ។ កាល​ពី​ពេល​ថ្មីៗ​នេះ សមាជិក​សភា​អឺរ៉ុប ជិត ៥០​រូប បាន​ដាក់​ញត្តិ​អំពាវនាវ​ឲ្យ​រដ្ឋសភា​កម្ពុជា ផ្ដល់​អភ័យ​ឯកសិទ្ធិ​សភា​ដល់​លោក សម រង្ស៊ី និង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បញ្ឈប់​ការ​ធ្វើ​ទុក្ខបុកម្នេញ​លើ​សកម្មជន និង​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង ​ព្រម​ទាំង​ទម្លាក់​ចោល​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផង​ដែរ។ ប្រភព៖ RFA

ការកើនកម្តៅនយោបាយនៅកម្ពុជា ធ្វើឲ្យ UN កាន់តែបារម្ភ

លោកស្រី រ៉ូ​ណា ស្ម៊ី​ត អ្នករាយការណ៍​ពិសេស របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​សម្តែង​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ស្ថា​ការណ៍​នយោបាយ​នៅ​កម្ពុជា ដែល​កំពុងតែ​កើន​កម្តៅ​ខ្លាំងឡើងៗ ក្នុង​រយៈកាល​ចុងក្រោយ​នេះ។ នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​លោកស្រី ចុះ​នៅ​ថ្ងៃទី២៣ វិច្ឆិកា ។ លោកស្រី រ៉ូ​ណា ស្ម៊ី​ត បាន​អះអាង​ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា ភាព​តានតឹង​នេះ បាន​កើតឡើង​ចេញពី​ភាពមិន​ចុះសម្រុង​គ្នា​រវាង​គណបក្សធំៗទាំងពីរ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ។ បញ្ហា ដែល​លោកស្រី​លើកឡើង​នោះ​គឺ ការប្រើ​អំពើហិង្សា​ដោយ​ការវាយដំ​ដ៏​ធ្ងន់​ធ្ងន់​លើ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពីររូប គឺ​លោក គង់ សភា និង​លោក ញ៉យ ចំរើន នៅក្បែរ​វិមាន​រដ្ឋសភា កាលពី​ថ្ងៃទី២៦តុលា និង​ការបោះឆ្នោត​ទម្លាក់​លោក កឹម សុខា អនុប្រធាន​បក្សប្រឆាំង​ពី​តំណែង​អនុប្រធាន​ទី១នៃ​រដ្ឋសភា ពី​សំណាក់​តំណាងរាស្ត្រ​ពី​បក្ស​កាន់អំណាច កាលពី​ថ្ងៃទី៣០តុលា។ លោក ស្រីសង្កត់ធ្ងន់ៗយ៉ាងនេះ​ថា៖ «ស្ថានភាព​នយោបាយ​ដ៏​ក្តៅគគុក​ទាំងនេះហើយ ដែល​នាំ​ឲ្យ​កម្ពុជា​ប្រឈម​នឹង​អស្ថិរភាព​នយោបាយ និង​អាច​ជួប​គ្រោះថ្នាក់​ផ្នែក​សន្តិសុខ នៅពេល​ខាងមុខ»។ ប្រភព៖ ថ្មីៗ

