ជប៉ុន៖ កាលពីពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ចេញរបាយការណ៍មួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ទាក់ទងទៅនឹងផលប៉ះពាល់ ចំពោះសុខភាពដែលបណ្តាល មកពីការគេងថ្ងៃជាប្រចាំ ក៏ព្រោះតែទង្វើ មួយនេះត្រូវបានមនុស្ស មួយចំនួនចាត់ទុក ថាជាការធ្វើឲ្យមានផលល្អសម្រាប់សុខភាព តាំងពីដើមមក។

យោងតាមប្រភពរបាយការណ៍ របស់ក្រុមអ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យ តូក្យូ របស់ប្រទេស ជប៉ុន បានឲ្យដឹងថា ការគេងថ្ងៃជាប្រចាំ ចាប់ពីមួយម៉ោងឡើងទៅ អាចនឹងធ្វើឲ្យមនុស្ស ប្រឈមមុខនឹងការ កើនឡើនរឹតតែខ្ពស់ ក្នុងការឈានទៅរកជំងឺទឹកនោមផ្អែម រហូតដល់ទៅ៥០% ឯណោះ។

ក្នុងនោះដែរ អ្នកវិទ្យាសាស្ត្រក៏បានបញ្ជាក់ថា មនុស្សមួយចំនួន ប្រហែលជាគិតថា ការគេងថ្ងៃអាច ជួយឲ្យពួកគេមាន អារម្មណ៍ល្អនិងជាតម្រូវការមួយដ៏សំខាន់ ក៏ព្រោះតែពួកគេ ពិបាកគេងលក់នៅពេលយប់ ប៉ុន្តែផ្ទុយទៅវិញ ស្ថានភាពបែបនេះ គឺបាននាំឲ្យមានឱកាស ក្នុងការធ្វើឲ្យសរសៃឈាមក្រហម ដែលនៅព័ទ្ធជុំវិញបេះដូង មានការឡើងដុះផ្សិត ហើយវាក៏បណ្តាលឲ្យ មនុស្សកើតមានជំងឺបេះដូង, ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល និងជាពិសេសនោះ គឺជំងឺទឹកនោមផ្អែមតែម្តង។


ការគេងយូរ នាពេលថ្ងៃគឺមានផល អាក្រក់ខ្លាំងចំពោះសុខភាព របស់មនុស្ស

លោកវេជ្ជបណ្ឌិត Tomohide Yamada អ្នកដឹកនាំក្នុងការស្រាវជ្រាវមួយនេះ បាននិយាយថា “ការគេងថ្ងៃ ហួសប្រមាណ ឬក៏យូរពេក ពោលគឺចាប់ពីមួយម៉ោងឡើងទៅ អាចធ្វើឲ្យមនុស្ស កើតជំងឺទឹកនោមផ្អែមកម្រិតទី២។ លើសពីនេះទៀត ការគេងយូរនាពេលថ្ងៃ គឺមិនបានផ្តល់ភាព ស្រណុកសុខស្រួល ទាំងស្មារតី និងរាងកាយដល់មនុស្សឡើយ តែវាបែរជាអាចធ្វើឲ្យពួកគេមានអារម្មណ៍រងីរងើ វង្វេងស្មារតី និងអាចមានអារម្មណ៍ រឹតតែងងុយដេកខ្លាំងថែមទៀត រាល់ពេលដែលពួកគេ ភ្ញាក់ក្រោយពេលគេងយូរ នាពេលថ្ងៃរួចមក”។

លោកវេជ្ជបណ្ឌិត Yamada បានបន្ថែមទៀតថា “យ៉ាងណាមិញ ការគេងថ្ងៃក្នុងរយៈពេលខ្លី ដែលមានត្រឹម ១៥នាទី ទៅ៣០នាទី គឺមិនបង្កឲ្យមានគ្រោះថ្នាក់ដល់សុខភាពឡើយ តែវាក៏បានជួយឲ្យរាងកាយ និងស្មារតីរបស់យើងមានភាពរឹងម៉ាំ និងល្អប្រសើរជាងមុនផងដែរ ហើយកត្តាទាំងនេះក៏ត្រូវបានអ្នកវិទ្យាសាស្ត្រ និងឯកសារជាច្រើនធ្លាប់បានបញ្ជាក់នាពេលកន្លងមកហើយ”។

ទាំងនេះគឺជា ការដាស់តឿនថ្មីមួយទៀត ចំពោះអ្នកដែលចូលចិត្តគេងថ្ងៃ ហើយអ្វីដែលល្អនោះគឺ ការគេងក្នុងរយៈពេលខ្លី ពោលគឺត្រឹម១៥នាទី ទៅដល់៣០នាទីប៉ុណ្ណោះ ហើយបើលើសពីនេះ​ អ្នកអាចនឹងប្រឈមមុខ ចំពោះជំងឺកាចសាហាវៗ ជាច្រើន៕


ផលប៉ះពាល់ជាច្រើន ចំពោះសុខភាព នឹងកើតមាន ប្រសិនបើអ្នក គេងក្រោមកំដៅថ្ងៃ ក្នុងរយៈពេលយូរ

ប្រភព៖ Mirror

ដោយ៖ សុជាតិ

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]