រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ជន​សង្ស័យ​ម្នាក់​ត្រូវ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាលខណ្ឌ​ទួល​គោក​សហការ​ជាមួយ​នគរ​បាល​ព្រហ្ម​ទណ្ឌ​ខណ្ឌ​ជ្រោយ​ចង្វារ​ផ្ទុះ​អា​វុធ​ជា​ច្រើ​ន​គ្រាប់​ដេញស្ទាក់​ចាប់​បាន​ ខណៈ​ពេល​ជន​សង្ស័យ​កំពុង​ព្យាយាម​ជិះ​ម៉ូតូ​ម៉ាក​PCX ពណ៌​ស​ ដែល​គាស់​ផ្ទះ​លួច​បាន​កាល​ពី​យប់​មិញ​គេច​ខ្លួន​។

ហេតុ​ការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ នៅ​ចំណុច​ស្ពាន​ព្រែក​ព្នៅ ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តា​សេក ខណ្ឌ​ជ្រោយ​ចង្វារ​។

ជន​សង្ស័យ​ឈ្មោះ​ស៊ុន ប៊ុន​ធឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​អ្នក​រត់​ម៉ូតូ​ឌុប​ ស្នាក់​នៅ​ផ្ទះ​ជួល​ សង្កាត់ផ្សារ​ចាស់ ខណ្ឌ​ដូន​ពេញ​ ចំណែក​ម្ចាស់​ម៉ូតូ​ឈ្មោះ​ប៉ូ សុវណ្ណ​ទី អាយុ​២៥​ឆ្នាំ មាន​លំនៅ​ផ្ទះ​លេខ​៣៥៥ ផ្លូវ​ម៉ៅ​សេ​ទុង សង្កាត់​ផ្សារ​ដេ​ប៉ូទី​២ ខណ្ឌ​ទួល​គោក​។ ម៉ូតូ​ដែលជន​សង្ស័យ​លួច​បាន​ម៉ាក PCX ពាក់​ស្លាក​លេខ​ភ្នំពេញ​១FG ៧៦៦៦។

ការ​ឈាន​ទៅ​បង្ក្រាប​បាន​ជន​សង្ស័យបាន​នេះ​ដោយសារ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ដាក់​ប្រព័ន្ធ​ GPS ។

ប្រភព​បាន​ឱ្យ​ដឹង​ថា កាល​ពី​យប់​ថ្ងៃ​ទី​២៦ វិច្ឆិកា ជន​សង្ស័យ ​និង​បក្ស​ពួក​៣នាក់​ទៀត​​បាន​ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះ​ខាង​លើ​យក​បាន​ម៉ូតូ​មួយ​គ្រឿង​យក​ទៅ​ទុក​នៅ​ម្តុំ​វត្ត​ទួល​សង្កែ ក្រោយ​មក​ម្ចាស់​ដឹង​ថា​បាត់​ម៉ូតូ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​សមត្ថ​កិច្ច​ឱ្យ​ស្រាវ​ជ្រាវ​រក​តាំង​ពី​ព្រឹក​រហូត​មក​ដល់​រសៀល​ថ្ងៃ​ទី​២៧ វិច្ឆិកា នេះ ទើបជន​សង្ស័យ​​ជិះ​ម៉ូតូ​ដែល​លួច​បានគេច​ខ្លួនតាម​ផ្លូវ​៥៩៨​​ ។

ពេល​ដឹង​ថា ជនសង្ស័យ​ជិះ​ម៉ូតូ​នៅ​តាម​ផ្លូវ​ខាងលើ សមត្ថ​កិច្ច​ក៏​ដេញ​តាម​​ និង​ប្រកាស​គ្រប់​គោល​ដៅ​ឱ្យ​ចាំ​ស្ទាក់​ ដោយ​ដេញ​រហូត​មក​ដល់​លើ​ស្ពាន​ព្រែក​ព្នៅ​ សមត្ថ​កិច្ចក៏​ផ្ទុះ​អាវុធ​ជា​ច្រើន​គ្រាប់​ធ្វើ​ឱ្យ​ជន​សង្ស័យ​ភ័យ​ស្លន់​ស្លោ​ផ្តួល​ម៉ូតូ​ចោល​​​ ហើយ​លោត​ពី​លើ​ស្ពាន​ព្រែក​ព្នៅ​ទៅ​ក្នុង​ទឹក​ក៏​ត្រូវ​សមត្ថ​កិច្ច​ចាប់​ខ្លួន​បាន​តែ​ម្តង​។

​ពេល​នេះ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​​តាម​ចាប់​បក្ស​ពួក​របស់​ជន​សង្ស័យ​បន្ត​ទៀត​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]