ម្ចាស់​សំបុត្រកំណើត​អះអាងថា អាជ្ញាធរ​ជា​អ្នកសរសេរ​ខុស​

ម្ចាស់​សំបុត្រកំណើត​នៅ​ខេត្តស្វាយរៀង បាន​អះអាងថា អាជ្ញាធរ​ពិតជា​សរសេរថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​មែន​។​ការអះអាង​របស់​ម្ចាស់​សំបុត្រកំណើត​នេះ​ធ្វើឡើង ខណៈដែល​សកម្ម​ជនគ​ណ​បក្ស​សង្គ្រោះ​ជាតិ​ពីររូប កំពុង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តស្វាយរៀង ដោយ​ជាប់ចោទ​ពីបទ​ក្លែង​ឯកសារ​សំបុត្រកំណើត​។​ អ្នកស្រី ញ៉ែម ឈឿន ដែលជា​ម្ចាស់​សំបុត្រកំណើត អះអាងថា អាជ្ញាធរខេត្ត​ស្វាយរៀង ពិតជា​សរសេរ​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ពិតមែន​។​នេះ​ជាការ​បញ្ជាក់​របស់ លោក អ៊ូ ច័ន្ទ​ឫទ្ធិ ដែល​បាន​ឲ្យ​មន្ត្រី​ខ្លួន​នៅ​ខេត្តស្វាយរៀង ចុះ​ជួប​ម្ចាស់​សំបុត្រកំណើត​នោះ​។ បើតាម​មន្ត្រីជាន់ខ្ពស់​គណបក្ស​ស​ង្គ្រោះ​ជាតិ ម្ចាស់​សំបុត្រកំណើត​រូបនេះ ពិតជា​បាន​ទទួលស្គាល់ថា អាជ្ញាធរ​បាន​សរសេរ​ខេត្តស្វាយរៀង ប្រទេស​វៀតណាម នៅក្នុង​សំបុត្រកំណើត​ខ្លួន​តាំងពី​ឆ្នាំ​២០០៤​មក ដោយ​ពុំមាន​អ្នកណាម្នាក់​យកទៅ​សរសេរ​បន្ថែម ដើម្បី​ក្លែង​ឯកសារ​នោះទេ​។​ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ម្ចាស់​សំបុត្រកំណើត​បាន​ប្រាប់​ក្រុមការងារ​គណបក្ស​ដែល​ចុះ​ជួប​ថា អាជ្ញាធរ​ជា​អ្នក​សរសេរថា​ខេត្តស្វាយរៀង ប្រទេស​វៀតណាម​ពិតមែន​។​ហើយ​ម្ចាស់​សំបុត្រ​ទទួលស្គាល់ថា​មិនមាន​អ្នកយក​សំបុត្រកំណើត​គាត់​ទៅ​សរសេរ​បន្ថែម​នោះទេ​។​ហើយ​យើង​កំពុង​ទាក់ទង​ឲ្យ​គាត់​ធ្វើ​សាក្សី ប៉ុន្ដែ​មិនដឹងថា​គាត់​ហ៊ាន​ធ្វើ​ឫ​អត់​ទេ​»​។​ ប្រភព៖ ថ្មីៗ

អ្នកស្រាវជ្រាវនយោបាយថា កម្ពុជាគួររឹតចំណង សម្ព័ន្ធភាពយុទ្ធសាស្ត្រ ជាមួយរុស្ស៊ី​

ក្នុងដំណើរទស្សនកិច្ចនោះ ភាគីកម្ពុជា និង រុស្ស៊ី ចុះហត្ថលេខា​លើ​ឯកសារ​មួយចំនួន រូមមានទី១ កិច្ចព្រមព្រៀង​ស្តីពី​ការផ្លាស់ប្តូរ​ព័ត៌មាន​សម្អាត​ប្រាក់​និង​ហិ​រញ្ញ​ប្បទានភេរវកម្ម រវាង​អង្គភាព​ស៊ើបការណ៍​ហិរញ្ញវត្ថុ​កម្ពុជា​និង​អង្គភាព​ត្រួតពិនិត្យ​ហិរញ្ញវត្ថុ​រុស្ស៊ី ទី​២​កិច្ចព្រម ព្រៀង​សហប្រតិបត្តិការ​និង​កិច្ចព្រមព្រៀង​បំពេញបន្ថែម​រវាង​ទីភ្នាក់ងារ​សារព័ត៌មាន​កម្ពុជា​និង​ភ្នាក់ងារ​សារព័ត៌មាន SPUTNIK ទី​៣ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​វិទ្យុជាតិ​និង​ទីភ្នាក់ងារ​សារព័ត៌មាន SPUTNIK ទី​៤ កិច្ចព្រមព្រៀង​សហការ​និង​សហប្រតិបត្តិការ​រវាង​គណបក្ស​ប្រជាជន​និង​គណបក្ស​រួបរួម​រុស្សី និង ទី​៥ អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ក្រុមប្រឹក្សា​អភិវឌ្ឍ​កម្ពុជា និង​ក្រសួង​អភិវឌ្ឍ​សេដ្ធកិច្ច​សហព័ន្ធ រុស្ស៊ី ស្តី​ពី​ការសម្រួល​វិនិយោគទុន​។​ ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីរុស្ស៊ីនេះ លោក ឯម សុវណ្ណរ៉ា ចាត់ទុក ថា ជាដំណើរ ដែលប្រទេសទាំងពីរកំពុងត្រូវការគ្នា។ លោក​បន្ត​ថា៖កម្ពុជា​ក៏កំពុងចង់ជជែកជា មួយរុស្ស៊ីអំពីកម្ពុជា នៅខ្វះ ឬ ជំពាក់បំណុលរុស្ស៊ី១៥០០លាន រុស្ស៊ីកាត់បន្ថយ៧០% ទុកឲ្យកម្ពុជាសងតែ៣០% ហើយមួយទៀតគឺ រុស្ស៊ីត្រូវការសំឡេងកម្ពុជា ១សំឡេង នៅក្រមខណ្ឌអាស៊ាន ១សំឡេង ហើយនៅក្រមខណ្ឌអន្តរជាតិ ១ឡេងដែរ ប្រទេសធំប្រទេសតូចមួយសំឡេងដូចគ្នា។ ដូច្នេះសំឡេងកម្ពុជា ១សំឡេង ក៏អាចជួយគាំទ្ររុស្ស៊ី បានច្រើនដែរ ព្រោះរុស្ស៊ី មួយរយៈ ចុងក្រោយនេះ​ រងការហ៊ុំព័ទ្ធ ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីសហគមន៍អឺរ៉ុប និង សហរដ្ឋអាមេរិក។​ ប្រភព៖ VOD

លោក ហោ ណាំហុង បញ្ចេញ​ឯកសារចាស់ក្រោយពីមាន ការចោទថាលោកជាអតីតមេគុកបឹងត្របែក​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជាលោក ហោ ណាំហុង ព្យាយាមបង្ហាញឯកសារ​ចាស់ដែលមានរយៈ​ពេល​ជិត៤ឆ្នាំក្រោយពីលោករងការ​ចោទជាថ្មីទៀតថាមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលរូបនេះជា​អតីត​មេ​គុក​​​​បឹងត្របែក​សម័យ​ខ្មែរក្រហម។​ អ្នកនាំពាក្យ​ក្រសួងការ​បរទេសកម្ពុជាលោក ជុំ ស​ន្ទរី មាន​ប្រសាសន៍នៅថ្ងៃពុធ​នេះ​ថាមូលហេតុដែលក្រសួងការបរទេស​បញ្ចេញឯកសារ​ចាស់នេះ ឆ្លើយឆ្លងជាមួយរដ្ឋមន្ត្រីការបរទេសក្រុងវ៉ាស៊ីនតោនលោកស្រី ហីឡារី គ្លីនតុន កាលពីឆ្នាំ២០១១ ដោយ​សារ​នាពេលថ្មីៗនេះមានគេ​​ចោទប្រកាន់ថាលោក ហោ ណំាហុង ជាអតីត​មេ​គុក​បឹងត្របែក​សម័យ​ខ្មែរក្រហមខុស ពីការពិតធ្វើឲ្យ​ប៉ះពាល់ដល់អារម្មណ៍លោក ហោ ណាំហុង។ លោកបន្តថា៖ “គាត់លើកទ្បើងពីការឈឺចាប់របស់គាត់ ដែលទទួល​រងការចោទប្រកាន់ការមួលបង្កាច់ ថាគាត់ជាប្រធានជំរុំបឹងត្របែកក្នុងពេលដែលគាត់ជាអ្នកដែលជាប់គុក​នៅមន្ទីរបឹង​ត្របែកដូចជាអ្នកជាប់ឃុំផ្សេងទៀតដែរ ហើយព័ត៌មានដែលបញ្ចេញនៅពេលនេះ គឺឆ្លើយតបទៅហ្នឹងព័ត៌មានដែលលើក​ទ្បើង ​​ក្នុងរយៈពេល២-៣ថ្ងៃនេះ ដែរ ដោយសម្អាងលើព័ត៌មានរបស់វីគីលី ហើយធ្វើការចោទប្រកាន់ឯកឧត្តម ហោ ណាំហុង​ ​ជា​ប្រធានជំរុំបឹងត្របែកមកបញ្ចេញនៅពេលហ្នឹង ព្រោះវាផ្សារភ្ជាប់ហ្នឹងរឿងនឹង”។ ប្រភព៖ VOD

រៀបចំដោយ ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]